OB LIVESTOCK

អត្ថប្រយោជន៍ និងរបៀបដាំដំណាំចំណីសត្វ ប្រភេទសណ្ដែកស្តាយឡូ ហាម៉ាតា

ការចិញ្ចឹមគោបច្ចុប្បន្នពុំអាចពឹងផ្អែកលើវាលស្មៅធម្មជាតិទៀតឡើយ ដោយហេតុថាស្មៅធម្មជាតិមានបរិមាណ និងគុណភាពទាប និងម្យ៉ាង ទំហំផ្ទៃវាលស្មៅធម្មជាតិមានការរួមតូចជាលំដាប់។ ដូចនេះហើយ ទើបអ្នកចិញ្ចឹមសត្វត្រូវកែប្រែទម្លាប់ថ្មីដោយងាកមកដាំស្មៅដើម្បីជាចំណីសត្វឱ្យបានគ្រប់គ្រាន់។ នៅក្នុងដំណាំចំណីសត្វ គេអាចដាំពូជស្មៅនាំចូល និងដំណាំលេហ្គីម ឬពពួកសណ្តែកបាន។ លេហ្គីមជាដំណាំចំណីគោដ៏មានសារៈសំខាន់ ដោយសារវាមានប្រូតេអុីនខ្ពស់ និងជួយបង្កើនគុណភាពដី ប៉ុន្តែដំណាំប្រភេទនេះហាក់ពុំទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជាឡើយ។ អ្នកចិញ្ចឹមសត្វគួរស្វែងយល់បន្ថែមពីអត្ថប្រយោជន៍ និងរបៀបដាំដំណាំចំណីសត្វនេះដើម្បីធ្វើឱ្យបង្កើនផលិតភាពសត្វ។

លក្ខណៈស្មៅ និងសារៈសំខាន់

ស្តាយឡូជាដំណាំចំណីសត្វប្រភេទលេហ្គីមវល្លិ ឬសណ្តែក មានឈ្មោះវិទ្យាសាស្ត្រ Stylosanthes hamata (L.) Taub អាចប្រើប្រាស់ជាចំណីគោដ៏មានគុណភាព និងជួយបង្កើនជីវជាតិក្នុងដី។ សណ្តែកពូជនេះមានភាពធន់ទៅនឹងជំងឺ Anthracnose មានលក្ខណៈដើមវល្លិឈរត្រង់ មានកម្ពស់ ៣០-៧៥ cm មានទងនិងឬសរឹងមាំ មានស្លឹកឆែកជា៣ស្លឹកតូចៗ ទ្រវែង និងមានចុងស្លឹកស្រួច។ ស្តាយឡូជាសណ្តែកដែលផ្តល់ទិន្នផលស្មៅស្ងួតច្រើន មានគុណភាពខ្ពស់ ព្រោះវាមានប្រូតេអុីនខ្ពស់ជាងដំណាំចំណីសត្វផ្សេងៗទៀត មានប្រូតេអុីនចន្លោះ ១៦-២០% និងផ្តល់ទិន្នផលស្មៅស្ងួតប្រមាណ ១៣-១៨តោន/ឆ្នាំ។ លក្ខណៈបន្តពូជរបស់វាដោយគ្រាប់ និងចេញផ្កានៅខែកំឡុងខែធ្នូ។

រូបភាពដើម ធាង និងស្លឹករបស់ដំណាំស្តាយឡូ។ ដំណាំនេះអាចជួយរក្សាតុល្យភាពគុណភាពដី និងជាដំណាំចំណីគោយ៉ាងល្អប្រសើរ។

សណ្តែកស្តាយឡូអាចដុះលូតលាស់លើដីច្រើនប្រភេទ អាចសម្របខ្លួនបានលើដីដែលមានគុណភាពទាបនិងមានជាតិអាស៊ីត ធន់នឹងភាពរាំងស្ងួតបានល្អ តែវាមិនធន់នឹងដីលិចទឹកឡើយ។ នៅរដូវប្រាំងស្មៅនេះនៅតែមានពណ៌បៃតងល្អ សាកសមប្រើសម្រាប់ជាដំណាំចំណីសត្វដែលផ្តល់ប្រូតេអុីនបន្ថែមដល់សត្វចិញ្ចឹម ហើយអ្នកអាចកាត់វាឱ្យគោស៊ី ឬលែងគោឱ្យចូលស៊ីបាន។

បរិមាណទិន្នផល

ស្តាយឡូជាប្រភេទដំណាំចំណីសត្វអចិន្ត្រៃយ៍មានអាយុកាលច្រើនឆ្នាំ ដែលអាចផ្តល់ទិន្នផលគិតជាម៉ាសស្ងួតឬស្មៅស្ងួត ចាប់ពី ១៣-១៨តោន/ហិចតា/ឆ្នាំ។ នៅក្នុងមួយរដូវវស្សា វាផ្តល់ទិន្នផលស្មៅស្ងួតច្រើនជាងរដូវប្រាំង ជាមធ្យមប្រហែល ១០តោន/ហិចតា ឯក្នុងរដូវប្រាំងទិន្នផលប្រហែល ៥តោន/ហិចតា។

បរិមាណប្រូតេអុីន

ស្មៅស្តាយឡូមានប្រូតេអុីនចន្លោះ ១៧-២៤% ក្នុងស្លឹកខ្ចី និង ៦-១២% ក្នុងដើមនិងធាង ប្រែប្រួលអាស្រ័យទៅតាមអាយុ និងលក្ខខណ្ឌដាំដុះ។ ក្នុងរដូវប្រាំងបរិមាណប្រូតេអ៊ីនរបស់វានឹងមានការធ្លាក់ចុះជាងនេះ។

ផលិតកម្មសត្វ

តាមការកត់ត្រា គោដែលស៊ីស្មៅសណ្តែកស្តាយឡូតែមួយមុខដោយមិនមានផ្តល់ចំណីបំប៉នបន្ថែមផ្សេងឡើយ អាចកើនទម្ងន់បានចន្លោះពី ៣០០-៦០០ ក្រាម/ក្បាល/ថ្ងៃ។ ចំណែកគោទឹកដោះដែលស៊ីស្មៅស្តាយឡូនេះ ផ្សំជាមួយស្មៅ Jarra digit អាចផលិតទឹកដោះបាន ១៦ លីត្រ/ក្បាល/ថ្ងៃ។

ការផ្តល់ស្មៅឱ្យសត្វ

ស្មៅនេះគេអាចផ្តល់ឱ្យគោស៊ីតាមមធ្យោបាយកាត់ឱ្យស៊ីក៏បាន ឬលែងគោឱ្យចូលស៊ីក្នុងវាលស្មៅក៏បាន។ ប៉ុន្តែវិធីលែងគោឱ្យចូលស៊ីមានការពេញនិយមជាងវិធីកាត់ឱ្យស៊ី ហើយគេអាចគ្រប់គ្រងវាលស្មៅក្នុងឡូត្តិ៍ស្មៅបាន ដោយឱ្យគោចូលស៊ីតាមលក្ខណៈវិលជុំ ឬលែងសត្វចូលស៊ីក្នុងឡូត្តិ៍ស្មៅជាអចិន្ត្រៃយ៍តែម្តង។

វិធីដាំ

ប្រសិនបើអ្នកបង្កើតវាលស្មៅស្តាយឡូសុទ្ធមួយមុខតែឯង ត្រូវព្រោះគ្រាប់ពូជស្តាយឡូក្នុងបរិមាណ ៦-១០ គីឡូក្រាម/ហិចតា។ ពូជស្មៅនេះអាចដាំតែឯង ឬដាំលាយគ្នាជាមួយស្មៅម៉ូឡាតូ II ដោយត្រូវព្រោះគ្រាប់ពូជក្នុងអត្រា ២ គីឡូក្រាម/ហិចតា គ្រាប់ពូជស្តាយឡូ និង ៨ គីឡូក្រាម/ហិចតា គ្រាប់ពូជម៉ូឡាតូ II។ អ្នកត្រូវរៀបចំដីឱ្យស្អាតល្អ និងព្រោះគ្រាប់ពាសពេញលើផ្ទៃដី រួចបោសលុបគ្រាប់វា ដោយអាចប្រើមែកឈើ ឬអំបោស។ អ្នកត្រូវលុបគ្រាប់ពូជកុំឱ្យកប់ជ្រៅលើសពី ១-២ cm ហើយវាងាយដាំប្រសិនអ្នកដាំវាដោយភ្ជួររាស់ដី។ ស្មៅនេះនឹងដោះបានល្អនៅលើដីដែលមិនជាំទឹក ដោយមានអត្រាដំណុះ ៩៩-១០០% ក្នុងរយៈពេល៣ថ្ងៃ។ នៅរដូវប្រាំងអ្នកត្រូវស្រោចស្រពទឹកឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យស្មៅនៅលូតលាស់បានល្អ និងអាចឱ្យគោស៊ីបានជាប្រចាំ។

ការដាក់ជី

អ្នកអាចដាក់ជីគីមី រូបមន្ត ១៥-១៥-១៥ ក្នុងអត្រា ២៥-៥០ គីឡូក្រាម / រ៉ៃ ស្មើនឹង ១៥៦-៣១២គីឡូក្រាម/ហិចតា នៅពេលដែលសំណាបបានអាយុ ១ ខែ ហើយគួរប្រើជីលាមកសត្វឬជីសរីរាង្គ ១-២ ដងក្នុងមួយឆ្នាំដើម្បីបង្កើនជីជាតិដី។

ការប្រើឱ្យជាប្រយោជន៍

អ្នកអាចកាត់សណ្តែកស្តាយឡូ ឱ្យសត្វស៊ី លើកដំបូងនៅពេលដែលសណ្តែកមានអាយុប្រហែល ៧០-៨០ ថ្ងៃ និងអាចកាត់បន្ទាប់លើកក្រោយរៀងរាល់ ៤៥-៦០ ថ្ងៃម្តង ដោយកាត់កម្ពស់ ១៥-២០cm ពីលើដី។ ប៉ុន្តែអ្នកមិនគួរកាត់ឬព្រលែងសត្វឱ្យចូលស៊ីញឹកញាប់ពេកនៅក្នុងឆ្នាំដំបូងឡើយ ពីព្រោះប្រព័ន្ធឬស និងដើមរបស់វាមិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយ។

បន្ទាប់ពីកាត់និងលែងសត្វស៊ីស្មៅ គួរទុកស្មៅរយៈពេល ៤៥-៦០ ថ្ងៃដើម្បីឱ្យសណ្តែកលេហ្គីមដុះថ្មី ហើយយល់ល្អបំផុត អ្នកគួរបន្ថែមជីលាមកសត្វ ឬជីសរីរាង្គផងដែរ។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!