OB LIVESTOCK

រោគសញ្ញា និងការព្យាបាលគោស៊ីថង់ប្លាស្ទិក ឬវត្ថុរឹងផ្សេងៗ

សត្វគោស៊ីថង់ប្លាស្ទិក ខ្សែរ ឬវត្ថុរឹងផ្សេងៗគឺជាបញ្ហាមួយតែងឃើញកើតមាន ពិសេសនៅតំបន់ទីប្រជុំជន។ មូលហេតុ ភាគច្រើនអាចបណ្តាលមកពីសត្វខ្វះចំណី និងសារធាតុរ៉ែ។ ការស៊ីចូលប្លាស្ទិកមិនបានធ្វើឱ្យសត្វស្លាប់ភ្លាមៗនោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់គុណភាពរស់នៅរបស់សត្វបន្តិចម្តងៗ ដោយធ្វើឱ្យសត្វនោះស្គមរីងរៃ និងអាចស្លាប់យឺតៗប្រសិនស៊ីចូលក្នុងបរិមាណច្រើន។

គោជាសត្វពាហនៈទំពាអៀងមានក្រពះបួន។ ដូចនេះហើយ នៅពេលស៊ីចូល ប្លាស្ទិកទាំងនោះមិនអាចរំលាយបាត់ ឬឆ្លងកាត់ក្រពះចេញមកក្រៅតាមលាមកបានឡើយ គឺត្រូវនៅក្នុងក្រពះមួយជីវិត។ ប្លាស្ទិកនិងវត្ថុប្លែកទាំងឡាយផ្សេងៗចាប់ផ្តើមពូនផ្តុំជាដុំមូលរឹងដូចស៊ីម៉ងត៍ធ្វើឱ្យស្ទះផ្លូវរំលាយអាហារ។

បញ្ហានេះធ្វើឱ្យសត្វបង្ហាញរោគសញ្ញាដូចជា៖

  • ទន់ខ្សោយ អស់កម្លាំង បន្ទាប់មកមិនស៊ីចំណី
  • ហើមពោះដោយសារថង់បានខ្ទប់ក្រពះ
  • សត្វអាចចាប់ផ្តើមផឹកទឹកច្រើន-ចាប់ផ្តើមរាគ។ល។

ការព្យាបាល៖

  • ប្រសិនស៊ីចូលក្នុងបរិមាណតិចតួចគេអាចប្រើប្រេងរំអិលជួយបំបែកប្លាស្ទិក និងឱ្យប្លាស្ទិករអិល ដើម្បីបង្កើនឱកាសឱ្យវត្ថុទាំងនោះឆ្លងកាត់ក្រពះរួច និងបញ្ចេញចោលតាមលាមក
  • ករណីស៊ីចូលលោហៈដូចជាលួស ឬដែកគោល គេអាចប្រើដែកឆក់ឱ្យសត្វស៊ីចូល
  • ប៉ុន្តែភាគច្រើននៃសត្វមានបញ្ហានេះគឺត្រូវវះកាត់យកប្លាស្ទិកឬវត្ថុរឹងផ្សេងៗចេញដោយបសុពេទ្យ និងត្រូវចំណាយច្រើន។

ចំណាំ៖ មិនមានវ៉ាក់សាំងចាក់ការពារមិនឱ្យសត្វស៊ីប្លាស្ទិកឡើយ។ វិធីល្អបំផុតគឺផ្តល់ចំណី និងរ៉ែឱ្យសត្វបានគ្រប់គ្រាន់ និងត្រូវលុបបំបាត់ប្លាស្ទិកកន្លែងចិញ្ចឹម និងប្រុងប្រយ័ត្នការពារសត្វអ្នកឱ្យឆ្ងាយពីថង់ប្លាស្ទិក។

រក្សាសិទ្ធិដោយ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!