ជាធម្មតា គោរកឈ្មោលមានបង្ហាញសញ្ញា និងអាការៈច្បាស់ៗងាយសង្កេតដឹង ដូចជា៖ ឡើងពាក់គោដទៃ, ប្រដាប់ភេទរីក, មានធ្លាក់ទឹករំអិល, ស្រែករោទ៍, ឆ្លេឆ្លា, អន់ចំណី, ឈរនឹង។ល។ ដោយឡែក មានសត្វខ្លះរកឈ្មោលស្ងាត់ គឺមិនបង្ហាញអាការៈទាំងនេះឡើយ ដែលធ្វើឱ្យការកំណត់ពេលវេលាបង្កាត់មានការលំបាក។ ករណីនេះជាបញ្ហាធំមួយសម្រាប់អ្នកចិញ្ចឹមគោជាច្រើន ព្រោះវាធ្វើឱ្យម្ចាស់សត្វខាតពេលវេលា និងថវិកា ដោយមិនបានដឹងថាគោខ្លួនរកឈ្មោល ឬសង្ស័យថារកឈ្មោល ប៉ុន្តែបង្កាត់មិនជាប់។
គោរកឈ្មោលស្ងាត់នឹងមិនបង្ហាញសញ្ញាច្បាស់លាស់ឡើយ ដោយគ្រាន់តែអាចមានប្រដាប់ភេទរីកបន្តិច ឬមានចេញទឹករំអិលបន្តិចបន្តួច។ បញ្ហានេះច្រើនកើតលើមេក្រមុំ, សត្វចិញ្ចឹមបង្ខាំងក្នុងក្រោល ឬសត្វដែលចិញ្ចឹមមានតែម្នាក់ឯង។ សត្វរកឈ្មោលស្ងាត់ ពិបាកសង្កេតដឹងនឹងភ្នែក ពិបាកបង្កាត់ឱ្យជាប់ជាងសត្វធម្មតា និងត្រូវព្យាយាមដោះស្រាយ។
មូលហេតុចម្បង៖
- សត្វខ្វះចំណី ឬចំណីមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ពិសេសកង្វះសារធាតុរ៉ែ។
- អតុល្យភាពអ័រម៉ូនភេទ ប្រូជេស្តេរ៉ូន (Progesterone) និង អឺស្ត្រូសែន (Oestrogen) ធ្វើឱ្យសត្វមិនបង្ហាញអាការៈភេទ។
ដំណោះស្រាយ៖
- ផ្តល់បរិមាណចំណីមានគុណភាព និងមានសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ ពិសេសចំណីបៃតង ។
- ចាក់វីតាមីនជំនួយប្រព័ន្ធបន្តពូជ ដូចជា វីតាមីន AD3E ឬ វីតាមីន Catosal, វីតាមីន E + Selenium , និងផ្តល់សារធាតុរ៉ែជំនួយដូចជា ម្សៅ Premix សម្រាប់គោ។
- ត្រូវកត់ត្រាថ្ងៃខែ ជាមួយនឹងសញ្ញាសង្ស័យរកឈ្មោលលើកនេះ ដើម្បីទុកផ្ទៀតផ្ទាត់រយៈពេល ២១ថ្ងៃក្រោយ ថាមានសញ្ញាដូចលើកនេះទៀតឬទេ និងត្រូវជុំរបស់វាដែរឬទេ។
- ប្រើអ័រម៉ូនដើម្បីជំរុញឱ្យសត្វរកឈ្មោល និងបង្ហាញអាការៈបានច្បាស់ ដូចជា CIDR, PG, និង GnRH។
- ប្រើគោឈ្មោលឱ្យតាមដានមេ (Teaser bull ឬ Checker) ដើម្បីដឹងនៅពេលវាឡើងពាក់ និងបញ្ជាក់ថាមេនោះរកឈ្មោលពិតមែន។ គោឈ្មោលសម្រាប់តាមដាននេះគឺជាគោពិសេសដែលត្រូវបានគេវះកាត់ដោយចងនិងកាត់ផ្តាច់បំពង់មេជីវិត។ វាអាចដឹងថាមេណារកឈ្មោលបានយ៉ាងលឿន និងច្បាស់លាស់ និងអាចឡើងពាក់បានជាធម្មតាទោះជាមេគោនោះរកឈ្មោលស្ងាត់ក៏ដោយ ប៉ុន្តែវាមិនអាចមានកូនបានឡើយ។
- ឱ្យបសុពេទ្យ ឬអ្នកបង្កាត់មានជំនាញមកលូកមើលសភាពស្បូន និងវត្តមានអង្គលឿន (CL) ថាវារកឈ្មោលពិតមែនឬទេមុននឹងបង្កាត់។ នៅពេលគោរកឈ្មោលគឺពុំមាន CL នៅលើអូវែឡើយ។
- ក្នុងការបង្កាត់ ត្រូវបង្កាត់ ២ដង ពេលផ្សេងគ្នាដោយគម្លាតគ្នា ១២ម៉ោង។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ