កសិករដែលមានចិញ្ចឹមគោច្រើនៗ ពិសេសកសិដ្ឋាន តែងជួបបញ្ហាក្នុងការគ្រងគ្រងសត្វ ដោយសារមិនបានធ្វើនិមិត្តសញ្ញា និងធ្វើលេខរៀងសម្គាល់សត្វ ដើម្បីងាយកំណត់អត្តសញ្ញាណសត្វឱ្យបានត្រឹមត្រូវ។ នៅកម្ពុជា ការធ្វើស្លាកសញ្ញា និងអត្តសញ្ញាណសត្វជារឿងមួយហាក់នៅថ្មីថ្មោង និងពុំសូវមានការយកចិត្តទុកដាក់ខ្លាំងនៅឡើយទេ ដែលតាមពិតទៅ វាពិតជាមានសារៈសំខាន់ណាស់ ដើម្បីជាជំនួយនៅក្នុងការចាត់ចែងនិងគ្រប់គ្រងសត្វ និងការធ្វើកម្មវិធីបង្កាត់ពូជជាដើម។
តើអ្វីជាការធ្វើនិមិត្តសញ្ញា?
ការធ្វើនិមិត្តសញ្ញា (Branding) ជាការធ្វើស្លាកសញ្ញាសម្គាល់លើខ្លួនសត្វមួយបែប ដើម្បីអាចសម្គាល់ម្ចាស់កម្មសិទ្ធសត្វបានតាមរយៈការកំណត់ធ្វើជាអក្សរ ឬរូបសញ្ញាផ្សេងៗ ឱ្យជាប់ជាអចិន្ត្រៃយ៍នៅលើស្បែកសត្វ តាមវិធីដុតកម្លោចដោយត្រូវធ្វើយ៉ាងណាមិនឱ្យរោមដុះឡើងវិញ។
ការធ្វើស្លាកសញ្ញាសម្គាល់ដោយការអ៊ុតត្រាកម្លោចស្បែក អាចមិនមែនជាវិធីសាស្ត្រល្អ បើផ្អែកលើហេតុផលសុខុមាលភាពសត្វ។ ប៉ុន្តែ វីធីនេះអាចជាវិធីសាស្ត្រតែមួយនៅក្នុងកាលៈទេសៈខ្លះ ដើម្បីធ្វើឱ្យសញ្ញាមានលក្ខណៈជាប់ជាអចិន្ត្រៃយ៍ អាចឱ្យអ្នកស្គាល់សត្វបានយ៉ាងងាយ។ វិធីនេះ ធ្វើឱ្យស្បែកខូចត្រង់តំបន់កម្លោច ដែលអាចធ្វើឱ្យតម្លៃស្បែកធ្លាក់ចុះ។
ទោះយ៉ាងណាការធ្វើនិមិត្តសញ្ញាលើសត្វផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមកសិដ្ឋានធំៗ។ ជាទូទៅ គេច្រើនធ្វើស្លាកសញ្ញាលើសត្វដើម្បីសម្គាល់ម៉ាករបស់កសិដ្ឋានលើត្រគាក ហើយធ្វើលេខរៀងនៅលើភ្លៅសត្វដើម្បីសម្គាល់អត្តសញ្ញាណសត្វ តាមវិធីកម្លោចស្បែកដូចគ្នានេះផងដែរ។

កសិដ្ឋានខ្លះធ្វើលេខរៀងសត្វ ដោយវិធីបន្ថែមផ្សេងទៀតដូចជា ការប្រើប្រាស់លេខកឹបត្រចៀកធម្មតា ឬឧបករណ៍អេឡិចត្រូនិច ប៉ុន្តែ ឧបករណ៍នេះអាចរបូតជ្រុះ ហើយវាមានលក្ខណៈបណ្តោះអាសន្ន ពិបាកស្គេនពេលសត្វនៅចម្ងាយលើសពី ៦០ cm ពីអ្នក និងពិបាកមើលឃើញលេខពីចម្ងាយ។ ទោះយ៉ាងណា ការវិវឌ្ឍបច្ចេកវិទ្យាថ្មីៗ អាចធ្វើឱ្យវិធីនេះមានភាពងាយស្រួល និងផ្តល់សុខុមាលភាពដល់សត្វជាង ដោយមិនចាំបាច់អ៊ុតត្រាកម្លោចទៀតឡើយ។

ហេតុអ្វីអ្នកត្រូវធ្វើស្លាកសញ្ញា និងលេខរៀងសត្វ?
និមិត្តសញ្ញា និងលេខរៀងសម្គាល់សត្វដែលមិនជាន់គ្នានឹងធ្វើឱ្យម្ចាស់ងាយស្គាល់សត្វ ងាយក្នុងការកំនត់អត្តសញ្ញាណ និងងាយមើលឃើញសត្វរបស់ខ្លួនបានលឿនពីចម្ងាយ។
- នៅប្រទេសខ្លះ តម្រូវឱ្យម្ចាស់ប្រើប្រភេទ និងខ្នាតត្រាអ៊ុត និងកំណត់ទីតាំងកម្លោច។
- គេអាចមានបន្ថែមជាព័ត៌មានឆ្នាំដែលសត្វកើត ដើម្បីងាយស្រួលចាត់ចែង និងកត់ចំណាំពីអាយុសត្វបានលឿន។
តើអ្នកត្រូវធ្វើស្លាកសញ្ញាសម្គាល់សត្វនៅពេលណា?
ពេលវេលាល្អបំផុត សម្រាប់ធ្វើស្លាកសញ្ញាសម្គាល់យីហោកសិដ្ឋាន គឺនៅពេលសត្វនៅតូច ហើយគេច្រើនធ្វើវាតំណាលគ្នាជាមួយនឹង ការគ្រៀវ (ចំពោះកូនគោឈ្មោល) និង ដុតស្នែង។
- កូនគោមានលក្ខណៈងាយស្រួលចាត់ចែង និងងាយចាប់ជាង ហើយការធ្វើនៅពេលកូនគោមានអាយុតិចជួយកាត់បន្ថយស្ត្រេសដល់សត្វ និងហានីភ័យគ្រោះថ្នាក់ដល់មនុស្ស។
- ទោះយ៉ាងណា នៅកំឡុងពេលនេះ ខ្នាតត្រាអ៊ុតអាចមានទំហំធំធៀបជាមួយកូនគោ ចំពោះកូនគោមានអាយុក្រោម ១ខែ។ កូនគោមានអាយុចន្លោះ ២-៦ខែ មានភាពងាយស្រួលចាប់ជាង និងសាកសមទៅនឹងទំហំត្រាអ៊ុតជាង។
- ការធ្វើសញ្ញាសម្គាល់លើគោធំ ក៏អាចប្រព្រឹត្តទៅបានជាធម្មតាដែរ គ្រាន់តែចាំបាច់ត្រូវចាប់សត្វឱ្យបានល្អ ដូចជាការកៀបក្នុងសាឡុងសត្វធំ ដើម្បីកុំឱ្យសត្វរើបម្រាស ដែលធ្វើឱ្យមានសញ្ញាមើលឃើញមិនស្អាត និងមិនច្បាស់ល្អ។

- នៅពេលមានការផ្លាស់ប្តូរម្ចាស់ ចំពោះសត្វធំនិងមានសញ្ញាចាស់ ជាទូទៅ គេច្រើនធ្វើស្លាកសញ្ញាសម្គាល់ម្ចាស់ថ្មីដើម្បីកុំឱ្យច្រឡំ ដោយគេអាចធ្វើនៅត្រង់ចំនុចថ្មីមួយទៀត។
សម្ភារ បរិក្ខារ និងឧបករណ៍
ការចាប់សត្វ
ត្រូវចាប់សត្វឱ្យបានជាប់ល្អ ដើម្បីអាចធ្វើស្លាកសញ្ញាហើយបានលឿន និងមានប្រសិទ្ធភាព ជួយកាត់បន្ថយភាពមិនស្រណុកស្រួលរបស់សត្វ និងបង្កើនសុវត្ថិភាពដល់អ្នកធ្វើ។
- ការធ្វើសញ្ញាដោយបញ្ចូលកូនគោទៅក្នុងសាឡុងកូនគោជាវិធីល្អប្រសើរបំផុត។

- អ្នកត្រូវចាប់ទប់ជើងក្រោយឱ្យជាប់ដើម្បីការពារសត្វកុំឱ្យរើបម្រាស ដែលអាចធ្វើឱ្យបាននិមិត្តសញ្ញាប្រតាក។ អ្នកត្រូវទាញជើងក្រោយទៅក្រោយផុត ឱ្យបានជាប់ប្រសិនបើអ្នកត្រូវអ៊ុតត្រង់ត្រគាកលើ ឬទាញទៅមុខប្រសិនបើអ៊ុតត្រង់ភ្លៅ។

- ប្រសិនបើអ្នកធ្វើស្លាកសញ្ញាសម្គាល់ចំនួនកូនគោតែ ២-៣ក្បាល ហើយអ្នកពុំមានសាឡុងកូនគោទេនោះ អ្នកអាចចាប់ កូនគោបាន ដោយចងបញ្ឈរវាឱ្យជាប់ល្អផ្អឹបទៅនឹងរបងដែក នៃទីលានប្រមូលផ្តុំសត្វបាន។ វិធីនេះ អ្នកត្រូវការមានមនុស្ស ២នាក់ ដើម្បីចាប់សត្វឱ្យបានជាប់ ប៉ុន្តែអ្នកមិនត្រូវប្រើវិធីនេះចំពោះគោធំឡើយ។ ការប្រើប្រាស់សាឡុងសម្រាប់កូនគោមានលក្ខណៈងាយស្រួលជាង ទាំងចំពោះសត្វនិងមនុស្ស។ ហើយចំពោះគោធំ អ្នកអាចចាប់វាបានល្អ ដោយប្រើសាឡុងធំដែលមានឃ្នាបអាចគាបក និងខ្លួនសត្វបាន។

ត្រាអ៊ុតកម្លោច
ត្រាអ៊ុតអាចជាត្រាមានអក្សរ លេខ ឬនិមិត្តសញ្ញា។ ត្រាដែលមាននិមិត្តសញ្ញាជាប់គ្នាក្នុងដុំត្រាតែមួយមានលក្ខណៈល្អប្រសើរសម្រាប់សុខុមាលភាពសត្វ ដោយសារត្រានេះមានទំហំតូចជាង និងត្រូវអ៊ុតលើសត្វតែម្តងរួចរាល់។
- អ្នកអាចរកទិញត្រាពីក្រុមហ៊ុនលក់ ឬច្នៃដោយខ្លួនឯង។
- ត្រូវគិតពីទ្រង់ទ្រាយ និងលក្ខណៈ របស់មុខត្រាផងដែរ។ គួរចៀសវាងការប្រើនិមិត្តសញ្ញាណាដែលមានសណ្ឋានអក្សរតូចពេក ដូចជាសញ្ញា “o” ជាដើម ព្រោះវាអាចធ្វើឱ្យមានកម្តៅជ្រុល ធ្វើឱ្យស្បែកនៅតំបន់កណ្តាលនៃនិមិត្តសញ្ញាងាប់ជ្រុះ មើលពុំឃើញជាសញ្ញា។ ចំពោះការប្រើត្រាទិញពីក្រុមហ៊ុនលក់ ជាទូទៅមិនជួបបញ្ហានេះទេ។
- ត្រូវថែរក្សាត្រាអ៊ុតឱ្យបានល្អ ហើយសម្អាតវាមុនពេលនិងក្រោយពេលប្រើប្រាស់រួច។ មុខត្រាត្រូវក្រាស់ និងរាបស្មើល្អ មិនមានមុតស្រួច ឬកំប៉ិត វៀចឡើយ។ អ្នកត្រូវធ្វើតេស្តសាកល្បងត្រាកំពុងក្តៅ នៅលើបន្ទះឈឺដើម្បីពិនិត្យមើលភាពរាបស្មើររបស់ត្រា។
- ត្រាអ៊ុតដោយកម្តៅ មានភាពខុសប្លែកពីត្រាអ៊ុតដោយបង្កក ហើយត្រាទាំងពីរនេះមិនអាចប្រើជំនួសគ្នាបានទេ។ ត្រាអ៊ុតដោយបង្កកអាចមិនរក្សាទ្រង់ទ្រាយសញ្ញាដើម បើអ្នកប្រើវាដោយដោយដុតកម្តៅ។


ការដុតកម្តៅត្រាអ៊ុត
អ្នកត្រូវដុតត្រាអ៊ុតជាមុនសិន ដើម្បីប្រើកម្លោចរោមលើស្បែកសត្វ។ អាចដុតត្រាអ៊ុតដោយប្រើប្រាស់កម្តៅអគ្គិសនី ឬចង្ក្រានដុតដោយអូស ឬហ្គេស។


ការខូចស្បែក
ការធ្វើនិមិត្តសញ្ញាសម្គាល់ ដោយប្រើត្រាអ៊ុតកម្តៅមិនបានត្រឹមត្រូវអាចធ្វើឱ្យតម្លៃស្បែកគោធ្លាក់ចុះ ដែលធ្វើឱ្យអ្នកចិញ្ចឹមខាតបង់ថវិកាខ្លះ។ ត្រូវប្រើប្រាស់ត្រាដែលមានទំហំខ្នាតត្រឹមត្រូវ និងអ៊ុតចំទីតាំងកម្លោចបានល្អ។
ការកម្លោចនៅត្រង់ទីតាំងថ្ពាល់គឺជាការអនុវត្តដែលប៉ះពាល់ដល់សុខុមាលសត្វ ព្រោះវាស្ថិតនៅជិតតំបន់ប្រព័ន្ធប្រសាទមុខ។ នៅប្រទេសមួយចំនួន ការអ៊ុតទីតាំងនេះត្រូវបានហាមឃាត់ និងខុសច្បាប់។
វិធីសាស្ត្រធ្វើនិមិត្តសញ្ញាលើគោ
ការធ្វើស្លាកសញ្ញាសម្គាល់ម្ចាស់កម្មសិទ្ធ និងម៉ាកយីហោកសិដ្ឋានមាន ២របៀប គឺការអ៊ុតដោយប្រើកម្តៅ និងការអ៊ុតដោយបង្កក។ ការអ៊ុតដោយបង្កកធ្វើឱ្យសត្វឈឺចាប់តិចជាងនៅពេលអ៊ុតភ្លាមៗ ប៉ុន្តែឈឺចាប់ដូចគ្នានៅពេលក្រោមមក។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ