អូប៊ី ឡាយស្តុក

ជំងឺញ៉ូវកាសបក្សី៖ រោគសញ្ញា និងវិធានការការពារ

ជំងឺញ៉ូវកាសបក្សី ឬដង្កោកាច់បង្កដោយវីរុស avain paramyxovirus serotype 1 (APMV-1) ដែលមានលក្ខណៈឆ្លងរីករាលដាលលឿន, មានអត្រាស្លាប់ខ្ពស់, និងមិនមានថ្នាំព្យាបាលឡើយ។ ជំងឺនេះអាចកើតលើបក្សីច្រើនប្រភេទ ពិសេសសត្វមាន់ដែលធ្វើឱ្យហ្វូងសត្វឈឺស្លាប់បានយ៉ាងឆាប់រហ័សពី 60-100% និងស្លាប់ក្នុងចំនួនសត្វច្រើន។

ការចម្លង

  • ការប៉ះពាល់ផ្ទាល់រវាងសត្វ និងការស្រូបមេរោគចូលតាមផ្លូវដង្ហើម និងតាមការប៉ះពាល់លាមក
  • ឆ្លងតាមចំណី និងសម្ភារប្រើប្រាស់ដែលមានប្រឡូកប្រឡាក់មេរោគ ដូចជាទឹក ចំណី, សម្លៀកបំពាក់, ស្បែកជើង, រទេះ រថយន្ត, និងសម្ភារ ឧបករណ៍ប្រើប្រាស់ក្នុងកសិដ្ឋានដទៃផ្សេងទៀត
  • តាមចលនាបក្សីរស់ដែលមានជំងឺ និងចលនាមនុស្សចេញចូលកសិដ្ឋាន។

រោគសញ្ញា

  • រយៈពេលសង្ងំរបស់មេរោគ 2-15 ថ្ងៃ
  • ករណីជំងឺស្រួចស្រាវខ្លាំង សត្វអាចស្លាប់ភ្លាមៗដោយមិនបង្ហាញរោគសញ្ញា
  • មានត្រសុសរោម និងត្រដាងស្លាបនៅលើដី
  • អស់កម្លាំង និងមិនស៊ីចំណី
  • សញ្ញាប្រព័ន្ធដង្ហើម ដូចជា សូរក្រឹតៗ និងឮសូរដូចគេកាត់អ្វីប្រសិនផ្ទៀងស្តាប់, សត្វពិបាកដកដង្ហើម, ហៀរសំបោរ និងទឹកភ្នែក
  • សញ្ញាប្រព័ន្ធប្រសាទ ដូចជាញាក់សាច់, ថ្លោះសរសៃក, ខ្វិនជើងនិងស្លាប, ប្រកាច់, រមួលក និងជើង
  • ហើមក្បាល នៅជុំវិញភ្នែក
  • លាមកមានពណ៌ខៀវ
  • ស៊ុតធ្លាក់ចុះ និងជួនកាលចេញមកខូចទម្រង់ និងទ្រង់ទ្រាយ។

ការគ្រប់គ្រង និងការការពារជំងឺ

ជំងឺនេះបង្កដោយវីរុស មិនអាចព្យាបាលឱ្យជាដោយថ្នាំអង់ទីប៊ីយ៉ូទិកឡើយ។ ដូច្នេះ វិធានការជីវសុវត្ថិភាព ដោយការធ្វើអនាម័យជាប្រចាំ និងការធ្វើវ៉ាក់សាំងការពារជំងឺគឺជាមធ្យោបាយល្អប្រសើរបំផុតដើម្បីគ្រប់គ្រង និងការពារបក្សីពីជំងឺញ៉ូវកាស។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!