អូប៊ី ឡាយស្តុក

បច្ចេកទេសបំប៉នគោឱ្យបានលក់ក្នុងរយៈពេល ៣ខែ

ការចិញ្ចឹមគោបំប៉នកំពុងទទួលបានការចាប់អារម្មណ៍ និងមានការពេញនិយមគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយសារវាអាចធ្វើឱ្យអ្នកចិញ្ចឹមទទួលបានប្រាក់កម្រៃក្នុងរយៈពេលលឿនត្រឹម ៣-៤ខែ ដែលឆាប់ជាងការចិញ្ចឹមធម្មតា។ ដោយសង្កេតឃើញបែបនេះ ដើម្បីជាចំណេះដឹងបច្ចេកទេសដល់អ្នកចិញ្ចឹម ខាងក្រោមនេះនឹងមានបង្ហាញអំពីចំនុចសំខាន់ៗមួយចំនួនអំពីបច្ចេកទេសចិញ្ចឹមបំប៉នគោខ្នាតតូច និងមធ្យម ដោយផ្តោចលើការរៀបចំទ្រុង ការទិញសំបកគោ ការទម្លាក់បារ៉ាស៊ីត និងការផ្តល់ទឹកផ្តល់ចំណីឱ្យបានត្រឹមត្រូវ។

ទីតាំង និងការរៀបចំប្លង់និងទ្រុង

  • ជ្រើសរើសទីតាំងចិញ្ចឹមនៅទីទួល មិនលិចទឹក និងឆ្ងាយពីទីប្រជុំជន ដើម្បីចៀសវាងផលប៉ះពាល់ដល់អ្នកដទៃ ដូចជា ក្លិន សំឡេង និងការរំខាននានា។ ទីតាំងឆ្ងាយពីទីប្រជុំជនក៏ជួយកាត់បន្ថយហានីភ័យឆ្លងជំងឺផងដែរ។
  • រៀបចំគូរប្លង់កសិដ្ឋានទុកជាមុន ដោយធ្វើយ៉ាងណាឱ្យមានលក្ខណៈស្របទៅតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ជីវសុវត្ថិភាព ដូចជា នៅត្រង់ច្រកចេញចូល ត្រូវមានធ្វើថ្លុកទឹកសម្រាប់ដាក់សូលុយស្យុងសម្លាប់មេរោគ ឬបាចកំបោរការពារមេរោគចូលមកបរិវេណកន្លែងចិញ្ចឹមតាមរយៈមធ្យោបាយដឹកជញ្ជូនដូចជា រទេះ ម៉ូតូ និងឡានជាដើម។
  • ក្នុងប្លង់លើផ្ទៃដីកសិដ្ឋានទាំងមូល ត្រូវបែងចែកតំបន់សម្រាប់មនុស្សនិងសត្វរស់នៅជាប្លុកៗឱ្យនៅដាច់ដោយឡែកពីគ្នា គឺមានប្លុកផ្ទះសម្រាប់មនុស្សរស់នៅ ប្លុកទ្រុងសត្វរស់នៅ កន្លែងស្តុកលាមកសត្វ និងផ្ទៃដីដាំដុះវាលស្មៅចំណីសត្វ។ កសិករអាចសាងសង់ផ្ទះសម្រាប់កម្មករ ឬម្ចាស់កសិដ្ឋានស្នាក់នៅ នៅផ្នែកខាងមុខក្បែរច្រកទ្វារចូលដើម្បីងាយដឹងរាល់សកម្មភាពចេញចូលក្នុងកសិដ្ឋាន។ ផ្នែកបន្ទាប់មក អាចសាងសង់ទ្រុង ឬក្រោលសម្រាប់ដាក់គោ និងកន្លែងស្តុកលាមកនៅផ្នែកខាងក្រោយផុតដាច់ដោយឡែក ជាប់ឡូត៍វាលស្មៅ ជាបន្តបន្ទាប់គ្នា (រូបភាពទី ១)។
  • កសិករ អាចសាងសង់ទ្រុងសាមញ្ញៗដោយប្រើប្រាស់សម្ភារងាយរកបានតាមមូលដ្ឋាន ដើម្បីកាត់បន្ថយចំណាយលើការសាងសង់ក្រោល។ ដំបូលទ្រុងមិនត្រូវទាបពេកដើម្បីអាចឱ្យមានលំហូរខ្យល់ចេញចូលបានល្អ និងមិនធ្វើឱ្យសីតុណ្ហភាពក្នុងទ្រុងក្ដៅពេក។
  • ត្រូវមានធ្វើក្រោលមួយបន្ថែមនៅដាច់ដោយឡែកសម្រាប់ធ្វើចត្តាឡីស័កសត្វ (បង្ខាំងបណ្តោះអាសន្ន) ទុកដាក់សត្វដែលទើបទិញចូលថ្មីឱ្យបានយ៉ាងតិច១៤ថ្ងៃ មុនពេលបញ្ចូលសត្វទាំងនោះទៅក្នុងកម្មវិធីបំប៉ន។ ទ្រុងនេះថែមទាំងអាចប្រើប្រាស់សម្រាប់ដាក់សត្វក្នុងករណីមានសត្វឈឺឱ្យនៅដោយឡែកមួយរយៈដើម្បីមើលថែ និងព្យាបាលបានងាយ។
  • ត្រូវរៀបចំឱ្យបានប្រព័ន្ធបង្ហូរលាមកចេញពីទ្រុង និងមានរណ្តៅស្តុកលាមក។ ចាក់បេតុងបាតរោងឱ្យមានជម្រាលបន្តិច មិនដក់ទឹក មិនរអិល និងងាយលាងបាញ់សម្អាតលាមកចូលក្នុងប្រព័ន្ធបង្ហូរលាមក។ បើមានលទ្ធភាព អ្នកអាចសាងសង់ឡជីវឧស្ម័នដើម្បីងាយគ្រប់គ្រងលាមក និងអាចទាញយកអគ្គិសនីមកប្រើប្រាស់ក្នុងកសិដ្ឋានវិញបាន។
រូបភាពទី១៖ គំរូប្លង់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងកសិដ្ឋានចិញ្ចឹមគោបំប៉នដែលមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស។ ប្លង់នេះក៏អាចប្រើសម្រាប់កសិដ្ឋានគោទូទៅបានផងដែរ។

ការទិញគោមកបំប៉ន និងការលក់គោ

  • ទិញសំបកគោ ឬគោស្គមៗដែលមានអាយុពេញវ័យ និងមានតម្លៃសមរម្យ អាចយកមកបំប៉នបានប្រាក់ចំណេញ។
  • ទិញតែគោឈ្មោលពេញវ័យ និងមេគោអស់លទ្ធភាពបន្តពូជមកបំប៉នប៉ុណ្ណោះ។ ចៀសវាងការទិញមេគោដែលនៅអាចមានកូនបានមកបំប៉នកាប់សាច់។
  • ត្រូវចេះប៉ាន់ប្រមាណទម្ងន់គោមុនពេលបំប៉ន និងពេលលក់ដោយខ្លួនឯង ដើម្បីចៀសវាងបញ្ហាការកេងបន្លំពីឈ្មួញ។ កសិករអាចប្រើប្រាស់ម៉ែត្រខ្សែវាស់រកទម្ងន់គោតាមរូបមន្ត៖ ទម្ងន់គោ (គ.ក្រ) = ទទឹងជុំវិញទ្រូង (ម) x ទទឹងជុំវិញទ្រូង (ម) x បណ្ដោយដងខ្លួន (ម) x ៩០ ដូចមានបង្ហាញក្នុងរូបភាពទី ២។ បើមាន ត្រូវប្រើជញ្ជីងថ្លឹងគោដើម្បីរកសុក្រឹតភាព។
  • បន្ទាប់មក ត្រូវចេះវាយតម្លៃបរិមាណភាគរយសាច់របស់គោ។ កសិករអាចប៉ាន់ស្មានបរិមាណសាច់ដែលអាចលក់បាន ដោយយកទម្ងន់គោខាងលើ x %បរិមាណសាច់។ បន្ទាប់មក យកបរិមាណសាច់នោះ x តម្លៃសាច់នៅតាមទីផ្សារបច្ចុប្បន្ន ដើម្បីដឹងពីប្រាក់ទទួលបានពីការលក់សាច់។ កសិករអាចធ្វើការប៉ាន់ស្មាន និងគណនារកទម្ងន់ និងបរិមាណសាច់បានយ៉ាងងាយ និងឆាប់រហ័សនៅពេលខ្លួនមានបទពិសោធន៍ទិញ-លក់គោបំប៉នច្រើនឆ្នាំ។
  • ស្វែងរកឈ្មួញគោឱ្យបានយ៉ាងតិច ២នាក់ ដើម្បីបង្កើនជម្រើសលក់ និងអំណាចចរចា។
រូបភាពទី២៖ ទម្ងន់គោ (គ.ក្រ) = ទទឹងជុំវិញទ្រូង (ម) x ទទឹងជុំវិញទ្រូង (ម) x បណ្ដោយដងខ្លួន (ម) x ៩០

ការទម្លាក់បារ៉ាស៊ីត និងផ្ដល់វីតាមីន

  • បន្ទាប់ពីទិញសំបកគោបានហើយ អ្នកចិញ្ចឹមត្រូវទម្លាក់បារ៉ាស៊ីតខាងក្នុង និងខាងក្រៅជាការចាំបាច់ ដើម្បីឱ្យសត្វអាចស៊ីចំណី និងធំធាត់បានតាមប្រក្រតី។ កសិករអាចប្រើថ្នាំទម្លាក់សត្វល្អិតប្រភេទបញ្ច្រកសត្វតាមមាត់ Albendazole ឬក៏ថ្នាំចាក់ Ivomec-F ឬប្រភេទថ្នាំប្រឆាំងបារ៉ាស៊ីតដទៃទៀត ទៅតាមលទ្ធភាពអាចរកទិញនៅលើទីផ្សារបាន។ ត្រូវប្រាកដថា ថ្នាំទាំងនោះអាចកម្ចាត់បារ៉ាស៊ីតសំខាន់ៗបាន ពិសេសពពួកព្រូនមូល ដង្កូវថ្លើមហ្វាសស្យូឡា ចៃ ដង្កែ របោម រុយ។ល។
  • ចាំបាច់ត្រូវផ្ដល់វីតាមីនដល់សត្វ ដូចជាការផ្ដល់វីតាមីនប្រភេទម្សៅ Premix លាយក្នុងចំណី ឬចាក់ពពួកវីតាមីន ADE ឬវីតាមីនផ្សេងៗទៀត ដើម្បីប៉ូវសត្វនិងធានាថាសត្វបានទទួលវីតាមីនគ្រប់គ្រាន់ដែលអាចជួយបង្កើនការស៊ីចំណី និងការលូតលាស់របស់សត្វយ៉ាងមានប្រសិទ្ធភាព។
  • ធ្វើវ៉ាក់សាំងសត្វក្នុងករណីចាំបាច់។

ការផ្តល់ទឹក និងចំណី

  • ត្រូវផ្ដល់ទឹកស្អាតឱ្យសត្វផឹកឱ្យបានគ្រប់គ្រាន់។ ជាធម្មតា ក្នុងទម្ងន់គោ ១០០ គ.ក្រ ត្រូវការផឹកទឹកចន្លោះ ១៣-១៨លីត្រ / ថ្ងៃ / ក្បាល អាស្រ័យទៅតាមអាយុ ទម្ងន់ និងអាកាសធាតុក្តៅ ឬត្រជាក់។ ត្រូវធ្វើកន្លែងស្នូកទឹកឱ្យនៅខ្ពស់ដើម្បីកុំឱ្យមានលាមកធ្លាក់ចូល និងអាចរៀបចំតភ្ជាប់ជាបណ្តាញប្រព័ន្ធទឹកស្វ័យប្រវត្ត ដែលមានប៉ោលកាច់បិទបើកទឹកដោយខ្លួនឯងនៅពេលសត្វផឹកទឹកអស់ដល់កម្រិតដែលត្រូវបើក។ អ្នកអាចធ្វើកន្លែងស្នូកទឹកនៅផ្នែកខាងក្រោយទ្រុង ដាច់ដោយឡែកពីកន្លែងផ្ដល់ចំណី។
  • កសិករអាចធ្វើស្នូកចំណីពីស៊ីម៉ង់ត៍រឹងមាំ ដើម្បីកុំឱ្យមានការខ្ជះខ្ជាយចំណី និងអាចប្រើប្រាស់បានយូរអង្វែង។ ប៉ុន្តែការចិញ្ចឹមជាលក្ខណៈគ្រួសារ កសិករក៏អាចច្នៃប្រើស្នូកចំណីផ្សេងៗបាន ដូចជាធុងខៀវពុះជាពីរ ដែលងាយតម្លើង ងាយផ្លាស់ប្តូរ ងាយសម្អាត និងមានតម្លៃថោក។
  • ការផ្តល់ចំណីផ្សំស្រេច (ចំណីបំប៉ន) គឺជាចំនុចសំខាន់បង្អស់ និងជាគន្លឹះនៅក្នុងការបំប៉នគោ ដូចនេះ កសិករចាំបាច់ត្រូវផ្ដល់ជាចំណីបន្ថែម (ចំណីបំប៉ន) លើការផ្តល់ស្មៅដែលជាចំណីគ្រឹះតែមួយមុខនោះ។ ចំណីបំប៉នគឺជាប្រភេទចំណីផ្សំពីវត្ថុធាតុដើមផ្សេងៗដើម្បីឱ្យសត្វទទួលបានប្រូតេអ៊ីន និងថាមពលគ្រប់គ្រាន់ ធ្វើឱ្យសត្វឡើងសាច់បានលឿន។ ក្នុងការអនុវត្តបច្ចុប្បន្ន កសិករភាគច្រើនទិញចំណីសម្រេច (ចំណីក្រុមហ៊ុន ឬចំណីបាវ) នៅលើទីផ្សារ ដើម្បីយកមកបំប៉នសត្វ។ ក៏ប៉ុន្តែ ជាជម្រើសល្អមួយ ប្រសិនបើចិញ្ចឹមគោច្រើនក្បាល កសិករអាចរៀនពីរបៀបគណនា និងផ្សំចំណីបំប៉នគោដោយខ្លួនឯង ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាកាកដំឡូងមី កន្ទក់ ពោត កាកសណ្តែកសៀង កាកប៊ីយ៉ែ កាកម្នាស់ ស្កររងូ អ៊ុយរ៉េ និងអនុផលដំណាំផ្សេងៗទៀតដែលអាចយកមកកែច្នៃជារូបមន្តចំណីបំប៉នថ្មីបាន ដើម្បីកាត់បន្ថយចំណាយថ្លៃដើមលើចំណី។
  • មិនត្រូវបំប៉នគោដោយផ្តល់តែចំណីផ្សំឱ្យគោស៊ីតែមួយមុខនោះទេ ព្រោះគោ ត្រូវការចំណីស្មៅមានជាតិសរសៃដែលជាចំណីគ្រឹះរបស់សត្វទំពាអៀង។ ការផ្តល់ចំណីបំប៉នតែមួយមុនបរិមាណខ្វះមិនត្រឹមត្រូវនឹងធ្វើឱ្យសត្វមិនធំធាត់ ឬលើសនឹងធ្វើឱ្យមានការកើនឡើងអាស៊ីតនៅក្នុងក្រពះគោ Acidosis។
  • ការផ្តល់ស្មៅលាយជាមួយចំណីបំប៉ននឹងជួយរក្សាតុល្យភាពក្នុងក្រពះ និងកាត់បន្ថយថ្លៃចំណាយទិញចំណីបំប៉ន។ ត្រូវចាប់ផ្តើមផ្តល់ចំណីផ្សំបន្តិចម្តងៗដើម្បីបន្សាំសត្វទៅនឹងចំណីផ្សំថ្មី រួចបង្កើនបរិមាណបន្តិចម្តងៗ ដោយត្រូវបែងចែកពេលវេលាផ្តល់ចំណីផ្សំជា ២-៣ដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក ថ្ងៃ និងល្ងាច។
  • ត្រូវប្រើប្រាស់តែចំណីបំប៉នណាដែលមានប្រូតេអុីនយ៉ាងតិច ១៥%។

ជារួមមក ដើម្បីឱ្យការចិញ្ចឹមបំប៉នគោទទួលបានជោគជ័យ កសិករត្រូវចេះរៀបចំកន្លែង និងធ្វើរោងចិញ្ចឹមឱ្យបានសមស្រប, ស្វែងយល់ពីរបៀបទិញសំបកគោមកបំប៉ន, ចេះប៉ាន់ប្រមាណទម្ងន់គោដើម្បីចៀសវាងការកេងបន្លំពីឈ្មួញ, ចេះស្វែងរកព័ត៌មាន និងដឹងតម្លៃហាងឆេងគោនៅលើទីផ្សារ, និងពិសេសនោះ ត្រូវចេះឧស្សាហ៍ព្យាយាមថែទាំសត្វឱ្យមានសុខភាពល្អ និងការពារសត្វពីជំងឺឆ្លង, ត្រូវអនុវត្តវិធានជីវសុវត្ថិភាពជាប់ជានិច្ច, ទម្លាក់បារ៉ាស៊ីត, ចាក់វីតាមីន និងផ្តល់ទឹកចំណីសត្វទាំងចំណីគ្រឹះនិងចំណីបំប៉នឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យសត្វធំធាត់បានលឿន អាចលក់បានក្នុងរយៈពេល ៣ខែ។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!