១. ពូជក្នុងស្រុក
ពូជពពែក្នុងស្រុកនៅកម្ពុជា ភាគច្រើនមានពណ៌ត្នោត, ស, ខ្មៅ, ឬត្នោតលាយខ្មៅ។ វាមានមាឌតូចជាងពូជនាំចូល ប៉ុន្តែធន់ទៅនឹងអាកាសធាតុ និងជំងឺបានល្អ។ ពូជពពែក្នុងស្រុកអាចពូជមូលដ្ឋានសម្រាប់ទុកបង្កាត់ជាមួយពូជបរទេស ដើម្បីទទួលបានពូជពពែកាត់ដែលមានលក្ខណៈធំជាងមុន ងាយចិញ្ចឹម និងធន់ជំងឺ។

២. ពូជអង់ក្លូ-ណូបៀន (Anglo-Nubian)
ពូជអេងក្លូណូបៀនជាប្រភេទពពែផ្ដល់សាច់ និងទឹកដោះ មានប្រភពមកពីប្រទេសប្រទេសអង់គ្លេស, មានមាឌធំ, ស្លឹកត្រចៀកធំវែង, ក្តោងច្រមុះកោង, និងមានច្រើនពណ៌ អាចមួយពណ៌សុទ្ធ ឬលាយពណ៌ មានដូចជា ស ទឹកដោះគោ ត្នោត ប្រផេះ និងខ្មៅ។ ពូជអេងក្លូណូបៀនមានទម្ងន់មធ្យម៖
- ពេលកើត៖ 2.5 kg
- ពេលផ្ដាច់ដោះ៖ 15 kg
- ពេញវ័យ៖ ឈ្មោល 60-70 kg; ញី 50-60 kg។

៣. ពូជបូរ៍ (Boer)
ពូជបូរ៍ជាប្រភេទពពែពូជសាច់ដែលមានការពេញនិយមខ្លាំង និងមានប្រភពពីប្រទេសអាហ្វ្រិកខាងត្បូង។ ពូជនេះមានមាឌធំជាងពូជផ្សេងៗទៀត, ងាយសម្គាល់ដោយវាមានខ្លួនពណ៌សក្បោះ, មានក្បាលនិងកពណ៌ត្នោត, និងមានស្លឹកត្រចៀកវែងធ្លាក់ចុះក្រោម។ ពពែពូជនេះលូតលាស់លឿន, ផ្តល់ផ្ទាំងសាច់គុណភាព, ធន់ទៅនឹងជំងឺ និងអាចសម្របខ្លួនបានយ៉ាងល្អទៅនឹងអាកាសធាតុក្តៅ។ ពូជបូរ៍មានទម្ងន់ជាមធ្យម៖
- ពេលកើត៖ 4 kg
- ពេលផ្ដាច់ដោះ៖ 20 kg
- ពេញវ័យ៖ ឈ្មោល 90 kg; ញី 65 kg។

៤. ពូជសានេន (Saanen)
ពូជសានេនជាប្រភេទពពែទឹកដោះដែលមានការពេញនិយមខ្លាំង មានប្រភពដើមមកពីប្រទេសស្វីស, មានស្បែក និងរោមខ្លី ពណ៌សសុទ្ធ, ស្លឹកត្រចៀកតូច បះឡើងទៅមុខ, និងមានមុខត្រង់។ ពូជបួរ៍មានទម្ងន់ និងបរិមាណទឹកដោះគឺ៖
- ពេញវ័យ៖ ឈ្មោល 75 kg; ញី 60 kg
- បរិមាណទឹកដោះ៖ ជាមធ្យម 2.2 kg / 1 ថ្ងៃ / រយៈពេល 200 ថ្ងៃ។

៥. ពូជឡាវឆាន (Laoshan)
ពូជឡាវឆានជាប្រភេទពពែទឹកដោះ ដែលមានប្រភពពីប្រទេសចិន ជាពូជកូនកាត់រវាងពពែក្នុងស្រុកចិនជាមួយនឹងពូជសានេន ដែលធ្វើឱ្យវាមានលក្ខណៈនិងភិនភាគប្រហាក់ប្រហែលទៅនឹងពូជសានេនដែរ។ ពូជឡាវឆានមានទម្ងន់មធ្យមគឺ៖
- ពេញវ័យ៖ ឈ្មោល 80 kg; ញី 60 kg
- បរិមាណទឹកដោះ៖ ជាមធ្យម 2.2 kg / 1 ថ្ងៃ / រយៈពេល 200 ថ្ងៃ។

៦. ពូជអាល់ពីន (Alpine)
ពូជអាល់ពីនជាប្រភេទពពែផ្តល់ទឹកដោះមានគុណភាពល្អ, មានសម្បុរពណ៌ស្ករ ត្នោត ឬខ្មៅ, ស្លឹកត្រចៀកតូច បះឡើង, មានស្នែង, មុខត្រង់ និងមានឆ្លូតផ្នែកចំហៀង។ ពូជអាល់ពីន មានទម្ងន់មធ្យម និងបរិមាណទឹកដោះគឺ៖
- ពេញវ័យ៖ ឈ្មោល 75 kg; ញី 55 kg
- បរិមាណទឹកដោះ៖ ជាមធ្យម 2.0 kg / 1 ថ្ងៃ / រយៈពេល 200 ថ្ងៃ។

៧. ពូជថុកហ្គេនប៊ើក (Toggenburg)
ពូជថុកហ្គេនប៊ើកជាប្រភេទពពែទឹកដោះ មានពណ៌ស្ករ ឬខ្មៅ, ស្លឹកត្រចៀកតូច បះ, មុខត្រង់ មានឆ្លូតប្រផេះផ្នែកចំហៀងមុខ។ ពូជនេះមានទម្ងន់ និងបរិមាណទឹកដោះដូចទៅនឹងពូជអាល់ពីនដែរ គឺ៖
- ពេញវ័យ៖ ឈ្មោល 75 kg; ញី 55 kg
- បរិមាណទឹកដោះ៖ ជាមធ្យម 2.0 kg / 1 ថ្ងៃ / រយៈពេល 200 ថ្ងៃ។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ