ជំងឺសារទឹក មានឈ្មោះជាភាសាអង់គ្លេសថា Haemorrhagic septicaemia (HS) គឺជាជំងឺដែលកើតឡើងញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ វាជាប្រភេទជំងឺផ្លូវដង្ហើមស្រួចស្រាវ ច្រើនកើតលើគោ-ក្របីវ័យក្មេង មានអត្រាចម្លងខ្ពស់ និងធ្វើឱ្យសត្វស្លាប់បានយ៉ាងឆាប់រហ័ស។ ជំងឺនេះកើតឡើងជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ហើយច្រើនកើតមាននៅតំបន់ទំនាប សើម ជោគជាំ ដក់ទឹក ពិសេសផ្ទុះឡើងនាដើមរដូវភ្លៀង។
ភ្នាក់ងារបង្កជំងឺ
- ជំងឺនេះបង្កឡើងដោយប្រភេទបាក់តេរីឈ្មោះ Pasteurella multocida ដែលជាបាក់តេរី coccobacillus ក្រាមបូក។ វាមានវត្តមានភាគច្រើនរស់នៅដើមក ឬបំពង់អាហារផ្នែកលើ។
- ប្រភេទសេរ៉ូមនៃបាក់តេរីនេះនៅអាស៊ីគឺប្រភេទ B:2 និងនៅអាហ្វ្រិក E:2 និងមានប្រភេទដែលត្រូវបានគេចាត់ថ្នាក់ថ្មីផ្សេងទៀតដូចជា 6:B និង 6:E។ ប្រភេទទាំងនេះត្រូវបានគេដឹងថាជាភ្នាក់ងារចម្បងបង្កឱ្យកើតជំងឺសារទឹក។
- ប្រភេទសេរ៉ូមផ្សេងទៀតមានដូចជា A:1 និង A:3 ត្រូវបានគេដឹងថាមានការទាក់ទិនទៅនឹងជំងឺដែលមានលក្ខណៈស្រដៀងទៅទឹកសារទឹកនេះដែរលើគោ-ក្របីនៅប្រទេសឥណ្ឌា ដែលវាបង្កឱ្យមានបញ្ហារលាកសួត និងបណ្តាលឱ្យសត្វស្លាប់។
ភាពធន់របស់មេរោគ
- សីតុណ្ហភាព៖ បាក់តេរី P. multocida ងាយនឹងងាប់នៅសីតុណ្ហភាពក្តៅនៅ 55 0C
- ថ្នាំសម្លាប់មេរោគ៖ បាក់តេរីនេះងាយនឹងងាប់ដោយសារថ្នាំសម្លាប់មេរោគស្ទើរគ្រប់ប្រភេទ។
- ការរស់រានមានជីវិត៖ ក្នុងកំឡុងរដូវវស្សានៅតំបន់អាស៊ីអាគ្នេយ៍ មេរោគអាចរស់បានជាច្រើនម៉ោង ឬទំនងអាចដល់ច្រើនថ្ងៃនៅក្នុងដីសើម និងទឹក។
អេពីឌីមីសាស្ត្រ
- ជំងឺសារទឹកជាជំងឺសំខាន់មួយ តែងកើតលើគោ-ក្របី និងត្រូវបានគេចាត់ទុកថាជាជំងឺស្រួចស្រាវ។ វាបង្កឱ្យមានការកើនឡើងជាតិពុលខ្ពស់ក្នុងឈាម មានអត្រាសត្វឈឺ និងស្លាប់ខ្ពស់។
- ក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ី ការផ្ទុះជំងឺសារទឹក ច្រើនកើតនៅកំឡុងរដូវវស្សា ដែលមានលក្ខណៈអាកាសធាតុក្ដៅហើយសើមខ្លាំង។
ម្ចាស់បញ្ញើរបស់មេរោគ
- គោ-ក្របី គឺជាម្ចាស់បញ្ញើ និងជាជម្រកចម្បងរបស់មេរោគ ហើយក្របីគឺជាសត្វដែលងាយឆ្លងជំងឺនេះខ្លាំងបំផុត។
- ទោះបីជាជំងឺសារទឹកត្រូវបានគេរាយការណ៍ថាមានកើតនៅលើសត្វចៀម ពពែ និងជ្រូកយ៉ាងណាក្ដី ក៏ជំងឺនេះមិនកើតលើសត្វទាំងនេះញឹកញាប់ឡើយ។ មានករណីកម្រខ្លះត្រូវបានគេរកឃើញកើតនៅលើសត្វក្តាន់ អូដ្ឋ ដំរី សេះ និងលា។
- មិនមានរបាយការណ៍ថាករណីជំងឺនេះកើតនៅលើមនុស្សឡើយ។
ការចម្លងរបស់មេរោគ
- បាក់តេរី P. multocida ត្រូវបានចម្លងពីសត្វមួយទៅសត្វមួយតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ និងតាមសម្ភារប្រើប្រាស់។
- គោ-ក្របីឆ្លងមេរោគនេះនៅពេលដែលពួកវាស៊ីចូល ឬដកដង្ហើមចូលនូវមេរោគ ដែលទំនងជាមានវត្តមានរស់នៅក្នុងដើមបំពង់ករបស់សត្វឈឺ។ នៅក្នុងតំបន់រាតត្បាតជំងឺ សត្វគោ-ក្របីរហូតដល់ ៥% អាចនឹងមានផ្ទុកជំងឺនេះ។
- ការរាតត្បាតជំងឺកើតឡើងខ្លាំងនៅកំឡុងរដូវធ្លាក់ភ្លៀង ហើយសត្វដែលមានសុខភាពខ្សោយងាយរងគ្រោះបំផុត។
- ស្ត្រេសបណ្តាលមកពីខ្វះចំណី នឹងធ្វើឱ្យសត្វកាន់តែងាយរងការឆ្លងជំងឺ ហើយបែបផែននៃការចិញ្ចឹមសត្វដោយបង្ខាំងទុកសត្វជាហ្វូងនៅកន្លែងដែលមានសើមជោគជាំនឹងធ្វើឱ្យការរីករាលដាលជំងឺកាន់តែខ្លាំង។
- បាក់តេរី P. multocida អាចរស់បានច្រើនម៉ោង ឬអាចច្រើនថ្ងៃក្នុងដីសើម ឬទឹក តែបន្ទាប់ពី២-៣សប្តាហ៍មក បាក់តេរីនេះនឹងងាប់។
ការធ្វើរោគវិនិច្ឆ័យតាមរយៈរោគសញ្ញាគ្លីនិក
- ជំងឺនេះមានលក្ខណៈស្រួចស្រាវខ្លាំងលើគោ-ក្របី និងបណ្តាលឱ្យសត្វស្លាប់យ៉ាងឆាប់រហ័ស។
- រោគសញ្ញាបឋមនៃជំងឺសារទឹក មានដូចជា គ្រុនក្ដៅខ្លាំង ស្ពឹកស្រពន់ និងរារែកក្នុងការធ្វើចលនា ឬធ្វើបម្លាស់ទី។
- សត្វមានហៀរទឹកមាត់ ចាប់ផ្តើមមានចេញឈាមតាមច្រមុះ និងមានសញ្ញាហើមនៅតំបន់បំពង់ក ដោយសារកំណកលើសនៃសារធាតុរាវ និងទឹក។ សញ្ញាទាំងនេះនឹងរីករាលដាលចុះក្រោមទៅតំបន់ក និងបួរ។

- សត្វលេបចូលភ្នាសដែលជាសារធាតុរាវ។
- សត្វមានអាការៈពិបាកដកដង្ហើម ហើយជាទូទៅសត្វឈឺនឹងដួលស្លាប់ក្នុងរយៈពេល ៦-២៤ម៉ោង ក្រោយពីចេញសញ្ញាពិបាកដកដង្ហើមនេះ។
- សត្វអាចស្លាប់ភ្លាមៗ ឬក៏អាចមានសញ្ញាអូសបន្លាយរហូតដល់ ៥ថ្ងៃ។ ករណីសត្វឈឺរាំរ៉ៃមិនកើតមានឡើយ។
- សត្វដែលមានចេញរោគសញ្ញាគ្លីនិក ឬរោគសញ្ញាខាងក្រៅហើយកម្រនឹងអាចរស់ណាស់ ជាពិសេសចំពោះសត្វក្របី។
- ជាទូទៅ សត្វក្របី ងាយកើតជំងឺនេះជាងគោ និងចេញរោគសញ្ញាជំងឺច្បាស់ និងមានលក្ខណៈធ្ងន់ធ្ងរជាង។
- ករណីសត្វស្លាប់ភាគច្រើនកើតឡើងគោ-ក្របី ក្មេង និងជំទង់។
- អត្រាស្លាប់អាចដល់ ១០០% ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលានៅដំណាក់កាលឆ្លងជំងឺដំបូងៗ។
ការការពារ និងការព្យាបាល
- វិធានការការពារដ៏មានប្រសិទ្ធភាពបំផុតគឺការចាក់ថ្នាំការពារជំងឺ ឬវ៉ាក់សាំង នៅតំបន់ណាដែលមានផ្ទុះជំងឺ ទៅតាមប្រតិទិនឱ្យបានរៀងរាល់៦ខែម្តង ឬ១ឆ្នាំម្តង ឬត្រូវអនុវត្តទៅតាមការណែនាំរបស់កម្មវិធីវ៉ាក់សាំង។ ជ្រើសរើសប្រភេទវ៉ាក់សាំងដែលអាចការពារសត្វពីជំងឺបានពី ៤-៦ខែ ឬរយៈពេល១ឆ្នាំ ទៅតាមស្ថានភាពកសិដ្ឋាននីមួយៗ និងគួរចាក់មុនរដូវធ្លាក់ភ្លៀង ។

- ការចៀសវាងការប្រមូលផ្តុំសត្វច្រើនៗ ពិសេសនៅរដូវធ្លាក់ភ្លៀងនឹងអាចជួយកាត់បន្ថយការកើតជំងឺសារទឹក។
- ក្នុងករណីមានសត្វឈឺ ត្រូវញែកសត្វឈឺចេញពីសត្វជា និងអនុវត្តវិធានជីវសុវត្ថិភាព។
- បសុពេទ្យអាចធ្វើការព្យាបាលសត្វឈឺបានដោយថ្នាំប្រឆាំងមេរោគ ក្រុមអង់ទីប៊ីយ៉ូទិក ដូចជា៖ Cyclosol 200 L.A. (oxytetracycline), Pendistrep L.A. (penicillin), Betamox L.A. (amoxicillin), cephalothin, ceftiofur, cefquinome, streptomycin, gentamicin, spectinomycin, florfenicol, sulfonamides, trimethoprim/sulfamethoxazole, erythromycin, tilmicosin, enrofloxacin (ឬពពួក floroquinolones), Amikacin និង norfloxacin ។
- ការព្យាបាលសត្វដោយអង់ទីប៊ីយ៉ូទិកអាចមានប្រសិទ្ធភាពទៅបាន លុះត្រាអ្នកបានព្យាបាលសត្វបានទាន់ពេលវេលា។ ត្រូវប្រើប្រាស់ថ្នាំឱ្យបានគ្រប់ចំនួនថ្ងៃទៅតាមការកំណត់របស់ឱសថ និងស្ថានភាពជំងឺជាក់ស្តែង ដើម្បីចៀសវាងបញ្ហាភាពស៊ាំថ្នាំប្រឆាំងមេរោគ។
- ចាក់ វីតាមីន AD3E ឬ Catosal ដើម្បីជំនួយឱ្យសត្វឆាប់ងើបពីឈឺបានរហ័ស។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ