លក្ខណៈជំងឺ
- បូសខ្យល់ជាជំងឺកាចសាហាវ បង្កឡើងដោយបាក់តេរីឈ្មោះ Clostridium Chauvei ដែលជាបាក់តេរីក្រាមបូក, មានស្ព័រ, និងមិនត្រូវការខ្យល់។ វាមានភាពធន់នឹងកម្តៅ និងអាចរស់នៅបានយូរឆ្នាំក្នុងដី ៤-៥ឆ្នាំ ឬអាចរហូតដល់ ១១ឆ្នាំ។
- សត្វឆ្លងជំងឺតាមរយៈការលេបចូលស្ព័របាក់តេរីនេះនៅពេលស៊ីស្មៅ និងផឹកទឹក, និងឆ្លងតាមមុខរបួស។ បាក់តេរីឆ្លងកាត់ពោះវៀនចូលទៅក្នុងឈាម ហើយទៅរស់នៅបំផ្លាញក្នុងសាច់ដុំ។
- ជំងឺនេះច្រើនកើតលើសត្វវ័យក្មេងដែលមានអាយុពី ៦-២៤ខែ មានអត្រាស្លាប់ខ្ពស់ និងច្រើនកើតនៅរដូវធ្លាក់ភ្លៀង។ ប៉ុន្តែវាមិនមែនជាជំងឺរាតត្បាតឆ្លងពីសត្វមួយទៅមួយដោយផ្ទាល់ឡើយ។
- ជំងឺបូសខ្យល់អាចបណ្តាលឱ្យសត្វស្លាប់បានយ៉ាងឆាប់រហ័ស ត្រឹមរយៈពេល ១២-២៤ម៉ោង ដោយមិនមានចេញរោគសញ្ញាអ្វីសោះ ឬអាចក្រោយចេញរោគសញ្ញាដូចខាងក្រោម។
រោគសញ្ញា
- សត្វគ្រុនក្ដៅ អន់ចំណី និងដកដង្ហើមញាប់។
- សត្វមិនចង់ដើរដោយសារឈឺជើង និងមិនចង់ផ្លាស់ទី។
- សត្វមានឡើងដុំហើមក្រោមស្បែក ក្នុងសាច់ដុំត្រង់ត្រគាក ស្មា ទ្រូង ឬក និងមានឮសម្លេងពពុះខ្យល់ខាងក្នុងនៅពេលចុចសង្កត់។ ដំបូងឡើយ ស្បែកបរិវេណដុំហើមមានពណ៌ក្រហមក្រម៉ៅ ក្តៅ និងមានអាការៈឈឺចាប់ខ្លាំង។ បន្ទាប់មកដុំហើមនោះត្រជាក់វិញ និងមានឮសូរប្រិបៗនៅពេលស្ទាបសង្កត់។
ការចាក់វ៉ាក់សាំង
- គេនិយមធ្វើវ៉ាក់សាំងប្រភេទ “7 Ways”
- ចាក់លើកទី១ នៅពេលកូនគោអាយុ ២-៣ខែ
- ចាក់លើកទី២ រយៈពេល ៤-៦សប្តាហ៍ ក្រោយចាក់លើកទី១
- គួរចាក់រម្លឹករៀងរាល់ឆ្នាំ។
ការព្យាបាល
- ប្រើថ្នាំអង់ទីប៊ីយ៉ូទិកដូចជា Pendistrep L.A. (Penicillin-streptomycin) ឬ Betamox L.A. (Amoxicillin)។
- ការព្យាបាលអាចមានប្រសិទ្ធភាពទៅបានលុះត្រាអាចដឹងថាសត្វឈឺបានលឿន និងព្យាបាលបានទាន់ពេលវេលា។ សត្វដែលព្យាបាលជាហើយ ក៏សាច់ដុំដែលខូចខាតមិនងាយត្រលប់មកដូចដើមវិញឡើយ។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ