Freemartin ជាភាពមិនប្រក្រតីលើផ្នែកបន្តពូជដែលកើតលើកូនសត្វញី នៅពេលដែលមេគោកើតបានកូនភ្លោះភេទផ្ទុយគ្នា ញីមួយឈ្មោលមួយ។ ក្នុងករណីនេះ កូនភេទញីទាំងនោះពី 90-95% នឹងមិនអាចបន្តពូជឬមានកូនបន្តទៀតឡើយ ហើយសត្វនឹងបង្ហាញអាកប្បកិរិយាដូចគោឈ្មោលទៅវិញ។ មូលហេតុគឺបណ្តាលមកពីការភ្ជាប់ទងសុកគ្នារវាងកូនទាំងពីរកំឡុងពេលជាគភ៌ ធ្វើឱ្យមានការផ្លាស់ប្តូរអ័រម៉ូនភេទឈ្មោលតេស្តូស្តេរ៉ូន (Testosterone) ជាមួយកូនឈ្មោល។ ឯកូនឈ្មោលនឹងមិនមានបញ្ហាប៉ះពាល់ឡើយ គឺសត្វនៅអាចបន្តពូជបានដូចធម្មតា ទោះបីជាពងស្វាសសត្វអាចមានទំហំតូចជាងធម្មតាបន្តិចក្ដី ដែលអាចកាត់បន្ថយអត្រាបង្កបង្កើត។

ការពិនិត្យលក្ខណៈខាងក្រៅ គេឃើញថាទំហំអូវែរបស់សត្វមានទំហំតូចខ្លាំង និងមិនអាចផលិតអ័រម៉ូនភេទចាំបាច់សម្រាប់ឱ្យសត្វអាចបង្ហាញសញ្ញានិងអាការៈរកឈ្មោលឡើយ។ ជាទូទៅ សត្វទាំងនោះភាគច្រើននឹងមានប្រវែងផ្លូវរួមសង្វាស់ (Vargina) ខ្លីជាងប្រក្រតី, មានប្រដាប់ភេទតូច និងមានដុះរោមវែងខាងចុង។

គេមិនអាចការពារមិនឱ្យបញ្ហា Freemartin មិនឱ្យកើតឡើងបានឡើយ ហើយប្រសិនបើមាន គេត្រូវជម្រុះកូនញីចេញដោយមិនអាចព្យាបាលបានឡើយ។ អ្នកចិញ្ចឹមសត្វត្រូវចេះកត់សម្គាល់និងពិនិត្យសត្វនិងជម្រុះចេញទាន់ពេលវេលាតាំងពីសត្វនៅតូចដើម្បីសន្សំថ្លៃចំណី និងពលកម្មថែទាំសត្វ។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ