ការពិនិត្យផ្ទៃពោះគោ-ក្របីជាបច្ចេកទេសមួយដែលបសុពេទ្យ និងអ្នកចិញ្ចឹមសត្វមិនត្រូវមើលរំលងឡើយ ពីព្រោះវាអាចឱ្យម្ចាស់សត្វដឹងបានច្បាស់ថាសត្វរបស់ខ្លួនដែលបង្កាត់រួចនោះផើមឬទេ និងដើម្បីធានាថាសត្វអាចផ្តល់កូនបានមួយក្បាលក្នុងមួយឆ្នាំ។ ក្នុងការពិនិត្យផ្ទៃពោះ អ្នកបច្ចេកទេសអាចអនុវត្តតាមវិធីសាស្ត្រចំនួន ៣ របៀប គឺ (១) ការពិនិត្យដោយការលូកស្ទាបកូនតាមទ្វារធំ, (២) ការប្រើម៉ាស៊ីនអេកូឆ្លុះ, និង (៣) ការយកឈាមឬទឹកដោះទៅពិនិត្យអ័រម៉ូន។ ខ្លឹមសារក្នុងអត្ថបទនេះនឹងផ្តោតលើបច្ចេកទេសពិនិត្យផ្ទៃពោះដោយការលូកស្ទាបកូន។
១. ការពិនិត្យដោយការលូកស្ទាបកូន
វិធីសាស្ត្រពិនិត្យដោយការលូកស្ទាបរកកូនតាមទ្វារធំ គឺជាបច្ចេកទេសដែលមានការនិយមអនុវត្តជាទូទៅ ដោយសារវាមានភាពងាយស្រួល មានភាពបត់បែន និងមិនត្រូវការឧបករណ៍អ្វីឡើយ។ បសុពេទ្យ ឬអ្នកបង្កាត់ដែលមានបទពិសោធន៍ខ្ពស់អាចលូកស្ទាបដឹងថាសត្វផើម ឬអត់ បានចាប់ពី ៣៥ ថ្ងៃឡើងទៅក្រោយបង្កាត់រួច។ ប៉ុន្តែ គេមិនត្រូវលូកស្ទាបក្រោយបង្កាត់រួចក្រោមអាយុ ៣០ ថ្ងៃឡើយ ដោយសារវាអាចធ្វើឱ្យសត្វរលូតប្រសិនបើសត្វនោះផើម ព្រោះក្នុងរយៈពេលនេះគភ៌នៅមានទំហំតូច និងមិនទាន់ចាប់ជាប់ជាមួយស្បូនរឹងមាំនៅឡើយ។
ភាគច្រើន អ្នកបច្ចេកទេស ច្រើនលូកពិនិត្យក្រោយបង្កាត់បាន ៣ ខែឡើងទៅ ដើម្បីងាយប៉ះកូនដែលធ្វើឱ្យលទ្ធផលមានភាពជាក់លាក់ជាង និងបន្ថយហានីភ័យរលូត។ គេអាចដឹងថាសត្វផើម និងរយៈផើមបានទៅតាមទំហំកូនតាមដំណាក់កាលលូតលាស់របស់កូនដូចខាងក្រោម៖
១.១. អាយុ ២៨-៣៥ថ្ងៃ
ការពិនិត្យផ្ទៃពោះដឹងនៅពេលគភ៌បានអាយុតិចថ្ងៃតម្រូវឱ្យអ្នកបច្ចេកទេសមានជំនាញខ្ពស់ ហើយជាធម្មតា ការពិនិត្យផ្ទៃពោះដោយការលូកនៅពេលមេគោផើមបានតិចថ្ងៃបែបនេះមិនគួរធ្វើឡើយ ដោយសារវាអាចបង្កជាហានីភ័យរលូតកូន ព្រោះគភ៌មិនទាន់ចាប់ជាមួយស្បូនបានរឹងមាំនៅឡើយ។ ប្រសិនបើមានការលូកពិនិត្យ អ្នកបច្ចេកទេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវលូកស្ទាបថ្នមបំផុត។ គេអាចវិនិច្ឆ័យ និងសន្និដ្ឋានបានមេគោនោះផើមបានដោយពិនិត្យឃើញ៖
- វត្តមានអង្គលឿងនៅលើអូវែ ខាងផ្នែកដែលគភ៌តាំងនៅ។
- ចុងដៃស្បូនម្ខាងដែលមានគភ៌ចាប់ទៅផុតអស់ភ្លាមៗ។
- ស្រទាប់ភ្នាសស្បូនរអិលនៅពេលដែលផើមបានចាប់ពី ៣០ថ្ងៃឡើងទៅ។ នៅពេលចាប់ច្បិចដោយប្រើចង្អុលដៃ និងមេដៃលើស្រទាប់ភ្នាសស្បូន គេអាចទទួលអារម្មណ៌ថាស្រទាប់នោះមានលក្ខណៈរអិល និងមានថង់ទឹកភ្លោះមួយជាន់ទៀតនៅខាងក្រោម។ តំបន់ល្អបំផុតក្នុងការស្ទាបរកនៅកន្លែងដែលដៃស្បូនកោងរមួល។
វិធីសាស្ត្រនេះគួរត្រូវបានអនុវត្តដោយបសុពេទ្យ ឬអ្នកដែលមានបទពិសោធន៍ខ្ពស់ប៉ុណ្ណោះ ដោយសារវាអាចធ្វើឱ្យប៉ះពាល់ទៅលើស្រទាប់ភ្នាស់ស្បូន និងអំប្រ៊ីយ៉ុងដែលកំពុងលូតលាស់ ដែលអាចបណ្ដាលឱ្យមានការលូត។
១.២. អាយុ ៣៥-៦២ថ្ងៃ
នៅក្នុងដំណាក់កាលនេះ ការពិនិត្យគួរត្រូវបានធ្វើឡើងដោយបសុពេទ្យ និងអ្នកមានបទពិសោធន៍ខ្ពស់ប៉ុណ្ណោះ ដោយសារតែគ្រោះថ្នាក់ដែលអាចកើតមានលើគភ៌ដែលកំពុងលូតលាស់ជាយថាហេតុ។ គេអាចសន្និដ្ឋានបានពីអាយុរបស់កូនក្នុងចន្លោះរយៈពេលនេះបាន ដោយពិនិត្យឃើញ៖
- ដៃស្បូនមានគភ៌ហាក់ពន្លូតវែង គឺវាបាត់បង់សភាពកោងរមួល។ វាមានសារធាតុរាវនៅក្នុងនោះ ហើយទំហំអង្កត់ផ្ចិតដៃស្បូនមានគភ៌រីកទំហំធំជាងដៃស្បូនម្ខាងទៀតដែលនៅទំនេរ។
- ទង្ងន់បន្ថែមរបស់ដៃស្បូនមានគភ៌ធ្ងន់ជាង និងតែងធ្វើឱ្យដៃស្បូននោះធ្លាក់ក្រោមបន្តិច ឯដៃស្បូនទំនេរមានលក្ខណៈអណ្ដែតឡើង។
១.៣. អាយុ ៦២-៩០ថ្ងៃ
អ្នកបង្កាត់ដែលមានបទពិសោធន៍ច្រើនអាចពិនិត្យដឹងបាន នៅពេលកូនអាយុចាប់ពី ៦៣ថ្ងៃឡើង។
- ស្បូនមានលក្ខណៈដូចប៉ោងប៉ោងជ័រដែលគេច្រកទឹក និងមានអង្កត់ផ្ចិត ១០-១៦ cm។
- ដៃស្បូនទាំងពីរលែងមានទំហំប៉ុនគ្នាទៀតហើយ ដោយដៃស្បូនខាងមានកូនចាប់ផ្ដើមរីកធំជាងខុសប្លែក អាចកត់សម្គាល់បានច្បាស់។
- នៅពេលស្ទាបថ្នមៗ គេអាចប៉ះឃើញគភ៌ដែលមានទំហំប៉ុនកណ្តុរផ្ទះនៅអាយុ ៦០ថ្ងៃ និងប៉ុនកណ្តុរស្រែនៅអាយុ ៩០ថ្ងៃ។
- ទីតាំងរបស់ស្បូននៅមានទីតាំងចន្លោះឆ្អឹងត្រគាកនៅឡើយ និងនៅផ្នែកខាងលើនៃពោះ។
១.៤. អាយុ ៩០-១៥០ថ្ងៃ
ការពិនិត្យផ្ទៃពោះនៅពេលអាយុចាប់ពី ៩០ថ្ងៃឡើងច្រើនមិនបង្កជាហានីភ័យអ្វីទេដល់កូនគោនៅក្នុងពោះ។
- ស្បូនធ្លាក់ចុះក្រោមទៅក្នុងពោះ និងចាប់ផ្តើមពិបាកលូកស្ទាបប៉ះបាន។
- ទំហំរបស់វារីកខ្លាំងដោយសារបរិមាណវត្ថុរាវនៅក្នុងថង់កូនកើនឡើង។
- គភ៌មានទម្ងន់ប្រហែល ២-៣ kg និងមានទំហំប្រហែលនឹងសត្វឆ្មានៅអាយុ ១៥០ថ្ងៃ។
- គេអាចស្ទាបឃើញកញ្ចុំទងសុកជាច្រើនបាន ពិសេសនៅតំបន់តួស្បូន ដែលមានទំហំប្រហែលកាក់ មានអង្កត់ផ្ចិតប្រហែល ១-២ cm នៅអាយុ ៩០ថ្ងៃ។
- សរសៃឈាមអាក់ទែរបស់ស្បូននៅលើដៃស្បូនមានគភ៌រីកទំហំ និងភឺត។ នៅពេលកូនជិតកើតសរសៃឈាមនេះនឹងក្រាស់ និងធំឡើងប្រហែលកូនដៃ។
- ទម្ងន់កាន់តែធ្ងន់របស់កូន ទាញឱ្យទីតាំងរបស់កស្បូនធ្លាក់ចុះក្រោមទៅក្នុងពោះកាន់តែជ្រៅ។ ក្នុងដំណាក់កាលនេះ កស្បូនលែងមានសភាពជាសាច់ដុំរឹងទៀតហើយ ប៉ុន្តែវាបានរីកធំ ប្រែជាទន់ល្មើយ និងក្រាស់។
អ្នកបច្ចេកទេសអាចពិនិត្យសញ្ញាខាងលើនេះ រួមផ្សំជាមួយសញ្ញានៃការផើមខាងក្រៅបន្ថែមផ្សេងទៀតដូចជាការរីកកន្សោមដោះនិងចុងដោះ, ពោះរីកឡើងធំ និង ប្រដាប់ភេទរីកជាដើម។
១.៥. អាយុ ១៥០-២១០ថ្ងៃ
- ទីតាំងរបស់ស្បូនបានធ្លាក់ចុះមកនៅដល់បាតពោះ។
- គេអាចស្ទាបប៉ះកូន និងឡងមកប៉ះដៃវិញបានដោយការសង្កត់វត្ថុរាវក្នុងស្បូននោះ។
- គេអាចស្ទាបប៉ះកញ្ចុំទងសុក និងសសៃឈាមភឺត។
- កូនមានទំហំប៉ុនឆ្កែតូច ទម្ងន់ ៩-១៣ kg។
១.៦. អាយុ ២១០ថ្ងៃ ដល់កើត
- កូនមានទំហំរីកធំ និងងាយក្នុងការស្ទាបប៉ះ។
- កូនអាចបម្រះនៅពេលលូកស្ទាបប៉ះ។
- នៅពេលជិតកើត កូនគោគួរឋិតនៅតំណែងទីតាំងជើងមុខសណ្តូកទៅរកឆ្អឹងត្រគៀក ហើយក្បាលនៅពីចន្លោះជើងមុខ។ នៅអាយុនេះ ក្បាល ត្រចៀក មាត់ ថ្គាមរបស់វាគឺងាយនឹងស្ទាប់ដឹង។ នៅអាយុ ២៧០ថ្ងៃ កូនគោអាចដុះធ្មេញ មួយ ឬពីរ និងអាចខាំដៃអ្នកនៅពេលលូកចំថ្គាមរបស់វា។
២. ការពិនិត្យដោយម៉ាស៊ីនអេកូឆ្លុះ (Ultrasound)
ការប្រើឧបករណ៍ឆ្លុះ ឬអេកូ ចូលតាមទ្វារធំជាវិធីសាស្ត្រទំនើបមួយដែលផ្តល់នៅលទ្ធផលជាក់លាក់ ប្រសិនបើត្រូវបានអនុវត្តដោយបសុពេទ្យជំនាញដែលមានវិជ្ជាជីវៈត្រឹមត្រូវ។ គេអាចពិនិត្យផ្ទៃពោះសត្វបានដឹងលឿនដោយវិធីនេះ ក្រោយសត្វត្រូវបានបង្កាត់ចាប់ពី ២៨ ថ្ងៃប៉ុណ្ណោះ។ គេអាចទទួលបានព័ត៌មានលម្អិតបន្ថែមទៀតលើវិធីលូកស្ទាប ដូចជា ភេទកូន ចង្វាក់បេះដូងរបស់គភ៌ ឬកូនភ្លោះបាន។ គេអាចដឹងអំពីភេទរបស់កូនបាននៅពេលគេពិនិត្យគភ៌នៅពេលសត្វផើមបាន ៥៥-៧០ ថ្ងៃក្រោយបង្កាត់រួច។
៣. ការពិនិត្យដោយការពិនិត្យឈាម ឬទឹកដោះ
សំណាកឈាម ឬទឹកដោះត្រូវបានគេយកដើម្បីវិភាគកម្រិតអ័រម៉ូន Progesterone ក្រោយពីបង្កាត់បាន ២១-២៤ ថ្ងៃ។ ទោះយ៉ាងណា វិធីសាស្ត្រនេះអាចឱ្យគេសន្និដ្ឋានលទ្ធផលខុស ដោយសារតែសត្វដែលមានកម្រិតខ្ពស់នៃអ័រម៉ូន Progesterone អាចមិនបានផើមឡើយ ប៉ុន្តែវាស្ថិតនៅដំណាក់កាលចន្លោះរកឈ្មោល ដែលក្នុងរយៈពេលនេះកម្រិតអ័រម៉ូននេះក៏មានកំណើនដែរ។ វិធីសាស្ត្រនេះពុំសូវមានការពេញនិយមឡើយ។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ