អូប៊ី ឡាយស្តុក

ពូជគោ និងការជ្រើសរើសពូជគោដែលសមស្របសម្រាប់ចិញ្ចឹមក្នុងកសិដ្ឋាន

ចំណោទដំបូងមួយដែលអ្នកទើបចិញ្ចឹមគោថ្មីៗ ឬអ្នកដែលមានបំណងចង់ចិញ្ចឹមគោតែងចោទសួរនោះគឺ “តើកសិដ្ឋានរបស់ខ្ញុំគួរចិញ្ចឹមគោពូជអ្វី?”។ ជាការពិតណាស់ ការជ្រើសរើសចិញ្ចឹមពូជខុសនឹងធ្វើឱ្យកសិករខាតបង់ជាច្រើន ដូច្នេះអ្នកត្រូវពិចារណាឱ្យបានល្អិតល្អន់ក្នុងការជ្រើសរើសពូជឱ្យបានសមស្របទៅតាមលក្ខណៈអាកាសធាតុ តម្រូវការទីផ្សារ និងទៅតាមស្ថានភាពជាក់ស្តែងនិងគោលបំណងចិញ្ចឹមរបស់កសិដ្ឋានអ្នក ថាតើអ្នកចង់ចិញ្ចឹមគោពូជសុទ្ធដើម្បីលក់ពូជ ឬចិញ្ចឹមគោកូនកាត់ដើម្បីលក់យកសាច់ ឬដើម្បីយកទឹកដោះ។ ការជ្រើសរើសពូជសម្រាប់គោទឹកដោះមិនត្រូវបានយកមកបង្ហាញក្នុងអត្ថបទនេះទេ។ 

ដើម្បីជាមូលដ្ឋានមុនសម្រេចចិត្ត អ្នកត្រូវសិក្សាអំពីភិន និងលក្ខណៈសម្បត្តិរបស់ពូជគោសាច់សំខាន់ៗមួយចំនួន ដែលមានការពេញនិយមចិញ្ចឹមខ្លាំង ដើម្បីយកមកធ្វើការប្រៀបធៀបគ្នា និងត្រូវស្វែងយល់អំពីនិន្នាការនៃការជ្រើសរើសពូជគោមកចិញ្ចឹមរបស់ប្រទេសជិតខាងយើង ដែលមានលក្ខណៈភូមិសាស្ត្រនិងអាកាសធាតុដូចទៅនឹងកម្ពុជាដែរ។

ពូជគោក្នុងស្រុក

គោកណ្តុរកន្លាត ឬគោលឿង

គោកណ្តុរកន្លាត ឬគោលឿងជាពូជដើមនៅក្នុងស្រុក មានពណ៌លឿង កខ្លី ពោះប៉ោង ស្នែងតូចខ្លី។ ពូជគោនេះមានទម្ងន់ពី 150-200 kg ច្រើនឃើញមាននៅខេត្តក្រចេះ ស្ទឹងត្រឹង រតនគីរី មណ្ឌលគីរី និងព្រះវិហារជាដើម។

Credit: alamy stock photo
គោហារីយ៉ាណា

គោហារីយ៉ាណា កសិករខ្មែរយើងច្រើនហៅថាគោកាត់ ឬគោទន្លេ ឬគោស គឺជាគោដែលមានប្រភពនាំចូលពីប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៦ មានពណ៌ស ស្នែងវែង ស្មាមុខនិងត្រគៀករាងតូចស្តើង និងមានប្រវែងដងខ្លួនប្រមាណ១ម៉ែត្រកន្លះ។ គោឈ្មោលមានទម្ងន់ជាមធ្យម 450 kg និងញី 350 kg ជាពូជប្រើក្នុងគោលបំណងសំខាន់ជាកម្លាំងអូសទាញ និងបច្ចុប្បន្នកសិករយើងច្រើនយកពូជនេះដើម្បីចិញ្ចឹមបំប៉នយកសាច់លក់។

ពូជគោបរទេស

អង់ហ្គឹស (Black Angus)

អង់ហ្គឹសជាពូជគោសាច់ នៅតំបន់ត្រជាក់ (Bos taurus) មានប្រភពពីប្រទេសស្កុតឡែនដ៍នៃប្រទេសអង់គ្លេស ជាពូជអត់ស្នែងពីកំណើត មានពណ៌ខ្មៅ ឬក្រហម ។ សត្វឈ្មោលមានទម្ងន់មធ្យម 850 kg និងញី 550 kg។ លក្ខណៈពិសេសរបស់វាគឺផ្តល់សាច់ច្រើន សាច់មានលាយខ្លាញ់ (Marbling) ផ្ទាំងសាច់មានគុណភាពខ្ពស់ និងសាច់មានតម្លៃថ្លៃនៅលើទីផ្សារ។ គោពូជនេះមានអត្តចរិតស្លូត មានភាពសាំងខ្លាំង ឆាប់ពេញវ័យ ហើយជាទូទៅ កូនកើតមកមានទំហំតូចល្មម មិនមានជួបបញ្ហាពិបាកកើតកូនឡើយ។

Credit: Henry Elder/Encyclopædia Britannica, Inc.
វ៉ាឃ្យូ (Wagyu)

ពូជគោវ៉ាឃ្យូជាពូជមានស្នែងត្រង់ ឬកោងទៅមុខបន្តិច និងមានពណ៌ខ្មៅ ឬក្រហម មានប្រភពដើមមកពីប្រទេសជប៉ុន។ វាជាពូជឆាប់ពេញវ័យ គោមេអាចបង្កាត់បានចាប់ពីអាយុត្រឹម១២ខែប៉ុណ្ណោះ និងមានអត្រាបង្កកំណើតខ្ពស់។ ពូជនេះមានភាពល្បីល្បាញត្រង់លក្ខណៈពិសេសមួយគឺសាច់របស់វាមានលាយខ្លាញ់ (Marbling) មានគុណភាពផ្ទាំងសាច់ខ្ពស់ ផុយល្អ រស់ជាតិឆ្ងាញ់ និងមានតម្លៃថ្លៃ។ វ៉ាឃ្យូជាពូជដែលបង្កើតកូនងាយ ដោយសារជាទូទៅ កូនរបស់វាកើតមកមានទំហំតូចល្មមដែរគឺទម្ងន់ចន្លោះពី 30-40 kg។

ប៊ីហ្វម៉ាស្ទើ (Beefmaster)

ប៊ីហ្វម៉ាស្ទើជាពូជគោកាត់៣ឈាម គឺ ប្រាម៉ាន់ 50%, Hereford 25%, Milking Shorthorn 25%។ វាច្រើនមានពណ៌ក្រហមស្រាល ឬក្រហមដិត ពូកែចិញ្ចឹមកូន។ គេអាចចិញ្ចឹមវាយកសាច់ផង និងទឹកដោះផង ហើយពូជនេះមានសាច់ច្រើន ធន់នឹងកម្តៅ ធន់នឹងភាពរាំងស្ងួត និងសត្វល្អិតឬដង្កែ។

Credit: B.E. Fichte
ប្រាងហ្គឹស (Brangus)

ប្រាងហ្គឹសជាពូជគោសាច់កាត់២ឈាម គឺ ប្រាម៉ាន់ 37.5%, Angus 62.5% មានពណ៌ខ្មៅ ឬក្រហម អត់ស្នែង និងមានបូកតូចល្មម។ គោឈ្មោលពេញវ័យអាចមានទម្ងន់ពី 816-907 kg និងញីទម្ងន់ពី 500-545 kg។ គោមេអាចពេញវ័យនៅអាយុ១៤ខែ និងឈ្មោលអាយុប្រមាណ១៨ខែ។ គោពូជនេះទទួលបានលក្ខណៈពិសេសៗរបស់មេបាវាពូជប្រាម៉ាន់ និងអង់ហ្គឹស គឺធន់នឹងកម្តៅ និងសំណើមខ្ពស់ ធន់នឹងអាកាសធាតុត្រជាក់ ពូកែចិញ្ចឹមកូន ធន់នឹងដង្កែ ពូកែស៊ី និងមានកំណើនទម្ងន់លឿន។

Credit: Henry Elder/Encyclopædia Britannica, Inc.
ឥណ្ឌូប្រេស៊ីល (Indu Brazil)

ឥណ្ឌូប្រេស៊ីលជាប្រភេទគោតំបន់ក្តៅ និងមានប្រភពមកពីប្រទេសប្រេស៊ីល ហើយវាមានពណ៌ស ប្រផេះដិត ឬក្រហម និងមានស្លឹកត្រចៀកធំវែង។ ពូជនេះមានកម្ពស់ខ្ពស់ មានឆ្អឹងធំ និងមានសាច់តិចជាងពូជប្រាម៉ាន់។ គេសង្កេតឃើញថា កសិករខ្មែរមានចំណាប់អារម្មណ៍ស្រឡាញ់ពូជនេះច្រើន ដោយសារតែរូបរាងខាងក្រៅរបស់វា និងមានការទិញនាំចូលមកចិញ្ចឹមជាបន្តបន្ទាប់ ប៉ុន្តែវាអាចមិនមែនជាជម្រើសពូជល្អសម្រាប់ចិញ្ចឹមយកសាច់ឡើយ។ អ្នកចិញ្ចឹមត្រូវប្រុងប្រយ័ត្នក្នុងការជ្រើសរើសពូជនេះមកចិញ្ចឹម ព្រោះថាការសាយភាយពូជនេះនៅពេលអនាគតនឹងអាចធ្វើឱ្យការកែលម្អពូជគោសាច់នៅកម្ពុជាជួបផលលំបាក។

ឆារ៉ូឡេ (Charolais) 

គោពូជឆារ៉ូឡេជាគោពូជសាច់មានដើមកំណើតពីទ្វីបអ៊ឺរ៉ុបក្នុងប្រទេសបារាំង ហើយវាមានពណ៌ស ជាពូជមានស្នែង មានដងខ្លួនវែង គោឈ្មោលអាចមានទម្ងន់ពី 907-1,134 kg និងញីមានទម្ងន់ពី 567-907 kg។ លក្ខណៈពិសេសរបស់ពូជនេះគឺមានសាច់ច្រើនខ្លាំង ចិញ្ចឹមធំលឿន ទម្ងន់ធ្ងន់ ងាយគ្រប់គ្រងដោយសារជាពូជស្លូត មិនពិបាកកើតកូន ពូកែស៊ីចំណី អាចសម្របទៅតាមបែបផែនចិញ្ចឹមកាត់ស្មៅឱ្យស៊ី ឬលែងឱ្យស៊ីបានយ៉ាងងាយ។

Credit: Henry Elder/Encyclopædia Britannica, Inc.
ប្រាម៉ាន់ (Brahman)

ប្រាម៉ាន់ជាប្រភេទពូជគោយកសាច់ មានបូកធំ មានពណ៌ក្រហម ឬប្រផេះ។ ពូជនេះសមស្របខ្លាំងសម្រាប់ការចិញ្ចឹមនៅតំបន់ក្តៅ (Bos indicus ឬ Zebu) ហើយគោឈ្មោលមានទម្ងន់ចាប់ពី 800-1,100 kg និងញីមានទម្ងន់ចាប់ពី 500-700 kg។ លក្ខណៈពិសេសរបស់ពូជនេះគឺមានសាច់ច្រើន មានភាពធន់ទៅនឹងអាកាសធាតុក្តៅ ពូកែចិញ្ចឹមកូន ធន់នឹងសត្វល្អិតនិងបារ៉ាស៊ីតខាងក្រៅដូចជាដង្កែជាដើម។

Credit: The Brahman Journal

ទន្ទឹមនឹងការស្គាល់ពូជគោ អ្នកក៏ត្រូវដឹងពីពូជដែលគេពេញនិយមចិញ្ចឹមផងដែរ។ ក្នុងប្រទេសថៃដែលជាប្រទេសមានលក្ខណៈអាកាសធាតុប្រហាក់ប្រហែលកម្ពុជាដែរនោះ យើងសង្កេតឃើញថាប្រទេសនេះមានចំនួនគោសរុបប្រមាណ៥លានក្បាល ដែលក្នុងនោះមានប្រមាណ៣០% ជាគោពូជប្រាម៉ាន់សុទ្ធ ឬពូជកាត់មានឈាមប្រាម៉ាន់ខ្ពស់។ កសិដ្ឋានធំៗជាច្រើននិយមជ្រើសរើសពូជនេះដើម្បីចិញ្ចឹម ហើយពូជប្រាម៉ាន់ ពិសេសប្រាម៉ាន់ក្រហមជាប្រភេទពូជមួយដែលមាននិន្នាការចិញ្ចឹមកើនឡើងក្នុងប្រទេសនេះ ដោយសារលក្ខណៈអំណោយផលរបស់វាក្នុងលក្ខខណ្ឌអាកាសធាតុតំបន់ក្តៅ។ ពូជសាច់ផ្សេងទៀតដែលប្រទេសថៃពេញនិយម មានដូចជាពូជឆារ៉ូឡេ និងអង់ហ្គឹស។

សរុបមក ការជ្រើសរើសពូជគោក្នុងស្រុកមកចិញ្ចឹមយកសាច់ក្នុងទ្រង់ទ្រាយជាកសិដ្ឋានបែបពាណិជ្ជកម្មមិនមែនជាជម្រើសសម្រាប់អនាគតឡើយ។ ប្រសិនបើអ្នកចង់ចិញ្ចឹមគោដែលផ្តល់សាច់ច្រើន ឆាប់ធំ និងធន់នឹងអាកាសធាតុ អ្នកគួរជ្រើសរើសចិញ្ចឹមគោពូជប្រាម៉ាន់ ឬប្រាម៉ាន់កាត់ជាមួយពូជសាច់មានប្រភពមកពីអង់គ្លេសឬអ៊ឺរ៉ុប ដើម្បីទទួលបានសេនេទិកនិងលក្ខណៈសម្បត្តិល្អៗពីគោតំបន់ត្រជាក់។ ហើយពូជគោប្រាងហ្គឹស និងឆារ៉ូឡេ ក៏អាចជាជម្រើសល្អមួយសម្រាប់អ្នកពិចារណាផងដែរ។

ប្រសិនបើគោលដៅកសិដ្ឋានរបស់អ្នកចង់ចិញ្ចឹមគោពូជប្រាម៉ាន់សុទ្ធដើម្បីលក់ធ្វើពូជ អ្នកត្រូវដឹងថា អ្នកក៏ត្រូវចំណាយថ្លៃដើមច្រើន ទៅលើការទិញពូជសុទ្ធពីបរទេស ឬចំណាយលើកម្មវិធីបន្សុទ្ធពូជ និងការបង្កាត់ពូជដោយប្រើបច្ចេកវិទ្យាបង្កាត់សិប្បនិម្មិត AI និងការប្រើប្រាស់ស្ពែមកំណត់ភេទ (Sexed semen) ឬការផ្ទេរអំប្រ៊ីយ៉ុង (ET) ជាដើម។ ប៉ុន្តែការលក់គោពូជក្នុងមួយក្បាលៗ អ្នកក៏បានតម្លៃថ្លៃផងដែរ។

ប្រសិនបើអ្នកចង់ចិញ្ចឹមគោដែលផ្តល់សាច់ដែលមានគុណភាពខ្ពស់ មានលាយខ្លាញ់ (Marbling) និងមានតម្លៃថ្លៃជាងសាច់ធម្មតា អ្នកអាចជ្រើសរើសចិញ្ចឹមពូជអង់ហ្គឹស ឬវ៉ាឃ្យូ ប៉ុន្តែគេគួរតម្រូវឱ្យមានការសិក្សាស្រាវជ្រាវ និងសាកល្បងពិសោធន៍បន្ថែមអំពីលក្ខណៈសមស្របរបស់ពូជទាំងពីរនេះនៅកម្ពុជា ដែលនៅមិនទាន់មានភាពច្បាស់លាស់អំពីផលិតភាពរបស់វានៅឡើយ។ 

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!