ក្រៅពីការធ្វើស្លាកសញ្ញា (Branding) លើសត្វដោយវិធីត្រាអ៊ុតកម្ដៅ គេក៏អាចប្រើវិធីអ៊ុតដោយសីតុណ្ហភាពបង្កកបានផងដែរ។ ត្រាអ៊ុតបង្កកគឺជាត្រាប្រើសីតុណ្ហភាពត្រជាក់បំផុត ដោយដាក់បង្កកត្រានោះនៅក្នុងធុងមានទឹកនីត្រូសែន។ ពេលខ្លះ គេប្រើដុំទឹកកកស្ងួតលាយជាមួយមេតាណុលជំនួសទឹកអាសូត ប៉ុន្តែវិធីនេះមិនត្រជាក់ខ្លាំងដូចជាការប្រើនីត្រូសែនឡើយ។
ការអ៊ុតដោយការបង្កកជាការប្រើប្រាស់សីតុណ្ហភាពកម្រិតត្រជាក់ក្រោមសូន្យ ដើម្បីបំផ្លាញកោសិកាស្បែកនិងរោមសត្វ។ ស្លាកសញ្ញាសម្គាល់នឹងលេចជារូបរាង នៅពេលរោមសដុះត្រង់កន្លែងដែលបានអ៊ុតនោះ។
- ការអ៊ុតដោយបង្កកធ្វើឱ្យសត្វឈឺចាប់តិចជាងនៅពេលអ៊ុត ប៉ុន្តែនឹងមានការឈឺចាប់ដូចគ្នាប្រហាក់ប្រហែលនឹងការអ៊ុតដោយកម្តៅដែរ នៅពេលក្រោយមក។
- ត្រាអ៊ុតដោយបង្កកមិនសាកសមសម្រាប់ប្រើជំនួសត្រាអ៊ុតដោយកម្តៅទេ ព្រោះវាក្រាស់ជាង និងធ្ងន់ជាង ហើយវាធ្វើឡើយអំពីលោហៈពិសេស ដែលអាចរក្សាបានក្នុងសីតុណ្ហភាពកកក្រោមសូន្យ។
- គុណសម្បត្តិនៃការអ៊ុតដោយបង្កកគឺវាធ្វើឱ្យសត្វឈឺតិចជាងនៅពេលអ៊ុត និងទទួលបានសញ្ញាសម្គាល់ច្បាស់ជាង និងងាយមើលឃើញពីចំងាយ ចំពោះសត្វរោមពណ៌ដិត។
រីឯគុណវិបត្តិនៃការអ៊ុតដោយបង្កកវិញមានដូចជា៖
- អ្នកត្រូវសង្កត់ត្រាអ៊ុតលើសត្វរយៈពេលយូរជាង ធ្វើឱ្យសត្វស្ត្រេសជាងដោយសារការចាប់សត្វទុកយូរ។
- ទឹកនីត្រូសែន ឬដុំទឹកកកស្ងួតមានតម្លៃថ្លៃ។ ការទុកដាក់និងដឹកជញ្ជូនធុងទឹកអាសូតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវការបុគ្គលិកដែលមានជំនាញច្បាស់លាស់ក្នុងការចាត់ចែងទឹកអាសូត ដែលមាន សីតុណ្ហភាព -១៩៦ 0C។
- អ្នកត្រូវកាត់រោមនៅត្រង់តំបន់ត្រូវបោះត្រាចេញសិន ដើម្បីមានផ្ទៃរាបស្មើរល្អ និងឱ្យទទួលបានសញ្ញាដូចៗគ្នា។ ហើយពេលខ្លះគេចូលចិត្តបាញ់អាកុលបន្ថែមមុនពេលអ៊ុត។
- អ្នកទទួលបានលទ្ធផលទទួលបានខុសគ្នាខ្លះ អាស្រ័យលើកម្រាស់ស្បែក និងសម្បុរសត្វ។
- អ្នកមិនអាចមើលឃើញសញ្ញាទេ ចំពោះគោមានពណ៌ស ឬប្រផេះ។
វិធីក្នុងការអ៊ុតដោយបង្កក
- ដាក់ត្រាអ៊ុតក្នុងធុងទឹកអាសូត ឬដុំទឹកកកស្ងួតលាយមេតាណុលមួយសំបក់រហូតដល់ទឹកនីត្រូសែនដែលកំពុងពុះឈប់ពុះ (ជាទូទៅចន្លោះ ៣-៥នាទី)។ អ្នកអាចប្រើ ត្រានោះអ៊ុតបាននៅពេលដែលកន្លែងដងកាន់ក្បែរផ្ទៃទឹកអាសូតឡើងកក។
- ត្រួតពិនិត្យមើលថាសត្វត្រូវបានចងជាប់ល្អឬនៅ។ ដកត្រាអ៊ុតត្រជាក់ចេញពីធុង រួចសង្កត់ឱ្យជាប់លើទីតាំងដែលអ្នកចង់អ៊ុត សម្រាប់រយៈពេល ៣០-៦០វិនាទី អាស្រ័យលើទំហំសត្វ និងសម្បុរពណ៌ស្បែកសត្វ (ចំពោះគោជំទង់ ចន្លោះពី ៤០-៦០វិនាទី, គោទើបផ្តាច់ដោះ ឬកូនគោ ៣០-៥០វិនាទី, គោសម្បុរភ្លឺ ៥០-៦០ វិនាទី)។ រយៈពេលដែលអ្នកត្រូវសង្កត់ត្រាក៏អាស្រ័យលើកម្រាស់ស្បែកគោផងដែរ ដែលវាប្រែប្រួលតាមប្រភេទពូជសត្វ និងទីតាំងត្រូវអ៊ុត។ ចំពោះការអ៊ុតដោយប្រើទឹកនីត្រូសែន រយៈពេលអាចខ្លីជាងបន្តិចបន្តួច ដោយសារវាត្រជាក់ជាងដុំទឹកកកស្ងួត។
- គែមស្លាកសញ្ញានឹងបាត់វិញយ៉ាងឆាប់រហ័ស ហើយផ្ទៃសញ្ញានឹងលេចឡើងចន្លោះពី ១០-២០នាទី។ ផ្ទៃសញ្ញាក៏នឹងបាត់មើលមិនឃើញដូចគ្នា រហូតទាល់តែរោមប្រែពណ៌ បន្ទាប់ពីរយៈពេល ២-៣ សប្តាហ៍ក្រោមមកទៀត។
- អ្នកនឹងមើលឃើញរោមដុះពណ៌សបានច្បាស់ល្អបន្ទាប់ពី ៦-១០សប្តាហ៍ ក្រោយមកទៀត។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ