នៅក្នុងការធ្វើជំនួញគោ វិធីប៉ាន់ស្មានអាយុសត្វមានសារៈប្រយោជន៍ណាស់ចំពោះទាំងអ្នកចិញ្ចឹមសត្វ និងឈ្មួញដើម្បីអាចប៉ាន់តម្លៃសត្វ។ ដើម្បីអាចកំណត់អាយុប្រហាក់ប្រហែលរបស់សត្វរស់បាន វិធីងាយនិងឆាប់រហ័សដែលមានការនិយមប្រើនោះគឺការរាប់ចំនួនធ្មេញអចិន្ត្រៃយ៍របស់សត្វ ។
ដូចទៅនឹងសត្វផ្សេងៗទៀតដែរ គោកើតមកចាប់ផ្ដើមដោយមានដុះធ្មេញទឹកដោះ ឬហៅថាធ្មេញព្រៃ។ បន្ទាប់មក នៅពេលសត្វធំមានអាយុប្រហែល ២ឆ្នាំ ធ្មេញព្រៃទាំងនោះនឹងជ្រុះចេញដោយត្រូវបានជំនួសដោយធ្មេញស្រុកដែលជាធ្មេញអចិន្ត្រៃយ៍វិញ។ ចំពោះសត្វគោ ធ្មេញដុះចេញមកជាគូរៗ ដោយចាប់ផ្ដើមដុះពីធ្មេញកណ្ដាលទៅមុន និងបន្តបន្ទាប់រហូតដល់ពេញគ្រប់ចំនួន ៤គូរ។ ដូចនេះហើយ គេអាចរាប់ចំនួនធ្មេញបាននៅពេលធ្មេញណាមួយនៃគូររបស់វាចាប់ផ្ដើមដុះចេញពីអញ្ចាញ។
ទោះយ៉ាងណា អាយុរបស់សត្វតាមវិធីតាមការរាប់ចំនួនធ្មេញនេះមានការខុសគ្នាបន្តិចបន្តួចទៅតាមសត្វនីមួយៗ ពូជ កត្តាចំណី និងឥទ្ធិពលអាកាសធាតុភូមិសាស្ត្រ។ ឧទាហរណ៍ដូចជាពូជគោអង់គ្លេសនៅតំបន់ត្រជាក់ដែលពូជគោអត់បូក ដូចជាអង់ហ្គើស ជាទូទៅឆាប់ពេញវ័យជាងនឹងដុះធ្មេញនៅអាយុតិច លឿនជាងប្រភេទគោពូជមានបូករស់នៅតំបន់ក្ដៅ ដូចជាពូជប្រាម៉ាន់ជាដើម។
ចំនួនធ្មេញ | ពូជ | អាយុជាមធ្យម នៅពេលធ្មេញចាប់ដុះចេញពីអញ្ចាញ (ខែ) | អាយុចន្លោះ នៅពេលធ្មេញចាប់ដុះចេញពីអញ្ចាញ (ខែ) |
2 | ពូជអង់គ្លេសពូជគោប្រាម៉ាន់ | 24 26 | 21-27 23-29 |
4 | ពូជអង់គ្លេសពូជគោប្រាម៉ាន់ | 31 33 | 26-36 28-38 |
6 | ពូជអង់គ្លេសពូជគោប្រាម៉ាន់ | 38 41 | 32-44 35-47 |
8 | ពូជអង់គ្លេសពូជគោប្រាម៉ាន់ | 46 51 | 39-54 43-58 |





រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ