អូប៊ី ឡាយស្តុក

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមេគោឆាប់រកឈ្មោល?

អ្វីដែលអ្នកចិញ្ចឹមគោគ្រប់រូបចង់បានដូចគ្នានោះគឺមេគោដែលខ្លួនចិញ្ចឹមអាចផ្តល់កូនបាន ១ក្បាលក្នុងមួយឆ្នាំ។ ប៉ុន្តែក្នុងការចិញ្ចឹមជាក់ស្តែងក្នុងប្រទេសកម្ពុជាយើងហាក់ដូចជាពិបាកសម្រេចបានគោលដៅមួយនេះ ដោយសារសត្វភាគច្រើនមិនងាយរកឈ្មោលឡើងវិញលឿនតាមដែលចង់បានឡើយ។ មូលហេតុធំៗតែងកើតមានឡើងដែលធ្វើឱ្យសត្វមិនរកឈ្មោល ឬក្ររកឈ្មោលក្រោយកើតកូនហើយនោះគឺបណ្តាលមកពីកត្តាខ្វះចំណី និងកត្តាជាប់បំបៅដោះកូន។ កត្តាទាំង ២ នេះធ្វើឱ្យមានឥទ្ធិពលដល់ដំណើរការប្រក្រតីរបស់ប្រព័ន្ធបន្តពូជរបស់សត្វញី។

វិធីទាំង៥ខាងក្រោមនេះគឺជាដំណោះស្រាយខ្លះៗ ដើម្បីជួយឱ្យសត្វរបស់អ្នកឆាប់រកឈ្មោលបាន៖

១. ផ្តល់ចំណី និងចំណីបំប៉នគ្រប់គ្រាន់

បញ្ហាប្រឈមធំក្នុងការចិញ្ចឹមគោយកសាច់គឺសត្វមិនមានចំណីស៊ីបានគ្រប់គ្រាន់តាមតម្រូវការរបស់សត្វ។ នៅពេលសត្វខ្វះចំណី ឬស៊ីចំណីដែលមិនមានគុណភាពនឹងធ្វើឱ្យសត្វស្ត្រេស ផ្តល់ផលប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ដូចនេះហើយដំណោះស្រាយដំបូងដែលអ្នកចិញ្ចឹមត្រូវដោះស្រាយជាមុនសិន គឺការចាត់ចែងចំណីឱ្យបានត្រឹមត្រូវ ទាំងបរិមាណ គុណភាព និងរបៀបផ្តល់។ ត្រូវផ្តល់ចំណីស្មៅ ចំបើងជាតិសរសៃ និងចំណីបំប៉ន (ចំណីផ្សំ) ដែលមានប្រូតេអ៊ីន និងថាមពលគ្រប់គ្រាន់។ គួរផ្តល់ចំណីបំប៉នសម្រាប់មេគោ ដែលមានប្រូតេអ៊ីនយ៉ាងតិច ១៥,៥% និងថាមពលយ៉ាងតិច ២៧០០ kcal/kg។

២. ផ្តល់រ៉ែ និងវីតាមីនគ្រប់គ្រាន់

ទន្ទឹមនឹងការផ្តល់ចំណីបានគ្រប់គ្រាន់ហើយ អ្នកចិញ្ចឹមក៏ត្រូវមានការផ្តល់ជាសារធាតុរ៉ែ និងវីតាមីនបន្ថែមទៀតផងដែរ ដែលសារធាតុទាំងនេះអាចជួយដល់ប្រព័ន្ធបន្តពូជសត្វ។ ការផ្តល់រ៉ែ និងវីតាមីនមានភាពចាំបាច់ពីព្រោះសារធាតុរ៉ែ និងវីតាមីនមួយចំនួនមិនមានគ្រប់គ្រាន់នៅក្នុងចំណីធម្មតាសត្វស៊ីប្រចាំថ្ងៃឡើយ។ សារធាតុរ៉ែដែលគេនិយមប្រើប្រាស់សម្រាប់គោអាចមានទម្រង់ជាដុំរ៉ែលិឍ ឬជាម្សៅលាយក្នុងចំណីដែលមានរ៉ែនិងវីតាមីនចាំបាច់។ ក្នុងការអនុវត្ត គេច្រើនចាក់វីតាមីនបន្ថែម ហើយវីតាមីនដែលគេនិយមប្រើចាក់ជំនួយការរកឈ្មោលរបស់សត្វមានដូចជា វីតាមីន AD3E និងវីតាមីន E + Selenium ជាដើម។

៣. រក្សាលក្ខខណ្ឌពិន្ទុដងខ្លួនឱ្យល្អមុនពេលកើតកូន

នៅពេលផើម សត្វត្រូវការចំណីដែលមានជីវជាតិខ្ពស់ដើម្បីចិញ្ចឹមខ្លួនឯងផង និងកូនក្នុងពោះផង ហើយលើសពីនេះនៅពេលកើតកូនរួចហើយ មេក៏ត្រូវចិញ្ចឹមកូនដោយបំបៅដោះទៀត ដែលធ្វើឱ្យសត្វប្រឈមនឹងសភាពស្គមស្គាំង។ សភាពស្គមស្គាំង និងកូនបៅដោះនេះហើយដែលធ្វើឱ្យពន្យារពេលឬរាំងដល់ដំណើរការរកឈ្មោលឡើងវិញរបស់សត្វបានឆាប់។ សត្វធាត់ពេកមុនកើត ឬក្រោយកើតក៏មិនមានន័យថាសត្វនោះឆាប់រកឈ្មោលវិញឡើយ ព្រោះវាធ្វើឱ្យសត្វពិបាកកើត និងដំណើរការប្រក្រតីរបស់អ័រម៉ូនភេទ។ ដូចនេះហើយ សត្វត្រូវមានលក្ខខណ្ឌពិន្ទុដងខ្លួនល្មម ទាំងពេលត្រៀមកើតកូន និងក្រោយកើត ដោយនៅពេលជិតដល់ពេលកើតកូន ត្រូវរក្សាពិន្ទុដងខ្លួនសត្វឱ្យនៅចន្លោះ BCS = 3.5 ទៅ 4 (សត្វមានសាច់ មិនស្គមពេក ឬធាត់ពេក)។

៤. បំបែកកូនចេញពីមេឆាប់

ការបៅដោះរបស់កូនមានឥទ្ធិពលយ៉ាងខ្លាំងដល់ការរកឈ្មោលឡើងវិញរបស់មេ។ ដំណាក់កាលក្រោយមេគោកើតកូនរួច គឺជាដំណាក់កាលដែលមេត្រូវការសារធាតុចិញ្ចឹមខ្ពស់បំផុតដើម្បីចិញ្ចឹមខ្លួនឯងផង និងដើម្បីផលិតទឹកដោះដែលមានប្រូតេអ៊ីន ថាមពល និងជីវជាតិគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូនផង។ ការបៅដោះធ្វើឱ្យមេបញ្ចេញអ័រម៉ូន អង់ដូហ្វីន (Endorphins) ដែលវារារាំងការបញ្ចេញអ័រម៉ូន LH (អ័រម៉ូនធ្វើឱ្យស៊ុតទុំ) និងអ័រម៉ូនបន្តពូជផ្សេងៗទៀត ទើបសត្វមិនងាយរកឈ្មោលឡើងវិញ។

សម្រាប់ការចិញ្ចឹមទូទៅនៅកម្ពុជា គួរផ្តាច់ដោះនៅពេលកូនមានអាយុ ៥-៦ខែ ប៉ុន្តែសម្រាប់ការចិញ្ចឹមដែលមានការគ្រប់គ្រង ការថែទាំ និងបច្ចេកទេសល្អស្តង់ដារ គេអាចផ្តាច់ដោះមុននេះទៀតនៅពេលកូនមានអាយុត្រឹម ៤៥ថ្ងៃប៉ុណ្ណោះ។ ត្រូវបង្រៀនកូនគោឱ្យចេះស៊ីចំណីបំប៉នសម្រាប់កូនគោបណ្តើរៗ មុនផ្តាច់ដោះ ដើម្បីបន្ស៉ាំចំណី និងត្រូវមានផែនការផ្តល់ចំណីច្បាស់លាស់សម្រាប់កូនគោដែលផ្តាច់ដោះលឿន។ សរុបមក ការបំបែកកូន ឬផ្តាច់ដោះឆាប់នេះគឺជាមធ្យោបាយមានប្រសិទ្ធភាពមួយធ្វើឱ្យមេឆាប់រកឈ្មោលសារជាថ្មីឡើងវិញ។

៥. ប្រើអ័រម៉ូនជំរុញឱ្យរកឈ្មោល

ប្រសិនបើដំណោះស្រាយខាងពុំទាន់ទទួលបានលទ្ធផល វិធីដែលល្អនិងមានប្រសិទ្ធភាពមួយទៀតគឺការប្រើអ័រម៉ូនធ្វើឱ្យសត្វរកឈ្មោល ដូចជាការប្រើ CIDR, PG, និង GnRH។ គេអាចអនុវត្តទៅតាមប្រូតូកូលធ្វើឱ្យសត្វរកឈ្មោលក្នុងពេលតែមួយផ្សេងៗជាច្រើន ទៅតាមស្ថានភាពបច្ចេកទេស របស់បសុពេទ្យ ថវិកាចំណាយ និងតម្រូវការចាំបាច់របស់កសិដ្ឋាននីមួយៗ។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!