ក្នុងការចិញ្ចឹមគោ ពិសេសក្នុងលក្ខណៈកសិដ្ឋាន ឬចិញ្ចឹមបែបបំប៉នដែលមានចំនួនសត្វច្រើនៗរស់នៅប្រមូលផ្តុំគ្នា ការគ្រៀវសត្វឈ្មោលគឺជាជម្រើសល្អប្រសើរមួយពីព្រោះវាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
- ធ្វើឱ្យសត្វស្លូត ផ្តល់សុវត្ថិភាពដល់សត្វនិងមនុស្ស និងកាត់បន្ថយឱកាសសត្វបង្កគ្រោះថ្នាក់ដល់សត្វដទៃ និងអ្នកថែទាំ។
- ងាយគ្រប់គ្រង និងចាត់ចែងសត្វ ធ្វើឱ្យសត្វពូកែស៊ីចំណី, លូតលាស់លឿន, និងមានអត្រាបំលែងចំណីជាសាច់បានល្អ។
- សត្វមិនងាយជល់គ្នាដែលបង្កជាបញ្ហាស្នាមជាំ និងរបួសទាំងខ្លួនសត្វផ្ទាល់ និងសត្វដទៃ ថែមទាំងកាត់បន្ថយការបំផ្លាញផ្សេងៗ ដូចជា ធ្វើឱ្យខូចខាតរបង និងទ្វារកសិដ្ឋានជាដើម
- ងាយរក្សាសត្វទុកនៅវាលស្មៅជាងសត្វមិនគ្រៀវ នៅពេលសត្វនោះដល់ពេញវ័យបន្តពូជ
- ការពារសត្វមិនឱ្យបង្កាត់គ្នាដោយចៃដន្យតាមធម្មជាតិដែលអ្នកមិនចង់បាន។ វាជួយឱ្យអ្នកចិញ្ចឹមងាយរៀបចំកម្មវិធីកែលម្អសេនេទិក និងពូជមានប្រសិទ្ធភាព ដោយម្ចាស់សត្វអាចជ្រើសរើសទុកបាល្អៗណាមួយដែលខ្លួនស្រលាញ់ទៅតាមតាមផែនការអភិវឌ្ឍពូជក្នុងហ្វូងគោ ឬសម្រេចគ្រៀវទាំងអស់ ដោយជំនួសទាំងស្រុងដោយការបង្កាត់បែបសិប្បនិម្មិតបានងាយស្រួល។
ដើម្បីគ្រៀវ គេអាចអនុវត្តបានតាមវិធីជាច្រើន ទាំងមធ្យោបាយវះកាត់ និងមិនវះកាត់ទៅតាមស្ថានភាពជាក់ស្តែង និងជំនាញរបស់អ្នកចិញ្ចឹម។ ខាងក្រោមនេះនឹងរៀបរាប់អំពីរបៀបអនុវត្តដោយការប្រើឧបករណ៍ Burdizzo® ដែលជាវិធីពេញនិយមមួយ។ ឧបករណ៍ Burdizzo® គឺជាដង្កៀបប្រើសម្រាប់គាបកម្ទេចសសៃពងស្វាស និងសរសៃឈាមដែលតភ្ជាប់ទៅពងស្វាស ដោយមិនវះកាត់ស្បែកថង់ពងស្វាសឡើយ។ នៅពេលដែលសរសៃឈាមត្រូវបានកាត់ផ្តាច់ ពងស្វាសចាប់ផ្តើមរលាយបាត់ពីថង់ពងស្វាសក្នុងរយៈពេល ៤-៦សប្តាហ៍។
អត្ថប្រយោជន៍នៃការគ្រៀវដោយប្រើ Burdizzo® គឺត្រង់ថាវាអាចជាវីធីសាស្ត្រមួយដែលបង្កស្ត្រេសតិចជាងវិធីផ្សេងទៀត។ វិធីនេះក៏មានហានីភ័យឆ្លងមេរោគតិចជាងដែរ ដោយសារវាមិនមានមុខរបួសវះកាត់។ ឯគុណវិបត្តិគឺត្រង់វាជាឧបករណ៍ពិសេស ត្រូវការអ្នកប្រើដែលមានបទពិសោធន៍ ដើម្បីធានាថាសរសៃពងស្វាសត្រូវបានផ្តាច់ត្រឹមត្រូវ។ ការប្រើឧបករណ៍ ឬអនុវត្តនីតិវិធីមិនបានត្រឹមត្រូវនាំឱ្យការគាបបានត្រឹមមួយផ្នែកណាមួយមិនពេញលេញ ធ្វើឱ្យសត្វនៅអាចមានលទ្ធភាពបង្កកំណើតដដែល ផ្ទុយទៅវិញអាចធ្វើឱ្យខូចទ្រង់ទ្រាយពងស្វាស និងត្រូវគាបសារឡើងវិញ។
វិធីប្រើប្រាស់ដង្កៀប Burdizzo®
ក្នុងការអនុវត្ត គេត្រូវមានជំនាញនិងបទពិសោធន៍ដើម្បីធានាថាសរសៃពងស្វាសត្រូវបានគាបខ្ទេចបានត្រឹមត្រូវដោយអនុវត្តតាមវិធីខាងក្រោម៖
- ចាប់សត្វក្នុងសាឡុងដោយឱ្យសត្វនៅឈរជាវិធីល្អ។ ចំពោះគោធំ គួរផ្តួលសត្វ និងចងជើងមុខក្រោយឱ្យបានជាប់ល្អជាមុនសិន។
- ស្ទាបរកសសៃពងស្វាសខាងឆ្វេង ត្រង់ចំនុចកនៃថង់ពងស្វាស រួចទាញវាមកជាយម្ខាង។ គួរចាក់ថ្នាំស្ពឹកត្រង់ចំនុចគាបជាមុនសិន។
- គាបដោយប្រើឧបករណ៍ Burdizzo® ត្រង់សរសៃពងស្វាសខាងឆ្វេងឱ្យតឹងណែន ទុកវា ១០-២០វិនាទី ឬយូរជាងនេះ។ មិនត្រូវគាបចំបន្ទាត់ចន្លោះកណ្តាលញែកពងស្វាសទាំងពីរឡើយ។
- គាបមួយចំនុចទៀតឃ្លាតប្រហែល ១ cm នៅខាងក្រោមចំនុចមុន រួចទុកវា១០-២០វិនាទីដូចគ្នា។
- អនុវត្តការគាប២ដងដូចគ្នានៅលើសសៃពងស្វាសខាងស្តាំម្ខាងទៀត។ ត្រូវគាបត្រង់ចំនុចឆ្លាស់គ្នាពីពងស្វាសម្ខាងទៀតបន្តិច។ ចៀសវាងការគាបចំត្រង់ខ្សែរបន្ទាត់កណ្តាលញែកពងស្វាស។


រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ