OB LIVESTOCK

ជំងឺប៉េស្តជ្រូកអាហ្វ្រិក៖ រោគសញ្ញា និងវិធានការការពារ

ជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) គឺជាជំងឺឆ្លងលើសត្វជ្រូកកាចសាហាវមួយ បង្កដោយប្រភេទវីរុសគ្រួសារ Asfarviridae ដែលមានភាពធន់ទៅនឹងបរិស្ថានខាងក្រៅ និងអាចរស់នៅក្នុងសាច់ឆៅបានច្រើនឆ្នាំ។ ជំងឺនេះឆ្លងតែពីជ្រូកទៅជ្រូកប៉ុណ្ណោះ និងមិនមែនជាជំងឺឆ្លងមកមនុស្សឡើយ។

ជាទូទៅ ជំងឺប៉េស្តជ្រូកអាហ្វ្រិកធ្វើឱ្យអត្រាសត្វឈឺដល់ 100% និងអត្រាស្លាប់ 30-100% ចំណែកកូនជ្រូកមានអត្រាស្លាប់ខ្ពស់ 80-100% ក្នុងរយៈពេល 14 ថ្ងៃ។ ជំងឺនេះមិនមានថ្នាំព្យាបាលឡើយ និងមិនទាន់មានវ៉ាក់សាំងការពារជំងឺនៅឡើយទេ។

១. ការចម្លងមេរោគ

  • ឆ្លងតាមការប៉ះពាល់ដោយផ្ទាល់ទឹករងៃសត្វឈឺ
  • ការដកដង្ហើមចូលមេរោគ
  • ឆ្លងតាមសត្វដង្កែទន់ខាំ (Ornithodoros)
  • ការស៊ីចំណីដែលមានប្រឡូកប្រឡាក់មេរោគ
  • សម្ភារ និងឧបករណ៍ប្រើប្រាស់ក្នុងកសិដ្ឋាន និងកាកសំណល់ផ្សេងៗដែលមានជាប់មេរោគ។

២. រោគសញ្ញា

ក. ទម្រង់ស្រួចស្រាវខ្លាំង
  • សត្វស្លាប់ភ្លាមៗដោយមិនបង្ហាញរោគសញ្ញា ឬមានរោគសញ្ញាតិចតួច។
ខ. ទម្រង់ស្រួចស្រាវ
  • គ្រុនក្តៅខ្លាំង (40.5-42 oC)
  • បរិមាណគ្រាប់ឈាមស និងប្លាកែតធ្លាក់ចុះដំណាក់កាលដំបូងៗ (48-72h)
  • ឡើងស្នាមកន្ទួលក្រហមលើស្បែកដោយសារមានការបែកគ្រាប់ឈាម ឬស្នាំជាំ (ជ្រូកស) ពិសេសនៅត្រង់ចុងត្រចៀក, កន្ទុយ, ជើង, ទ្រូង និងពោះ
  • អន់ចំណី, អស់កម្លាំង, ស្បែកប្រែពណ៌ស្វាយ និងសត្វដេកដួលមិនអាចបញ្ជាចលនារាងកាយបាន ក្នុងរយៈពេល 24-48 ម៉ោង មុននឹងស្លាប់
  • អត្រាដកដង្ហើម និងជីពចរកើនឡើង
  • អាចមានសញ្ញាក្អួត, រាគ (ពេលខ្លះមានឈាម), និងហូរទឹកភ្នែក ទឹកសំបោរ
  • សត្វស្លាប់ក្នុងរយៈពេល 6-13 ថ្ងៃ ឬអាចដល់ 20 ថ្ងៃ
  • អាចរលូតចំពោះមេជ្រូកផើម
  • ជាទូទៅ ជ្រូកស្រុកមានអត្រាស្លាប់ 100%។
គ. ទម្រង់មិនស្រួចស្រាវ
  • មានរោគសញ្ញាស្រាលជាង ក្នុងកម្រិតមធ្យម ដូចជាគ្រុនក្តៅបន្តិចបន្តួច, ស៊ីចំណីថយចុះ, ធ្លាក់ទឹកចិត្ត
  • រយៈពេលឈឺ 5-30 ថ្ងៃ
  • រលូតចំពោះមេជ្រូកផើម
  • សត្វស្លាប់ក្នុងរយៈពេល 15-45 ថ្ងៃ
  • អត្រាស្លាប់ទាបជាង ក្នុងរង្វង់ 30-70%។
ឃ. ទម្រង់រាំរ៉ៃ
  • ស្រកទម្ងន់, សត្វឡើងកម្តៅខ្លួនខ្ពស់ចុះឡើងមិនទៀងទាត់, សញ្ញាផ្លូវដង្ហើម, ដំបៅស្បែក, រលាកសន្លាក់
  • រលាកភ្នាសបេះដូង (Pericarditis), ហើមសន្លាក់
  • រយៈពេលវិវឌ្ឍជំងឺអាច 2-15 ខែ
  • អត្រាស្លាប់ទាប
  • សត្វដែលនៅរស់មួយចំនួនតូចអាចក្លាយជាអ្នកផ្ទុកជំងឺមួយជីវិត។

៣. វិធានការការពារ និងការគ្រប់គ្រងជំងឺ

ជំងឺនេះគ្មានវ៉ាក់សាំង និងគ្មានថ្នាំព្យាបាលឡើយ ដូចនេះវិធីល្អបំផុតតែមួយគឺការអនុវត្តវិធានការជីវសុវត្ថិភាព (Biosecurity) ដែលជាវិធានការអនាម័យ និងការធ្វើរនាំងការពារការនាំចូលមេរោគពីខាងក្រៅចូលកន្លែងចិញ្ចឹម។ គេអាចអនុវត្តវិធានការជីវសុវត្ថភាពបានដូចខាងក្រោម៖

  • អនុវត្តវិធានការការពារមេរោគចូលកសិដ្ឋានឱ្យបានតឹងតែងបំផុត ដូចជា៖ រាល់ការដាក់ជ្រូកថ្មីចូលត្រូវដឹងពីប្រភពជ្រូកឱ្យបានច្បាស់លាស់ និងមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃចេញចូលកសិដ្ឋានបើគ្មានភារកិច្ច។ ក្នុងករណីមានការចេញចូលត្រូវបាញ់ថ្នាំសម្លាប់មេរោគទាំងលើសម្លៀកបំពាក់ និងយាន្តជំនិះ។
  • នៅពេលទិញជ្រូកថ្មីចូល ត្រូវដាក់ក្នុងទ្រុងចត្តាឡីស័ក្តមួយដាច់ដោយឡែករយៈពេលយ៉ាងតិច 30 ថ្ងៃ មុននឹងបញ្ចូលជាមួយជ្រូកក្នុងទ្រុកចាស់ដែលមានស្រាប់
  • ត្រូវមានដាក់ធុង ឬកន្លែងជ្រលក់ជើងមុខទ្វារទ្រុង ដោយមានលាយជាមួយកំបោរស និងទឹកអូសាប៊ែល ហើយត្រូវប្តូរទឹកថ្មីឱ្យបានញឹកញាប់។ ត្រូវលាងសម្អាតដៃនឹងសាប៊ូមុន និងក្រោយពេលចូលក្នុងទ្រុងចិញ្ចឹម។
  • ត្រូវដូរស្បែកជើង និងសម្លៀកបំពាក់សម្រាប់ពាក់ចូលទ្រុង។
  • ប្រសិនដាក់បាពីខាងក្រៅមកបង្កាត់ពូជ ត្រូវសាកសួរ ឬស៊ើបថាបាជ្រូកនោះមានបានយកទៅបង្កាត់នៅតំបន់ដែលមានផ្ទុះជំងឺដែរ ឬទេ។
  • ប្រសិនផ្តល់កាកសំណល់ផ្ទះបាយឱ្យសត្វជ្រូក ត្រូវចំអិនកាកសំណល់ទាំងនោះឱ្យបានឆ្អិនល្អមិនឱ្យជ្រូកស៊ី។
  • នៅពេលលាងសាច់ជ្រូកដែលទិញពីផ្សារមក មិនត្រូវជះលើឬក្បែរទ្រុងចិញ្ចឹម ដោយត្រូវចាក់ទឹកប្រព័ន្ធលូឱ្យបានល្អ។
  • គួរចៀសវាសការទទួលទានសាច់ជ្រូកព្រៃ ឬយកជ្រូកព្រៃមកចិញ្ចឹមក្បែរទ្រុងជ្រូកស្រុក ព្រោះជ្រូកព្រៃជាភ្នាក់ងារចម្លងមេរោគ ដោយវាមានផ្ទុកមេរោគប៉ុន្តែមិនបង្ហាញរោគសញ្ញាឡើង
  • លាងបាញ់សម្លាប់មេរោគក្នុងទ្រុង ស្នូកចំណី និងឧបករណ៍ សម្ភារប្រើប្រាស់ក្នុងកសិដ្ឋានឱ្យបានញឹកញាប់។
  • នៅពេលដាក់ជ្រូកថ្មីចូល ត្រូវបោសសម្អាតដី និងលាមកចេញពីទ្រុងឱ្យបានស្អាត មុនបាញ់ថ្នាំសម្លាប់មេរោគ។ ត្រូវជ្រើសរើសប្រើថ្នាំសម្លាប់មេរោគដែលមានគុណភាព និងជាប្រភេទអាចសម្លាប់វីរុសប៉េស្តជ្រូកអាហ្រ្វិក (ASF) បាន។
  • បាញ់ថ្នាំសម្លាប់សត្វល្អិតជញ្ជក់ឈាម ពិសេសសត្វដង្កែទន់ដែលជាភ្នាក់ងារចម្លងរោគ
  • ប្រសិនមានផ្ទុះជំងឺក្នុងទ្រុង ហាមចលនាជ្រូកឈឺចេញពីកសិដ្ឋាន និងត្រូវកប់ចោល ឬដុត និងបាញ់សម្លាប់មេរោគឱ្យបានគត់ម៉ត់។
  • ចៀសវាងចូលទៅទ្រុកជ្រូកដទៃដែលកំពុងផ្ទុះជំងឺ។
  • ត្រូវរាយការណ៍ទៅបសុពេទ្យ ឬអាជ្ញាធរក្នុងករណីសង្ស័យមានផ្ទុះជំងឺបេស្តជ្រូកអាហ្វ្រិកនេះ។

រក្សាសិទ្ធិ © ដោយ អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!