OB LIVESTOCK

របៀបចាក់ថ្នាំគោ-ក្របី ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស

ការជ្រើសរើសខ្នាតម្ជុល

  • នៅពេលចាក់សាច់ដុំ (IM) ឬសរសៃវ៉ែន (IV) ចំពោះគោធំ ត្រូវប្រើម្ជុលលេខ 16 G 1 ½” ឬ 18 G 1 ½” ។ គួរប្រើម្ជុលលេខ 16 G 1 ½” សម្រាប់ការចាក់ថ្នាំដែលមានកំហាប់ខាប់។
  • នៅពេលចាក់សាច់ដុំ (IM) ចំពោះកូនគោ គួរប្រើម្ជុលលេខ 18 G 1” ឬ 20 G 1” គឺជាជម្រើសល្អបំផុត។
  • នៅពេលចាក់ក្រោមស្បែក (SC) ប្រើម្ជុលលេខ 18 G ½” ឬ 18 G ¾”។
  • លេខ 18 G (Gauge) ជាទំហំអង្កត់ផ្ចិតមុខកាត់ម្ជុល និង 1 ½” អ៊ិញ ជាប្រវែងម្ជុល។ ចំណាំ៖ ម្ជុលដែលមានលេខកាន់តែតូច មានទំហំមុខកាត់កាន់តែធំ។
រូបភាពទី១៖ ទំហំ និងប្រវែងម្ជុលសមស្របសម្រាប់ចាក់គោ-ក្របី។

ការរៀបចំមុនចាក់

  • ត្រូវចាប់សត្វឱ្យបានជាប់ល្អ និងគួរប្រើសាឡុងនៅពេលចាក់ថ្នាំសត្វ។
  • ត្រូវអានការណែនាំលើសំបកថ្នាំជានិច្ច មុនពេលប្រើប្រាស់ថ្នាំ ឬវ៉ាក់សាំង។ ត្រូវមើលឱ្យច្បាស់ពីផ្លូវផ្តល់ថ្នាំថាត្រូវចាក់សាច់ដុំ (IM) ឬក្រោមស្បែក (SC) ឬចាក់សរសៃវ៉ែន (IV)។
  • ជ្រើសរើសចំនុចត្រូវចាក់ឱ្យបានត្រឹមត្រូវក្នុងតំបន់ត្រីកោណត្រង់កសត្វ។
រូបភាពទី២៖ ចំនុចត្រូវចាក់នៅត្រង់តំបន់ត្រីកោន ត្រង់កសត្វ។ មិនត្រូវចាក់នៅត្រគាក ឬភ្លៅសត្វ។

គន្លឹះក្នុងការចាក់ថ្នាំ

  • រាល់ការចាក់ថ្នាំទាំងអស់គឺត្រូវចាក់នៅក្នុងតំបន់ត្រីកោនត្រង់កសត្វ (រូបភាពទី២)។ តំបន់នេះជាកន្លែងដែលថ្នាំអាចជ្រាបទៅក្នុងខ្លួនសត្វបានល្អ។
  • មិនគួរចាក់នៅត្រង់កន្លែងផ្សេងដូចជា៖ ត្រគាក ឬស្មាឡើយ ព្រោះវាធ្វើឱ្យខូចសាច់ និងអាចប៉ះសរសៃប្រសាទ។
  • សម្រាប់អង់ទីប៊ីយ៉ូទិក ត្រូវចាក់ថ្នាំច្រើនបំផុត 10 cc ក្នុង ១ម្ជុល ហើយប្រសិនបើមានបរិមាណថ្នាំច្រើនជាងនេះ ត្រូវបំបែកជាច្រើនម្ជុល និងចាក់ត្រង់ចំនុចខុសគ្នា គម្លាតពីគ្នាយ៉ាងតិច 10 cm ឬប្រមាណប្រវែងមួយបាតដៃ។
  • នៅពេលចាក់ក្រោមស្បែក ត្រូវចាប់ទាញស្បែកឡើង រួចចាក់ចូលមុំប្រមាណ 450 និងត្រូវប្រាកដថាម្ជុលមិនបានចូលទៅក្នុងសាច់ដុំ។ ការចាក់ខុសផ្លូវថ្នាំនឹងអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាព និងការស្រូបថ្នាំចូលក្នុងខ្លួនសត្វ។
រូបភាពទី៣៖ ចាប់ទាញស្បែកឡើង រួចចាក់ចូលបញ្ឆិតឱ្យម្ជុលចូលនៅត្រឹមក្រោមស្បែក និងមិនត្រូវឱ្យចូលដល់សាច់ដុំ។
  • នៅពេលចាក់សាច់ដុំ ត្រូវចាក់កែង ត្រង់ចូលក្នុងសាច់ដុំ ដោយប្រើទំហំ និងប្រវែងម្ជុលតាមខ្នាតបញ្ជាក់ខាងដើម។ ជូតអាល់កុល និងគួរទះបន្លប់សត្វក្បែរចំនុចចាក់នោះបន្តិច រួចចាក់ភ្លាមដើម្បីកាត់បន្ថយសត្វភ្ញាក់។
  • ត្រូវកាន់ស៊ឺរ៉ាងឱ្យជាប់នៅពេលចាក់ ព្រោះនៅពេលសត្វរើ វាអាចធ្វើឱ្យបាក់ម្ជុល ឬខូចសាច់។ ប្រសិនបើចំសត្វកាច មិននៅស្ងៀម ឬរើខ្លាំង គួរដកម្ជុលចេញ រួចចាក់ដោតតែម្ជុលជាមុនសិន បន្ទាប់មកទើបភ្ជាប់ស៊ឺរ៉ាងបាញ់ថ្នាំជាក្រោយ។ ធ្វើបែបនេះដើម្បីការពារបាក់ម្ជុល។
  • ប្តូរម្ជុល និងសម្លាប់មេរោគនៅពេលចាក់សត្វម្តងៗ។ ក្នុងករណីត្រូវចាក់សត្វច្រើនក្នុងពេលតែមួយ អាចប្តូរម្ជុលម្តង រៀងរាល់សត្វ 10-15ក្បាល។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!