និយមន័យ៖
មេគោដែលនៅជាប់សុក ឬសុកមិនធ្លាក់ចេញមកក្រៅក្នុងរយៈពេល ២៤ម៉ោងក្រោយកើតកូនរួច ត្រូវបានចាត់ទុកថាមានបញ្ហាជាប់សុក។
មូលហេតុ៖
ជារឿយៗ ការជាប់សុកនេះកើតឡើងលើមេគោដែលបានជួបបញ្ហាពិបាកកើតកូន, រលូតកូន, កូនភ្លោះ, កូនកើនមុនខែ, ការបង្ខំឱ្យកើតមុនកំណត់ (កើតដោយវះ), ជំងឺគ្រុនទឹកដោះ (ជំងឺមេតាបូលីស), និងគោមានអាយុចាស់ជាដើម។
រោគសញ្ញា៖
រោគសញ្ញាដែលងាយសម្គាល់ច្បាស់ជាងគេគឺឃើញមានសុកធ្លាក់មកក្រៅនៅព្យួរជាប់នឹងយោនីសត្វ, មានសភាពរលួយ, មានក្លិនស្អុយ និងប្រែពណ៌។ ម្ដងម្កាល ករណីខ្លះ សុកនោះអាចនឹងនៅជាប់នៅខាងក្នុងស្បូនតែម្តងដែលមិនអាចឱ្យគេមើលឃើញដឹងច្បាស់ពីខាងក្រៅបាន ប៉ុន្តែករណីនេះ គេអាចដឹងបានតាមរយៈក្លិនស្អុយចេញពីខាងក្នុង។
មេគោដែលមានបញ្ហាជាប់សុកអាចប្រឈមនឹងការកើតជំងឺរលាកស្បូន, រលាកកន្សោមដោះ, គ្រុនក្ដៅ, មិនសូវស៊ីចំណី, ស្រកទម្ងន់, សត្វក្ររកឈ្មោលទៀត, ឬរលូតកូននៅពេលសត្វផើមលើកក្រោយៗ។ ក្នុងករណីដែលមានការឆ្លងមេរោគធ្ងន់ធ្ងរនឹងអាចបណ្ដាលឱ្យសត្វស្លាប់បាន។
ការព្យាបាល៖
ការព្យាបាលដោយការទាញសុកចេញមិនត្រូវបានណែនាំឱ្យអនុវត្តទៀតឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សត្វដោយការដាច់ហូរឈាមក្នុងស្បូន។ គេអាចកាត់ច្រឹបផ្នែកសាច់សុកដែលធ្លាក់ចេញមកក្រៅបាន ព្រោះវាអាចបង្កឱ្យមានការឆ្លងមេរោគលើប្រដាប់បន្តពូជសត្វ។ សត្វដែលមិនបានព្យាបាលដោយទុកចោលនឹងបញ្ចេញសុកទាំងនោះមកក្រៅដោយខ្លួនឯងក្នុងរយៈពេល 2-11ថ្ងៃ។
ចំពោះការព្យាបាល គេអាចប្រើថ្នាំអង់ទីប៊ីយ៉ូទិកប្រភេទគ្រាប់ដូចជា Amphoprim® ញាត់ចូលទៅក្នុងស្បូនតែម្តងចំនួន២គ្រាប់ ដើម្បីការពារនិងសម្លាប់មេរោគនៅក្នុងស្បូន និងមិនឱ្យមានក្លិនស្អុយរលួយ។ ហើយគេអាចប្រើថ្នាំបាញ់ ឬម្សៅរោយលើសុកដើម្បីការពារបញ្ហារុយ និងដង្កូវ។
បន្ថែមលើនេះ គេត្រូវចាក់ថ្នាំអង់ទីប៊ីយ៉ូទិកដល់សត្វដូចជា Cyclosol L.A. (Oxytetracyclin) ឬ Gentamicin® និងអាចបូកជាមួយនឹងថ្នាំអ័រម៉ូន Lutalyse® ដើម្បីជំរុញសុកឱ្យធ្លាក់មកលឿន។ បន្ទាប់មក ចាក់ពពួកវីតាមីនដែលជួយផ្នែកប្រព័ន្ធបន្តពូជ ដូចជា វីតាមីន Catosal ឬ វីតាមីន AD3E ជាដើម។
ការព្យាបាលល្អបំផុត គេក៏ត្រូវសង្កេតនិងពិនិត្យសត្វឱ្យបានដិតដល់រកមើលសញ្ញាកើតជំងឺឱ្យកាសនិយមផ្សេងៗទៀត ដើម្បីព្យាបាល។
វិធានការការពារ៖
ការថែទាំសត្វឱ្យមានសុខភាពល្អគឺជាវិធានការល្អបំផុតមួយក្នុងការការពារបញ្ហាជាប់សុក និងផលប៉ះពាល់របស់វា។ វិធានការមានដូចជា ការផ្ដល់ចំណីដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ ពិសេសមានសារធាតុរ៉ែ ម៉ាញ៉េស្យូម, ផ្តល់ប្រភេទវីតាមីនរលាយក្នុងខ្លាញ់ (A, D, E, K), ផ្តល់ចំណីសសៃឱ្យសត្វស៊ីចូលមានប្រសិទ្ធភាពអតិប្បរមា, រក្សាលក្ខខណ្ឌពិន្ទុដងខ្លួនសត្វឱ្យបានល្អ មិនស្គមពេកនិងធាត់ពេក, និងត្រូវរៀបចំបរិស្ថានកន្លែងចិញ្ចឹមសត្វឱ្យមានអនាម័យ និងស្ងួតមិនភក់ជ្រាំ។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ