ការធ្វើប្រ៊ែនគោ (Branding) ឬយីហោ ជាការធ្វើស្លាកសញ្ញាសម្គាល់ម្ចាស់កម្មសិទ្ធសត្វ ដែលអាចមាន ២របៀប គឺការអ៊ុតដោយប្រើកម្តៅ និងការអ៊ុតដោយបង្កក។ ការអ៊ុតដោយបង្កកធ្វើឱ្យសត្វឈឺចាប់តិចជាងនៅពេលអ៊ុតភ្លាមៗ ប៉ុន្តែឈឺចាប់ដូចគ្នានៅពេលក្រោមមក។
ការអ៊ុតកម្លោចដោយប្រើកម្តៅ
ការអ៊ុតដោយប្រើកម្តៅជាការដុតកម្លោចរោមនិងការពាររោមមិនឱ្យដុះឡើងវិញ។ ត្រាអ៊ុតត្រូវតែមានសីតុណ្ហភាពក្តៅល្មមដើម្បីទទួលបានលទ្ធផលល្អ ហើយអ្នកត្រូវប្រើរយៈពេលអ៊ុតឱ្យបានលឿនបំផុតដើម្បីកាត់បន្ថយការឈឺចាប់ដល់សត្វ។
ត្រាអ៊ុតដែលដុតរួចមានពណ៌ខ្មៅដោយសារកម្ដៅមិនគ្រប់គ្រាន់នឹងមិនធ្វើឱ្យអ្នកទទួលបានស្លាកសញ្ញាច្បាស់ល្អទេ។ ចំណែកត្រាអ៊ុតឡើងពណ៌ក្រហមគឺក្តៅពេកនិងធ្វើឱ្យស្បែកសត្វខូច។ ត្រាអ៊ុតដែលឡើងពណ៌ក្រហមក្រមៅជាកម្តៅត្រឹមត្រូវ ល្អបំផុត ដែលធ្វើឱ្យអ្នក ទទួលបានស្លាកសញ្ញាល្អក្នុងរយៈពេលកម្លោច ២-៣ វិនាទី។



ដើម្បីធ្វើប្រ៊ែន អ្នកត្រូវអនុវត្តតាមរបៀបដូចខាងក្រោម៖
- ត្រូវចាប់សត្វបានជាប់ល្អ។ ប្រសិនបើមាន អ្នកអាចប្រើសាឡុងកូនគោដែលអាចផ្តេកផ្ងារកូនគោបាន និងអាចប្រើសាឡុងកៀបសម្រាប់គោធំ។
- ត្រូវពិនិត្យមើលត្រា និងរៀបចំវាឱ្យបានត្រឹមត្រូវ និងជ្រើសរើសប្រើប្រភេទត្រាសម្រាប់ដុតកម្តៅ។
- ត្រូវប្រាកដថាទីតាំងធ្វើស្លាកសញ្ញាមានអនាម័យស្អាត និងមិនមានធូលី ឬលាមកសត្វ ដែលអាចចម្លងរោគទៅក្នុងរោមនិងស្បែកសត្វតាមរយៈឧបករណ៍ត្រាក្រោយពេលអ៊ុត។
- ដកត្រាពីចង្ក្រានដុត និងត្រូវសង្កត់ត្រាអ៊ុតឱ្យជាប់នឹងស្បែកគោ រយៈពេល ២-៣ វិនាទី ដោយរង្កៀកវាជុំវិញថ្នមៗបើចាំបាច់ ដើម្បីឱ្យកម្លាំងសង្កត់បានសប់គ្រប់ទីតាំងល្អ។ ត្រូវចាប់កាន់ត្រាឱ្យជាប់ដើម្បី ការពារត្រារបូតពីដៃដែលធ្វើឱ្យសញ្ញាប្រតាក។ និមិត្តសញ្ញាដែលល្អគួរមានពណ៌ត្នោតបន្តិចជាប់នៅលើស្បែកក្រោយអ៊ុតរួចភ្លាមៗ។
- ត្រូវសម្អាតត្រាអ៊ុតឱ្យបានញឹកញាប់ដើម្បីកុំឱ្យមានរោមឬស្បែកនៅសេសសល់លើឧបករណ៍ ដែលអាចកាត់បន្ថយកម្តៅត្រាពេលអ៊ុត។
- មិនត្រូវអ៊ុតសត្វដែលទទឹក ឬខ្លួនសើមឡើយព្រោះនឹងធ្វើឱ្យសីតុណ្ហភាពកម្តៅត្រាមិនគ្រប់គ្រប់នៅពេលអ៊ុត។ ទឹកសើមនៅលើស្បែកនឹងពុះ ធ្វើឱ្យសត្វរលាក និងបង្ករឱ្យមានការឈឺចាប់ខ្លាំង ហើយស្លាកទទួលបានមិនច្បាស់។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ