ជំងឺដុំពកស្បែកគោ-ក្របី ឬ ឡាំពីស្គិន Lumpy Skin Disease (LSD) បានក្លាយជាការគម្រាមកំហែងថ្មីមួយក្នុងវិស័យចិញ្ចឹមគោ-ក្របីនៅតំបន់អាស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជំងឺនេះត្រូវបានប្រទះឃើញដំបូងបំផុតក្នុងប្រទេសហ្សាំប៊ីនៅឆ្នាំ 1929 និងតែងឃើញកើតមាននៅបណ្តាប្រទេសជាច្រើនទៀតក្នុងទ្វីបអាហ្វ្រិក។ ចាប់តាំងពីឆ្នាំ 2012 មក គេឃើញជំងឺនេះមានកើតនៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា និងអ៊ឺរ៉ុបភាគអាគ្នេយ៍។ នៅឆ្នាំ 2019 ជំងឺដុំពកស្បែកត្រូវបានរាយការណ៍ថាបានផ្ទុះនៅប្រទេសចិន ហើយក្រោយមកទៀត បានឆ្លងដល់ប្រទេសវៀតណាមកំឡុងចុងឆ្នាំ 2020។ ក្រោយមក វាបានបន្តរីករាលដាលក្នុងប្រទេសថៃចាប់តាំងពីដើមឆ្នាំ 2021 និងបានផ្ទុះឆ្លងរាលដាលនៅប្រទេសកម្ពុជាចាប់តាំងពីកំឡុងពាក់កណ្តាលឆ្នាំ 2021។
លក្ខណៈទូទៅ
ជំងឺឡាំពីស្គិនគឺជាជំងឺដុំពកនៅលើស្បែកបង្កដោយប្រភេទវីរុស Poxviridae ដែលមានសត្វល្អិតជញ្ជក់ឈាមជាភ្នាក់ងារចម្លងរោគ ដូចជា មូស, រុយបឺតឈាម, របោម, និងដង្កែជាដើម ធ្វើឱ្យវាជាជំងឺដែលមានលក្ខណៈឆ្លងរាលដាលរហ័ស និងពិបាកគ្រប់គ្រងការរាតត្បាត។ អត្រាសត្វឈឺនៅពេលមេរោគចូលមានពី 5-45% ហើយអត្រាសត្វឈឺស្លាប់ទាបក្រោម 10% ប៉ុន្តែវាធ្វើឱ្យខាតបង់សេដ្ឋកិច្ច, ខាតបង់ផលិតកម្ម, ខូចស្បែក និងបាត់បង់សោភ័ណភាពសត្វ។ ការស្លាប់ច្រើនកើតលើកូនគោដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។
រោគសញ្ញា
- សត្វអន់ចំណី, ស្រិម, ចុះខ្សោយ។
- បរិមាណទឹកដោះធ្លាក់ចុះ។
- សត្វក្តៅខ្លួន 40-41.5 C។
- សត្វអាចរលាកភ្នែក, រលាកច្រមុះ, ហៀរទឹកមាត់, អាចហើមជើង និងឬបួរ, និងមិនចង់ដើរផ្លាស់ទី។
- មានឡើងដុំពករឹងលើស្បែកពីតិចទៅច្រើនពេញខ្លួន ជាពិសេសច្រើនចេញនៅត្រង់ក្បាល ក ជើង ដោះ និងប្រដាប់បន្តពូជ ដែលអាចមានទំហំអង្កត់ផ្ចិតពី 5-50mm។
- ដុំពកនឹងចាប់ផ្ដើមបែក ក្លាយជាដំបៅក្រមរក្នុងរយៈពេល 14-30ថ្ងៃ។ ដុំពកអាចជាប់នៅលើស្បែកសត្វជាច្រើនខែ។

វិធានការការពារ
- បាញ់ថ្នាំកម្ចាត់មូសនិងសត្វល្អិតបឺតឈាមដែលជាភ្នាក់ងារចម្លង។
- អនាម័យ សម្អាតក្រោលចិញ្ចឹម និងបំបាត់ប្រភពជម្រកមូស និងសត្វល្អិត។
- ដាក់មុងឱ្យសត្វ និងអំពូលដេញមូស។
- ចាក់វ៉ាក់សាំងបង្ការជំងឺដុំពកស្បែក។
- គួរចាក់ថ្នាំទម្លាក់និងការពារប៉ារ៉ាសិត ដូចជា ថ្នាំ Ivomec F (Ivermectin) ដើម្បីគ្រប់គ្រង និងកម្ចាត់ភ្នាក់ងារចម្លងសត្វល្អិតបឺតឈាមលើសត្វ។
វិធីព្យាបាល
- ដោយជំងឺនេះបង្កដោយវីរុស ដូចនេះពុំមានថ្នាំព្យាបាលដោយត្រង់ឡើយ គឺត្រូវការពារជំងឺឱកាសនិយម និងព្យាបាលតាមអាការៈសត្វឈឺ រួមមាន៖ ការប្រើថ្នាំប្រឆាំងរលាកដែលអាចបញ្ចុះកម្តៅសត្វនៅពេលសត្វក្ដៅខ្លួន បំបាត់ហើម និងដើម្បីបន្ថយឈឺចាប់ត្រង់ដំបៅ, ការបាញ់ថ្នាំ ឬលាបដំបៅ រួមជាមួយនឹងការប្រើថ្នាំអង់ទីប៊ីយូទិកការពារនិងព្យាបាលជំងឺឱកាសនិយមបង្កដោយបាក់តេរីដែលអាចកើតមាន។
- នៅពេលសត្វចាប់ផ្តើមចេញដុំពកក្នុងរយៈពេល ១-៣ថ្ងៃដំបូង ប្រសិនមានសញ្ញា Allergies ដូចជា កន្ទួល រមាស់ ឬហៀរទឹកភ្នែក-ច្រមុះ គួរប្រើថ្នាំប្រឆាំងអ៊ីស្តាមីន ដូចជា Chlorpheniramine។
- វាស់កម្តៅសត្វ បើសត្វក្តៅខ្លួន និងហើម ត្រូវបញ្ចុះកម្តៅ និងបំបាត់ហើម។ ត្រូវប្រើថ្នាំប្រឆាំងរលាកប្រភេទមិនមាន Steroid (NSAID) ដែលអាចប្រើបានលើសត្វទូទៅរួមទាំងមេផើម ដូចជា ថ្នាំ Meifluxin (Flunixin meglumine) និង Phenylbutasone ជាដើម។ ជម្រើសមួយទៀត អាចប្រើថ្នាំប្រឆាំងរលាកប្រភេទមាន Steroid ដូចជា ថ្នាំ Dexamethasone ប៉ុន្តែហាមប្រើលើសត្វផើមព្រោះអាចធ្វើឱ្យរលូត ហើយគួរចាក់ត្រឹមមួយម្ជុលដំបូងប៉ុណ្ណោះ និងត្រូវប្តូរមកចាក់ប្រភេទ NSAID ដូចថ្នាំខាងដើមវិញនៅថ្ងៃបន្តបន្ទាប់។
- ពិនិត្យសត្វ បើមានការវាយលុកដោយជំងឺឱកាសនិយមបង្កដោយបាក់តេរី ជាពិសេសក្នុងកំឡុងពេលដុំពកបែកជាដំបៅរលួយ ត្រូវប្រើថ្នាំអង់ទីប៊ីយូទិកដូចជា៖ Pendistrep L.A. (Penicillin-streptomycin), ឬ Amoxicillin ដើម្បីសម្លាប់និងការពារមេរោគ។
- លាងសម្អាតដំបៅ និងលាប ឬបាញ់ថ្នាំដែលមានសមាសធាតុផ្សំអង់ទីប៊ីយ៉ូទិក ដើម្បីមិនឱ្យមានរុយ, ដង្កូវ, ខ្ទុះ, ការពារមិនឱ្យមេរោគឆ្លងចូល និងឱ្យដំបៅឆាប់ជាសះ។
- ចាក់វីតាមីនជំនួយបន្ថែមដើម្បីឱ្យសត្វងើបពីឈឺបានលឿន ដូចជា វីតាមីន AD3E។
- ត្រូវញែកសត្វឈឺចេញពីសត្វជាដើម្បីងាយព្យាបាល និងមើលថែដិតដល់ ជួយឱ្យសត្វមានប្រព័ន្ធការពាររាងកាយរឹងមាំ អាចទប់ទល់នឹងវីរុសបាន។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ