ការចិញ្ចឹម និងការថែទាំ
ជាទូទៅ ការចិញ្ចឹមពពែអាចត្រូវបានបែងចែកជា ៤ ប្រភេទ ដូចខាងក្រោម៖
- ការចិញ្ចឹមបែបលែង៖ ជាទម្រង់ចិញ្ចឹមដោយឱ្យពពែដើររកចំណីស៊ី និងបង្កាត់ពូជដោយខ្លួនឯងតាមធម្មជាតិ ហើយច្រើនចិញ្ចឹមនៅកន្លែងដែលមានស្មៅធម្មជាតិដុះស្រាប់។ នៅពេលថ្ងៃ គេឃ្វាលសត្វឱ្យនៅជ្រកតាមក្រោមម្លប់ដើមឈើ និងភាគច្រើនមិនមានការសាងសង់ទ្រុងសម្រាប់សត្វឡើយ គឺគេលែងឱ្យដើររកស៊ីនៅតាមវាល និងម្លប់ទៅតាមយថាផល។
- ការចិញ្ចឹមបែបចង៖ ជាការចិញ្ចឹមមួយបែបទៀតដោយការចងសត្វនៅនឹងមួយកន្លែងជាប់នឹងដើមឈើ ឬមែកឈើ, បង្គោល ឬដោតស្នឹង នៅតាមកន្លែងដែលមានចំណីច្រើន អាចឱ្យសត្វស៊ីបានគ្រប់គ្រាន់។ នៅក្នុងមួយថ្ងៃ អាចមានការប្តូរកន្លែងចង ២-៣កន្លែង ដើម្បីអាចឱ្យសត្វមានស្មៅស៊ីបានច្រើន ហើយនៅពេលល្ងាច គេនឹងដេញសត្វចូលទ្រុងវិញ។
- ការចិញ្ចឹមបែបពាក់កណ្តាលក្នុងទ្រុង៖ ជាការចិញ្ចឹមដែលមានលក្ខណៈប្រហាក់ប្រហែលនឹងបែបព្រលែងដែរ ប៉ុន្តែមានការសាងសង់រោង និងទ្រុងសម្រាប់ឱ្យសត្វដេកនៅពេលយប់ ហើយនៅពេលព្រឹកគេឃ្វាលវាឱ្យដើររកស៊ីចំណី។
- ការចិញ្ចឹមបែបបង្ខាំងក្នុងទ្រុង៖ ជាការចិញ្ចឹមក្នុងរោង និងទ្រុងគ្រប់ពេលវេលា ដោយផ្តល់ទឹក ផ្តល់ចំណីគ្រប់គ្រាន់។ ការចិញ្ចឹមបែបនេះអាចមានការលែងពពែឱ្យចេញរកស៊ីចំណីដោយខ្លួនឯងខ្លះម្តងម្កាល។ ជាទូទៅ គេត្រូវធ្វើរោងខ្ពស់ផុតពីដី និងមានជម្រាលសត្វឡើង ឬគេអាចចិញ្ចឹមនៅលើដីរាបធម្មតា ប៉ុន្តែត្រូវក្រាលអង្កាម។
អ្នកចិញ្ចឹមអាចជ្រើសរើសបែបចិញ្ចឹមខាងលើណាមួយ ដោយត្រូវពិចារណាស្ថានភាពជាក់ស្តែងរបស់ខ្លួនលើបទពិសោធន៍, វត្ថុធាតុដើម, ចំនួនពពែ, ដើមទុន និងបរិស្ថានជុំវិញកន្លែងដែលចង់ចិញ្ចឹម។
រោង ទ្រុង និងការចិញ្ចឹម
រោងចិញ្ចឹមគួរស្ថិតនៅឆ្ងាយទីប្រជុំជន មានទីខ្ពស់ មិនលិចទឹក និងត្រូវសាងសង់រោងដែលអាចការពារកំដៅថ្ងៃនិងភ្លៀងបាន, មានពន្លឺគ្រប់គ្រាន់, មានលំហូរខ្យល់ចេញចូលល្អ, អនាម័យ និងមានជញ្ជាំងសំណាញ់ដែកព័ទ្ធជុំវិញ។ រោងគួរធ្វើកម្ពស់ខ្ពស់ផុតពីដី ១,៥ – ១,៦ m និងធ្វើរនាបក្តារបន្ទះឈើវែង ប្រវែង ២,៥ x ៦០ cm និងត្រូវទុកចន្លោះរនាប ២,៥ cm ដើម្បីអាចឱ្យលាមកសត្វជ្រុះធ្លាក់ទៅក្រោមរោងបានដោយងាយ។ នៅក្នុងរោងត្រូវមានកន្លែងដាក់ស្មៅឱ្យសត្វ, មានស្នូកចំណីបំប៉ន និងស្នូកទឹក, និងកន្លែងសម្រាប់ចងដុំរ៉ែឱ្យបានគ្រប់គ្រាប់ អាចឱ្យពពែលិឍដល់ដោយងាយបានគ្រប់ពេលវេលា។ ការសាងសង់ គួរអនុវត្តតាមដូចខាងក្រោម៖
- ទ្រុងសម្រាប់ពពែបាអាចមានទំហំ ៣ x ៥ m សម្រាប់ដាក់ពពែបាបាន ១-២ ក្បាល។
- រោងរួម ទំហំ ៦ x ១២ m ដោយគេអាចខណ្ឌបែងចែកជាទ្រុងតូចៗទៅតាមក្រុមពពែផ្សេងគ្នា ដូចជា ទ្រុងពពែផើម, ពពែបំបៅកូន, ទ្រុងកើតកូន, ទ្រុងកូនពពែ, និងទ្រុងពពែធំ។
- រោងរឺតទឹកដោះ ទំហំ ៤ x ១២ m ជាប្រភេទរោងរួម ធ្វើមានកន្លែងដាក់ស្មៅ ស្នូកចំណីបំប៉ន និងស្នូកទឹក។ ក្នុងរោងត្រូវមានកន្លែងសម្រាប់យកទឹកដោះទំហំ ៣ x ៣ m មានបំពាក់ឧបករណ៍រឺតទឹកដោះ និងកន្លែងទុកដាក់សម្ភារ និងឧបករណ៍។
ចំណី និងការផ្ដល់ចំណីពពែ
ការផ្តល់ចំណី
កូនទើបកើត អាយុ ៣ ថ្ងៃ
- ផ្តល់ទឹកដោះដំបូងឱ្យបានពេញលេញ និងគ្រប់គ្រាន់ ៣-៥ ដង / ថ្ងៃ។
កូនអាយុ ៤ ថ្ងៃ – ២ សប្តាហ៍
- ផ្តល់ទឹកដោះ ០,៥-១ លីត្រ / ក្បាល / ថ្ងៃ ដោយត្រូវបែងចែកជា ៣ដង
- ផ្តល់វីតាមីន + សារធាតុរ៉ែ។
អាយុ ២-៦ សប្តាហ៍
- ផ្តល់ទឹកដោះសុទ្ធ ឬម្សៅទឹកដោះ ០,៥-១ លីត្រ / ក្បាល / ថ្ងៃ ដោយត្រូវបែងចែកជា ២ដង
- ផ្តល់ចំណីបំប៉នដែលមានប្រូតេអ៊ីន ២២% ដោយត្រូវចាប់ផ្តើមឱ្យស៊ីបរិមាណបន្តិចម្តងៗសិន បន្ទាប់មកទើបបង្កើនបរិមាណចំណីឡើង
- ផ្ដល់ចំបើងស្មៅ មានលាយពពួកសណ្ដែកលេហ្គីម ឬស្មៅស្រស់ និងអាចឱ្យសត្វស៊ីដោយសេរី
- ផ្តល់វីតាមីន + សារធាតុរ៉ែ។
អាយុ ៤ ខែ ដល់កើតកូន
- ផ្ដល់ចំណីសរសៃ ដូចជាស្មៅស្រស់ ឱ្យស៊ីសេរី
- ផ្តល់វីតាមីន + សារធាតុរ៉ែលាយ
- ផ្ដល់ចំណីបំប៉នដែលមានប្រូតេអ៊ីន ១៨-២០%។
មេពពែផើម, មេឈប់រឺតទឹកដោះ, និងពពែបា
- ផ្ដល់ចំណីសរសៃ ឱ្យស៊ីសេរី
- ផ្តល់វីតាមីន + សារធាតុរ៉ែលាយ
- ផ្ដល់ចំណីបំប៉នដែលមានប្រូតេអ៊ីន ១៦-១៨%។
មេពពែបំបៅកូន
- ផ្ដល់ចំណីសរសៃ ឱ្យស៊ីសេរី
- ផ្តល់វីតាមីន + សារធាតុរ៉ែលាយទឹក
- ផ្ដល់ចំណីបំប៉នដែលមានប្រូតេអ៊ីន ១៦-១៨% អាស្រ័យលើបរិមាណទឹកដោះដែលផលិត ដោយត្រូវផ្ដល់បរិមាណ ០,៣-០,៥ kg / បរិមាណទឹកដោះដែលរឺតបាន ១ លីត្រ។
ការផ្តល់ទឹក
ត្រូវមានស្នូកទឹកដែលមានអនាម័យ មានទឹកគ្រប់គ្រាន់ និងអាចឱ្យសត្វដើរទៅផឹកបានដោយងាយគ្រប់ពេលវេលា។ ចំពោះការផ្តល់ទឹកដោះឱ្យកូនពពែ គេអាចផ្ដល់ជាទឹកដោះពពែសុទ្ធ ឬទឹកដោះគោ ហើយប្រសិនមានផ្តល់ម្សៅទឹកដោះសម្រេច គេអាចផ្តល់បានក្រោយកូនអាយុ ២ សប្តាហ៍ឡើង។
គំរូរូបមន្តចំណីបំប៉ន
១. ចំណីប្រូតេអ៊ីន ១៨-២០%
- ពោត ១២ kg
- កន្ទក់ម៉ដ្ឋ ២៤ kg
- កាកដូង ៤០ kg
- កាកសណ្តែកសៀង ៨ kg
- ម្សៅឆ្អឹង ១០ kg
- ស្កររងូ ៥ kg
- អំបិលម៉ដ្ឋ ១ kg។
២. ចំណីប្រូតេអ៊ីន ១៦-១៨%
- កាកដូង ៤០ kg
- ពោត ២៥ kg
- កាកសណ្តែកសៀង ១៥ kg
- កន្ទក់ម៉ដ្ឋ ១០ kg
- ស្ករងូ ៨ kg
- ម្សៅឆ្អឹង ១ kg
- អំបិលម៉ដ្ឋ ១ kg។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ