ពូជ
- នៅក្នុងប្រទេសអូស្ត្រាលីបច្ចុប្បន្នមានក្ទម្ពទេស ឬកន្ធំថេតចំនួន ៥ ពូជ គឺ ប៉េរូ (Peru), ខាន់នីងហេម (Cunningham), តារ៉ាមបា (Tarramba), វ៉ុនដឺហ្គ្រេស (Wondergraze), និង រ៉េតឡែនដ៍ (Redlands)។ ពូជ Redlands ជាប្រភេទពូជថ្មីដែលត្រូវបានគេបង្កាត់ឡើងក្នុងឆ្នាំ ២០១៧ ឱ្យមានភាពធន់ខ្លាំងទៅនឹងសត្វល្អិតបំផ្លាញ Psyllids។
- ពុំមានឯកសារបញ្ជាក់ច្បាស់អំពីពូជក្ទម្ពទេសមានដុះនៅកម្ពុជាឡើង ប៉ុន្តែកម្ពុជាទំនងមានពីរប្រភេទ គឺ Cunningham និង Tarramba ដែលត្រូវបានគេយកមកដាំតាមគម្រោងរបស់អូស្ត្រាលី ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសថៃ និងកម្ពុជា តាំងពីឆ្នាំ ១៩៩៨។
- ពូជ Cunningham ជាប្រភេទគុម្ព ទិន្នផលខ្ពស់ និង មានមែកធាងច្រើន រីឯពូជ Tarramba មានលក្ខណៈជាដើមឈើខ្ពស់ជាង។
អត្ថប្រយោជន៍
- ក្ទម្ពទេសជាដំណាំលេហ្គីមប្រភេទដើម ដ៏មានសារៈសំខាន់នៅក្នុងផលិតកម្មសត្វ ព្រោះវាមានប្រូតេអ៊ីនខ្ពស់ រស់ជាតិឆ្ងាញ់ សត្វចូលចិត្តស៊ី ដែលជាចំណីសត្វយ៉ាងល្អប្រសើរ។ វាជួយឱ្យដីមានជីជាតិ (Nitrogen fixation) និងច្រើនដាំគូជាមួយពូជស្មៅមួយចំនួន ដើម្បីរក្សាតុល្យភាពគុណភាពដី និងបង្កើនគុណភាពវាលស្មៅសម្រាប់សត្វ។
- គេអាចផ្តល់ស្លឹកក្ទម្ពទេសឱ្យសត្វស៊ីបានទាំងស្រស់ និងស្ងួត។ ដើមក្ទម្ពទេសមាន ប្រូតេអ៊ីខ្ពស់ 20-25% (ស្លឹក លាយធាងតូចៗ), សារធាតុរំលាយបាន (DOM) 60%, និងថាមពល 10 MJ/Kg DM។
- តាមការកត់ត្រា សត្វគោជំទង់អាចកើនទម្ងន់ 0.6-0.7 kg / ក្នុងមួយក្បាល / ក្នុងមួយថ្ងៃ សម្រាប់រយៈពេលពេញមួយឆ្នាំ នៅពេលដាក់ឱ្យស៊ីក្នុងប្រព័ន្ធវាលស្មៅ មានដាំក្ទម្ពទេស។
សារធាតុពុល
- ដើមក្ទម្ពទេសមានសារធាតុពុល មីម៉ូស៊ីន (Mimosine) ដែលអាចធ្វើឱ្យសត្វស្រកទម្ងន់ ជ្រុះរោម ប្រសិនបើស៊ីចូលបរិមាណច្រើនពេក។ ប៉ុន្តែគេអាចបំបែកសារធាតុ មីម៉ូស៊ីននេះបាន ដោយផ្តល់បាក់តេរី Synergistes jonesii ឬ “leucaena bug” ឱ្យសត្វស៊ីចូល ដើម្បីឱ្យវារស់នៅ និងបន្សាបសារធាតុពុលនេះ ឱ្យបានចំនួន 10% នៃសត្វក្នុងហ្វូង និងក្រោយមក បាក់តេរីនេះអាចចម្លងទៅសត្វដទៃទៀតក្នុងហ្វូងទាំងមូល និងកូនៗវាបន្តបាន។
- ពុំមានការស្រាវជ្រាវបញ្ជាក់ថាសត្វគោនៅកម្ពុជាបានទទួលប្រភេទបាក់តេរីសម្រាប់បន្សាបសារធាតុពុលនេះ ឬនៅ នៅឡើយទេ។
ការរៀបចំ និងការដាំដុះ
- ដើមក្ទម្ពទេសជាដំណាំធន់ទៅនឹងអាកាសធាតុត្រជាក់ និងភាពរាំងស្ងួត។ ក្ទម្ពទេសអាចលូតលាស់បានយ៉ាងល្អបំផុតនៅតំបន់ត្រូពិចដែលមានអាកាសធាតុក្តៅហើយសើម និងមានកម្រិតទឹកភ្លៀងប្រចាំឆ្នាំលើសពី 600 mm ដូចជានៅកម្ពុជាជាដើម។
- ការដាំគួរចាប់ផ្តើមនៅដើមរដូវរវស្សា និងត្រូវព្យួររៀបចំដីមុនភ្លៀងចាប់ផ្តើម។ សម្រាប់ការដាំជាលក្ខណៈគ្រួសារ គេអាចដាំនៅតាមរបងផ្ទះគម្លាតគ្នា 0.5 m ពីដើមមួយទៅដើមមួយ និងកាត់មែកយកឱ្យសត្វស៊ី។ សម្រាប់ការដាំជាចំការជាប្រព័ន្ធដាំគូជាមួយវាលស្មៅក្នុងផ្ទៃដីធំ ដែលមានលក្ខណៈជាកសិដ្ឋាន គេត្រូវដាំជាជួរៗ។ ត្រូវដាំគ្រាប់គម្លាតគ្នា 5 cm ឬប្រហែល 20 គ្រាប់ ក្នុង 1 m និងកប់ជម្រៅ 3-5 cm។ ជួរនីមួយៗគួរមានគម្លាតគ្នាពី 10-20 m អាស្រ័យលើប្រភេទដី កម្រិតទឹកភ្លៀង និងប្រភេទស្មៅដាំគូវា។
- កូនក្ទម្ពទេសឆាប់អន់នៅពេលវាប្រកួតប្រជែងជាមួយស្មៅចង្រៃ ដូចនេះត្រូវដក ឬបាញ់សម្លាប់ស្មៅចង្រៃនៅពេលកូនក្ទម្ពទេសកំពុងលូតលាស់ក្នុងកំឡុងពេល 3-6 ខែដំបូង។ កាត់ផ្នែកចុងដើមក្ទម្ពទេសនៅពេលវាកម្ពស់បាន 1-1.5 m និងត្រូវរក្សាកម្ពស់ប្រហាក់ប្រហែលនេះ ដោយត្រូវកាត់តម្រឹមវាប្រមាណ 2 ខែម្តង ដើម្បីឱ្យដើមបែកមែកសាខា និងចេញគុម្ពច្រើន និងងាយអាចឱ្យសត្វស៊ីដល់។
- គេអាចឱ្យសត្វចូលស៊ីបាននៅពេលដើមមានកម្ពស់ 1.5 m (ក្រោយដាំ 6-12 ខែ)។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ