បញ្ហាគោធ្លាក់ស្បូនសំដៅដល់ការធ្លាក់ស្បូនមួយផ្នែក ឬទាំងស្រុងមកខាងក្រៅ។ ការធ្លាក់ស្បូនត្រូវបានបែងចែកជា ២ ប្រភេទ គឺ ការលៀនផ្លូវរួមសង្វាស់ (Vaginal Prolapse) និង ការធ្លាក់ស្បូន (Uterine Prolapse)។ បញ្ហាលៀនផ្លូវរួមសង្វាស់ច្រើនកើតនៅពេលមេជិតដល់ថ្ងៃកើតកូន គឺនៅពេលដែលពោះរីកធំខ្លាំង។ ចំណែកឯការធ្លាក់ស្បូនទាំងស្រុងវិញច្រើនកើតឡើងភ្លាមៗបន្ទាប់ពីមេគោកើតកូនរួច ឬអាចច្រើនម៉ោងក្រោយកើតកូនរួច ហើយវាមានលក្ខណៈធ្ងន់ធ្ងរជាងដែលតម្រូវឱ្យមានការជួយសង្គ្រោះបន្ទាន់។

១. មូលហេតុ
- មេមានបញ្ហាពិបាកកើតកូន ឬបញ្ហាជាប់សុក
- ការជួយបង្កើតទាញកូនចេញដោយប្រើកម្លាំងទាញជ្រុលខ្លាំងពេក
- សត្វស្គមស្គាំង
- សត្វខ្វះជីវជាតិ ជាពិសេសខ្វះជាតិកាល់ស្យូមនៅក្នុងឈាម
- មេធាត់ពេក, មេចាស់ និងធ្លាប់មានកូនច្រើនដង, កូនភ្លោះ, និងតំណរពូជ (តែក្នុងករណីលៀនផ្លូវរួមសង្វាស់)។
២. វិធីព្យាបាល
គេអាចជួយសង្គ្រោះសត្វបានតាម ២ វីធី គឺ (១) ដោយការរុញស្បូនចូលវិញ និង (២) ដោយវះកាត់ស្បូនចេញ។ ការរុញស្បូនចូលវិញជាជម្រើសដែលច្រើនអនុវត្តទូទៅ រីឯវិធីដោយវះកាត់ត្រូវបានគេអនុវត្តតែក្នុងករណីស្បូនមានសភាពរបួស ដាច់រហែក និងចេញឈាមច្រើនដែលវិធីនេះត្រូវធ្វើដោយបសុពេទ្យជំនាញប៉ុណ្ណោះ។
២.១ វិធីព្យាបាលដោយរុញស្បូនចូលវិញ៖
- ដំបូង ត្រូវយកសត្វមកដាក់ក្នុងសាឡុងឱ្យបានត្រឹមត្រូវ និងត្រូវឱ្យសត្វនៅឈរ ទើបងាយអាចរុញស្បូនធ្លាក់ចូលវិញបាន។
- ចាក់ថ្នាំស្ពឹកនៅត្រង់ចំនុចគល់កន្ទុយ (Caudal Epidural Anesthesia) ដើម្បីបំបាត់ការឈឺចាប់នៅកំឡុងពេលសង្គ្រោះ។
- លាងសម្អាតស្បូនដែលធ្លាក់នោះ ដោយប្រើទឹកក្តៅឧណ្ណៗមានដាក់លាយសូលុយស្យុងសម្លាប់មេរោគ ឬក៏អាចប្រើទឹកដាំឆ្អិនប្រសិនបើមិនមានសូលុយស្យុងសម្លាប់មេរោគ។ បើមានជាប់សុក ត្រូវយកចេញ និងលាងសម្អាតកាកសំណល់ផ្សេងឱ្យអស់។
- បន្ទាប់មក ត្រូវរោយស្ករស ឬស្រោចទឹកលាយស្ករសនៅលើសាច់ស្បូននោះឱ្យបានច្រើន ពេញសព្វ ដើម្បីឱ្យសាច់ស្បូនបាត់ហើម និងមានទំហំរួមតូច ងាយរុញចូល។
- នៅពេលសាច់ស្បូនរួមតូចហើយ ត្រូវរុញវាចូលទៅទីតាំងដើមវិញ យឺតៗ បន្តិចម្តងៗ និងដោយប្រុងប្រយ័ត្ន។
- ក្រោយពីស្បូនចូលវិញបានល្អត្រឹមត្រូវហើយ អាចញាត់ថ្នាំអង់ទីប៊ីយ៉ូទិកដូចជា Amphoprim® ប្រភេទគ្រាប់ចូលចំនួន ២ គ្រាប់ មុននឹងដេរយោនី។ ត្រូវដេរយោនី 2-3 ថ្នេរ ដោយត្រូវទុកចន្លោះឱ្យសត្វអាចនោមបាន ប៉ុន្តែជាប់ល្អអាចទប់មិនឱ្យស្បូនធ្លាក់មកក្រៅវិញទៀត។ ជាទូទៅ គេអាចកាត់ខ្សែរថ្នេរនោះចេញប្រមាណ ១សប្តាហ៍ក្រោយ។

- ក្រោយពីដេររួចរាល់ ត្រូវចាក់ថ្នាំ Oxytocin ដើម្បីឱ្យសុកនិងកាកសំណល់នៅសេសសល់ចេញមកអស់បានលឿន និងមិនឱ្យហូរឈាម, ចាក់ថ្នាំប្រឆាំងរលាក ដូចជា Meifluxin (Flunixin meglumine), Phenylbutasone, ឬ Dexamethasone ជាដើម ប្រសិនបើស្បូនធ្លាក់ក្រៅយូរ ស្ងួត និងមានសញ្ញារលាក, ចាក់ថ្នាំអង់ទីប៊ីយ៉ូទិក ដូចជា Cyclosol (Oxytetracyclin), និងត្រូវផ្តល់វីតាមីនបន្ថែមដល់សត្វ ដូចជា ចាក់ថ្នាំ Catosal ដើម្បីជំនួយសុខភាពបន្តពូជ និងការពារមិនឱ្យសត្វអារ។
បញ្ហាគោធ្លាក់ស្បូនអាចធ្វើឱ្យសត្វស្លាប់បាន និងអាចពិបាកព្យាបាលដោយខ្លួនឯង ហើយជាញឹកញាប់ ត្រូវតាមបសុពេទ្យមកព្យាបាល។ ម្យ៉ាងទៀត មេគោដែលធ្លាប់ជួបបញ្ហាធ្លាក់ស្បូននេះហើយនឹងអាចជួបបញ្ហាក្ររកឈ្មោលឡើងវិញ ហើយអាចមានឱកាសធ្លាក់ស្បូនមកទៀតនៅពេលអនាគត ដូច្នេះម្ចាស់សត្វគួរពិចារណារលើមូលហេតុ នៃការធ្លាក់ស្បូន និងសម្រេចថាត្រូវរក្សាសត្វនោះទុក ឬត្រូវជម្រុះចេញជាការល្អ។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ