ការប្រើប្រាស់បច្ចេកវិទ្យាបង្កាត់សិប្បនិម្មិតមានការពេញនិយមខ្លាំងទូទាំងពិភពលោក ដោយមូលហេតុថាបច្ចេកទេសនេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចិញ្ចឹមសត្វ។ ការបង្កាត់សិប្បនិម្មិតនេះគឺជាមធ្យាបាយដ៏ល្អបំផុតមួយ ដើម្បីជួយកែលម្អពូជគោនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
១. តើការបង្កាត់សិប្បនិម្មិតគឺជាអ្វី?
ការបង្កាត់សិប្បនិម្មិត គឺជាការបញ្ចូលស្ពែមទៅក្នុងស្បូនសត្វញីដោយមធ្យោបាយផ្សេងៗក្រៅពីមធ្យោបាយពាក់តាមធម្មជាតិ។ ការបង្កាត់សិប្បនិម្មិតគោ ជាការប្រើប្រាស់ឧបករណ៍បាញ់បញ្ចូលទឹកមេជីវិតឈ្មោល ទៅក្នុងតួស្បូនរបស់សត្វញីដោយមនុស្ស។
២. គុណសម្បត្តិ
- ជ្រើសរើសបាពូជល្អៗពីបរទេសតាមតម្រូវការ ដើម្បីទទួលបានកូនធំ ស្អាត ល្អ មិនជាន់ឈាម
- មិនបង្កគ្រោះថ្នាក់ដល់មេ និងបា ដូចជាបាក់ចង្កេះ ថ្លោះ គ្រេច ដោយសារការលោតឡើងពាក់
- មានភាពបត់បែន មិនចាំបាច់ដឹកមេ ឬបាទៅបង្កាត់
- បង្ការជំងឺឆ្លងតាមការបន្តពូជ។
៣. សញ្ញាគោរកឈ្មោល និងរកឈ្មោលស៊ុប
ជាប្រក្រតី មេគោរកឈ្មោលជាមធ្យមរៀងរាល់ ២១ថ្ងៃ ម្តង ហើយសញ្ញានៃការរកឈ្មោលមានដូចជា៖
- ឡើងពាក់គោដទៃ
- ស្រែករោទ៍ ឆ្លេឆ្លា នៅមិនស្ងៀម
- យោនីឡើងក្រហម និងរីកធំ
- មានចេញទឹករំអិលសថ្លា
- អន់ចំណី។ល។
ក្នុងរយៈពេលនេះមិនគួរបង្កាត់ឡើយ គឺត្រូវរង់ចាំឲ្យមេគោរកឈ្មោលស៊ុបជាមុនសិន។ គេអាចកំណត់ថាមេគោរកឈ្មោលស៊ុបបានដោយពិនិត្យរកមើលសញ្ញាតែមួយគត់គឺ សត្វនៅឈរនឹងស្ងៀម មិនគេច នៅពេលសត្វដទៃឡើងពាក់។
៤. ឧបករណ៍ និងសម្ភារ
ឧបករណ៍ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការបង្កាត់សិប្បនិម្មិតមានដូចជា៖
- ធុងនីត្រូសែនរក្សាស្ពែម
- បំពង់ទឹកមេជីវិតបង្កក ខ្នាត ០,២៥ mL ឬ ០,៥ mL
- កាំភ្លើងបង្កាត់
- ស្រោមកាំភ្លើងបង្កាត់ (Plastic Sheath)
- ស្រោមអនាម័យបង្កាត់ (Sanitary Sheath)
- ស្រោមដៃបង្កាត់ថង់ប្លាស្ទិក
- បំពង់ទឹកក្តៅ
- ទែម៉ូម៉ែត្រ
- ប្រេងរំអិល
- ដង្កៀប និងកន្ត្រៃ
- ក្រដាសជូតមាត់។
៥. បច្ចេកទេសបង្កាត់សិប្បនិម្មិត
៥.១ ជំហានទី១៖ ការរៀបចំសត្វ និងឧបករណ៍
- ក្រោយពីរៀបចំសត្វ និងឧបករណ៍បង្កាត់រួចរាល់ហើយ អ្នកបង្កាត់គួរម៉ាស្សាស្បូន និងត្បាល់លាមកជាមុនសិន។ ខណៈពេលម៉ាស្សា ត្រូវកំណត់ និងរកទីតាំងកស្បូនឱ្យឃើញដើម្បីស៊កកាំភ្លើងបង្កាត់។ ជាទូទៅ កស្បូនគោច្រើនងាកទៅខាងស្តាំបន្តិចដោយសារក្រពះពោះធំនៅផ្នែកខាងឆ្វេង ដូចនេះ ការប្រើដៃឆ្វេងចាប់កស្បូនមានលក្ខណៈងាយស្រួលជាង។
- បន្ទាប់មក ត្រូវមករៀបចំកាំភ្លើងបង្កាត់ និងស្ពែម។ លាយទឹកក្តៅឧណ្ហៗ ដោយប្រើទែម៉ូម៉ែត្រវាស់យកសីតុណ្ហភាពចន្លោះពី 35 – 37 0C។
- ប្រើដង្កៀបចាប់បំពង់ស្ពែមបង្កកចេញពីធុងនីត្រូសែន រួចទម្លាក់បំពង់ស្ពែមចូលក្នុងទឹកនោះភ្លាម ដោយទុកវា 30 – 45 វិនាទី។ កំឡុងពេលរង់ចាំនោះ អ្នកអាចបិទគម្របធុងឱ្យត្រឹមត្រូវ ដកយកកាំភ្លើងចេញមក និងត្រៀមសម្ភារផ្សេងៗ។
- ស្រង់បំពង់ស្ពែមចេញពីទឹក រួចជូតវាឱ្យអស់ទឹកដោយក្រដាសជូតមាត់ ដោយត្រូវកាន់ផ្នែកខាងគល់នៃបំពង់ស្ពែមដែលមានឆ្នុកកប្បាស។
- បញ្ចូលបំពង់ស្ពែមទៅក្នុងកាំភ្លើង កាត់ចុងស្ពែមទុកសល់ប្រហែល 1 cm ពីចុងកាំភ្លើង រួចដាក់ស្រោមកាំភ្លើងទាញចូលឱ្យបានកឹបល្អ ចៀសវាងកុំឱ្យសល់ចន្លោះប្រហោងនៅចុងស្រោម។ អ្នកអាចបាញ់បន្តិចដើម្បីប្រាកដថាអ្នកបានបញ្ចូលស្ពែមក្នុងកាំភ្លើងត្រឹមត្រូវ។ បន្ទាប់មក ដាក់ស្រោមអនាម័យបង្កាត់មួយជាន់ទៀតជាការស្រេចផ្នែករៀបចំឧបករណ៍និងស្ពែម និងឈានដល់ដំណាក់កាលបង្កាត់។

៥.២ ជំហានទី២៖ ការស៊កកាំភ្លើងបង្កាត់ និងចំនុចបាញ់ស្ពែម
- ពាក់ស្រោមដៃ និងលូកចាប់កស្បូនដែលបានរកឃើញកំឡុងពេលត្បាល់លាមក។
- ស៊កបញ្ចូលកាំភ្លើងថ្នមៗមុំ 450 ដើម្បីរំលងរន្ធបង្ហួរនោមចៀសវាងចូលទៅក្នុងប្លោកនោម និងត្រូវស្ទាបឱ្យដឹងពីទីតាំងចុងកាំភ្លើង។
- ក្នុងករណីមិនបានត្បាល់លាមកចេញមុនទេ ត្រូវលាបាតដៃ រួចរុញចូលតាមបាតពោះវៀនដោយឱ្យលាមករត់នៅលើខ្នងដៃ។
- ប្រសិនបើចលនាកន្ត្រាក់ពោះវៀនគាបដៃ ត្រូវផ្គុំម្រាមដៃចង្អុលនិងម្រាមកណ្តាល រួចរុញចូលតាមប្រលោះនៃចលនាកន្ត្រាក់ពោះវៀន រួចម៉ាស្សាទៅមុខថយក្រោយ។ ត្រូវចាប់ទាញកស្បូនរុញទៅមុខ ដើម្បីឱ្យស្បូនមានសភាពត្រង់វិញ ងាយក្នុងការស៊កកាំភ្លើងចូលផុតកស្បូន (Cervix)។ នៅពេលដល់កស្បូន អ្នកនឹងទទួលអារម្មណ៍មានសម្លេង ក្រឹកៗ។

- ប្រើកូនដៃ ឬនាងដៃជួយតម្រង់បញ្ចូលចុងកាំភ្លើង និងត្រូវបត់បែនកស្បូនទៅតាមកងកស្បូន និងទិសចុងកាំភ្លើង។

- ប្រើចង្អុលដៃចុចពីលើចុងកាំភ្លើងលើតួស្បូនឱ្យត្រូវទីតាំងតួស្បូន ដែលមានប្រវែងប្រមាណ 1 cm ផុតពីកស្បូន។
- បាញ់ស្ពែមយឺតៗនៅត្រង់ចំនុចតួស្បូននេះ ដើម្បីឱ្យរបាយស្ពែមសព្វល្អ
- ការបាញ់ស្ពែមត្រូវទីតាំងធ្វើឱ្យរបាយស្ពែមរត់ទៅដៃស្បូនទាំងសងខាងបានស្មើល្អ និងបង្កើនអត្រាបង្កាត់ជាប់។

៦. ពេលវេលាបង្កាត់សមស្រប
អ្នកបង្កាត់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងចំពោះពេលវេលា និងជ្រើសរើសពេលវេលាបង្កាត់ល្អបំផុតដើម្បីឱ្យបានអត្រាជាប់ខ្ពស់។ ជារឿយៗ ការកំណត់ថាមេរកឈ្មោលស៊ុបហើយឬនៅដើម្បីបង្កាត់នោះអាចជាឧបសគ្គមួយ ជាពិសេសនៅពេលដែលម្ចាស់មិនបានតាមដានសត្វរកឈ្មោលឱ្យបានច្បាស់ និងរាយការណ៍មកអ្នកបង្កាត់ឱ្យបានត្រឹមត្រូវ។ ពេលវេលាបង្កាត់ដែលសមស្រប គឺចន្លោះពី ១២-១៨ម៉ោង ក្រោយគោបង្ហាញសញ្ញារកឈ្មោលស៊ុប ដោយនៅពេលនោះសត្វបង្ហាញសញ្ញាឈរនឹង មិនរត់ចេញនៅពេលមានគោដទៃឡើងពាក់វា។ គេអាចអនុវត្តបានតាមគោលការណ៍ព្រឹក-ល្ងាច (AM/PM) មានន័យថា បើគោរកឈ្មោលស៊ុបនៅពេលព្រឹក ត្រូវបង្កាត់ពេលល្ងាច ហើយបើរកពេលល្ងាច ត្រូវបង្កាត់ពេលព្រឹកវិញ។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ