តើជំងឺអុតក្តាមគឺជាអ្វី?
ជំងឺអុតក្ដាមមានឈ្មោះជាភាសាអង់គ្លេសថា Foot and Mouth Disease (FMD) បង្កឡើងដោយវីរុសមានកម្រិតរីករាលដាលខ្លាំង ធ្វើឱ្យខាតបង់ផលិតកម្ម ពេលវេលា និងសេដ្ឋកិច្ចធ្ងន់ធ្ងរនៅពេលហ្វូងសត្វកើតជំងឺ។ វីរុសដែលបង្កជំងឺមាន ៧ប្រភេទ គឺ A, O, C, SAT1, SAT2, SAT3, និង Asia1 ហើយប្រភេទដែលត្រូវបានរកឃើញមានវត្តមាននៅក្នុងប្រទេសកម្ពុជាគឺប្រភេទ A, O, និង Asia1។ ជំងឺនេះកើតលើក្រុមសត្វដែលមានច្រវែបជើង ដូចជា គោ ក្របី ជ្រូក ចៀម ពពែ។ល។
រោគសញ្ញាគ្លីនិក
- សត្វគ្រុនក្ដៅ មិនស៊ីចំណី ហៀរទឹកមាត់
- មានពងបែក និងដំបៅនៅលើអណ្ដាត អញ្ចាញ បបូរមាត់ ក្បាលដោះ កន្សោមដោះ
- មានខ្លាញ់នៅគល់ក្រចក និងច្រវែបជើង
- សត្វមិនអាចស៊ីចំណីបាន ស្រកទម្ងន់ ឈឺជើង និងមិនសូវមានទឹកដោះ
- មេគោផើមខ្លះអាចនឹងរលូតកូន។
មធ្យោបាយចម្លង និងរីករាលដាល
- សត្វអាចផ្ទុកជំងឺពី ២-១៤ថ្ងៃ មុនបង្ហាញរោគសញ្ញាគ្លីនិក។
- វីរុសមានវត្តមាននៅក្នុងខ្យល់ ទឹកមាត់ ទឹកដោះ លាមក ស្ពែម និងកាកសំណល់បញ្ចេញចោលដោយសត្វ។
- សត្វឆ្លងជំងឺតាមរយៈការដកដង្ហើម ការលេបចូល ការប៉ះពាល់ផ្ទាល់ជាមួយសត្វឈឺ និងការប៉ះពាល់ដោយប្រយោលជាមួយចំណី មធ្យោបាយដឹកជញ្ជូន សម្ភារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗក្នុងកសិដ្ឋានដែលមានប្រឡូកប្រឡាក់មេរោគ ដូចជាសម្លៀកបំពាក់ ស្បែកជើង ស្នូកទឹក ស្នូកចំណីជាដើម។
ការចាក់វ៉ាក់សាំង
- ជំងឺអុតក្ដាមបង្កឡើងដោយវីវុស និងមិនមានថ្នាំព្យាបាលឡើយ ប៉ុន្តែសត្វភាគច្រើននឹងអាចជាវិញដោយខ្លួនឯងក្នុងរយៈពេលប្រហែល ១០ថ្ងៃ។ គេអាចព្យាបាលជំងឺសត្វទៅតាមអាការៈឈឺដូចជា លាងដំបៅ ប្រើថ្នាំបញ្ចុះកម្ដៅ និងព្យាបាលជំងឺឱកាសនិយមដែលអាចកើតមានដោយប្រើអង់ទីប៊ីយ៉ូទិក។
- ត្រូវចាក់វ៉ាក់សាំងប្រភេទ A, O, និង Asia1 សម្រាប់ប្រទេសកម្ពុជាឱ្យបាន ២-៣ដង ក្នុង១ឆ្នាំ ពិសេស ប្រសិនអ្នករស់នៅតំបន់ដែលមានផ្ទុះជំងឺនេះញឹកញាប់។
- ចាក់វ៉ាក់សាំងកម្រិត ២ cc ក្រោមស្បែក SC លើកទី ១ នៅពេលកូនគោមានអាយុ ៤-៦ខែ និងចាក់ជាលើកទី២ រយៈពេល ៣-៤សប្ដាហ៍ ក្រោយមក។ ចាក់រំលឹករៀងរាល់ ៦ខែ សម្រាប់គោសាច់ ៤ខែសម្រាប់គោទឹកដោះ ជាធម្មតាទៅតាមប្រតិទិនចាក់ថ្នាំការពារជំងឺឆ្លងប្រចាំឆ្នាំ។
- រក្សាទុកវ៉ាក់សាំងក្នុងទូរទឹកកកជានិច្ចនៅសីតុណ្ហភាព ៤-៦ 0C និងមិនត្រូវទុកវ៉ាក់សាំងនៅថតកកឡើយ។

វិធានការការពារ និងការគ្រប់គ្រងជំងឺ
- ត្រួតពិនិត្យ និងគ្រប់គ្រងរាល់សកម្មភាពមនុស្សដែលជាអ្នកមើលថែទាំសត្វ និងប្រើប្រាស់សម្ភារ មិនឱ្យមានចម្លងមេរោគពីខាងក្រៅ និងក្នុងកសិដ្ឋាន។
- ហាមបុគ្គលខាងក្រៅចេញចូលកសិដ្ឋានក្នុងករណីមិនចាំបាច់ និងត្រូវបាញ់សម្លាប់មេរោគរាល់ពេលមានការចេញចូលក្នុងកសិដ្ឋាន។
- គ្រប់គ្រងរាល់សត្វដែលទិញចូលមកថ្មី ដោយមានធ្វើចត្តាឡីស័កសត្វយ៉ាងតិច១៤ថ្ងៃ។ ត្រូវប្រុងប្រយ័ត្នជាពិសេសសម្រាប់គោថ្មីដែលមិនមានប្រភពច្បាស់លាស់។
- ទិញចំណី ឬវត្ថុធាតុដើមផ្សំចំណីពីខាងក្រៅដែលមានប្រភពច្បាស់លាស់។
- លាងសម្អាត និងសម្លាប់មេរោគក្នុងទ្រុង អគារ មធ្យោបាយដឹកជញ្ជូន ។ល។
- ទុកដាក់លាមកសត្វ និងកប់ឬដុតសត្វដែលឈឺងាប់ឱ្យបានត្រឹមត្រូវ។
- កត់ត្រាអំពីព័ត៌មានសត្វឈឺឱ្យបានច្បាស់លាស់ និងរាយការណ៍ទៅម្ចាស់កសិដ្ឋាន និងពេទ្យសត្វដើម្បីមានវិធានការបានទាន់ពេលវេលា។
ទិសដៅក្នុងការព្យាបាល
- ត្រូវញែកសត្វឈឺចេញពីសត្វជាដើម្បីមិនឱ្យឆ្លងរាលដាល និងងាយមើលថែបានដិតដល់។
- ត្រូវព្យាបាលជំងឺទៅតាមអាការៈនៃរោគសញ្ញា។ លាងសម្អាតដំបៅ និងលាបថ្នាំ Blue methylene។ ត្រូវប្រើថ្នាំប្រឆាំងរលាក ដូចជា ថ្នាំ Meifluxin (Flunixin meglumine), Butasyl ដើម្បីបញ្ចុះកម្តៅខ្លួនសត្វ និងចាក់ថ្នាំអង់ទីប៊ីយ៉ូទិកប្រសិនមានកើតជំងឺឱកាសនិយមបង្កដោយបាក់តេរី ដូចជា Pendistrep L.A. (Penicillin) ឬ Betamox L.A. (Amoxicillin) ជាដើម។
- គួរចាក់វីតាមីន AD3E ជំនួយសុខភាព និងបង្កើនប្រព័ន្ធការពាររាងកាយសត្វ ដើម្បីឱ្យសត្វឆាប់ជាពីជំងឺត្រលប់មកសភាពធម្មតាបានឆាប់។
ជារួមមក ទោះជំងឺអុតក្តាមមិនមានថ្នាំព្យាបាលក៏ពិតមែន ប៉ុន្តែសត្វពេញវ័យ ឬសត្វធំភាគច្រើននឹងអាចជាមកវិញបានដោយខ្លួនឯង និងកម្របណ្ដាលឱ្យសត្វស្លាប់ណាស់។ អត្រាស្លាប់ ជាញឹកញាប់កើតឡើងចំពោះសត្វក្មេង ដោយសារសត្វមិនអាចស៊ីចំណី ឬបៅដោះមេបាន និងពិសេសករណីមេគោនោះបានកើតជំងឺអុតក្ដាមដែរ និងមានបញ្ហាខ្វះទឹកដោះ។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ