ការធ្វើនិមិត្តសញ្ញា និងលេខរៀងអត្តសញ្ញាណលើសត្វគោ
កសិករដែលមានចិញ្ចឹមគោច្រើនៗ ពិសេសកសិដ្ឋាន តែងជួបបញ្ហាក្នុងការគ្រងគ្រងសត្វ ដោយសារមិនបានធ្វើនិមិត្តសញ្ញា និងធ្វើលេខរៀងសម្គាល់សត្វ ដើម្បីងាយកំណត់អត្តសញ្ញាណសត្វឱ្យបានត្រឹមត្រូវ។ នៅកម្ពុជា ការធ្វើស្លាកសញ្ញា និងអត្តសញ្ញាណសត្វជារឿងមួយហាក់នៅថ្មីថ្មោង និងពុំសូវមានការយកចិត្តទុកដាក់ខ្លាំងនៅឡើយទេ ដែលតាមពិតទៅ វាពិតជាមានសារៈសំខាន់ណាស់ ដើម្បីជាជំនួយនៅក្នុងការចាត់ចែងនិងគ្រប់គ្រងសត្វ និងការធ្វើកម្មវិធីបង្កាត់ពូជជាដើម។ តើអ្វីជាការធ្វើនិមិត្តសញ្ញា? ការធ្វើនិមិត្តសញ្ញា (Branding) ជាការធ្វើស្លាកសញ្ញាសម្គាល់លើខ្លួនសត្វមួយបែប ដើម្បីអាចសម្គាល់ម្ចាស់កម្មសិទ្ធសត្វបានតាមរយៈការកំណត់ធ្វើជាអក្សរ ឬរូបសញ្ញាផ្សេងៗ ឱ្យជាប់ជាអចិន្ត្រៃយ៍នៅលើស្បែកសត្វ តាមវិធីដុតកម្លោចដោយត្រូវធ្វើយ៉ាងណាមិនឱ្យរោមដុះឡើងវិញ។ ការធ្វើស្លាកសញ្ញាសម្គាល់ដោយការអ៊ុតត្រាកម្លោចស្បែក អាចមិនមែនជាវិធីសាស្ត្រល្អ បើផ្អែកលើហេតុផលសុខុមាលភាពសត្វ។ ប៉ុន្តែ វីធីនេះអាចជាវិធីសាស្ត្រតែមួយនៅក្នុងកាលៈទេសៈខ្លះ ដើម្បីធ្វើឱ្យសញ្ញាមានលក្ខណៈជាប់ជាអចិន្ត្រៃយ៍ អាចឱ្យអ្នកស្គាល់សត្វបានយ៉ាងងាយ។ វិធីនេះ ធ្វើឱ្យស្បែកខូចត្រង់តំបន់កម្លោច ដែលអាចធ្វើឱ្យតម្លៃស្បែកធ្លាក់ចុះ។ ទោះយ៉ាងណាការធ្វើនិមិត្តសញ្ញាលើសត្វផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមកសិដ្ឋានធំៗ។ ជាទូទៅ គេច្រើនធ្វើស្លាកសញ្ញាលើសត្វដើម្បីសម្គាល់ម៉ាករបស់កសិដ្ឋានលើត្រគាក ហើយធ្វើលេខរៀងនៅលើភ្លៅសត្វដើម្បីសម្គាល់អត្តសញ្ញាណសត្វ តាមវិធីកម្លោចស្បែកដូចគ្នានេះផងដែរ។ កសិដ្ឋានខ្លះធ្វើលេខរៀងសត្វ ដោយវិធីបន្ថែមផ្សេងទៀតដូចជា ការប្រើប្រាស់លេខកឹបត្រចៀកធម្មតា ឬឧបករណ៍អេឡិចត្រូនិច ប៉ុន្តែ ឧបករណ៍នេះអាចរបូតជ្រុះ ហើយវាមានលក្ខណៈបណ្តោះអាសន្ន ពិបាកស្គេនពេលសត្វនៅចម្ងាយលើសពី ៦០ cm ពីអ្នក និងពិបាកមើលឃើញលេខពីចម្ងាយ។ ទោះយ៉ាងណា ការវិវឌ្ឍបច្ចេកវិទ្យាថ្មីៗ អាចធ្វើឱ្យវិធីនេះមានភាពងាយស្រួល និងផ្តល់សុខុមាលភាពដល់សត្វជាង ដោយមិនចាំបាច់អ៊ុតត្រាកម្លោចទៀតឡើយ។ ហេតុអ្វីអ្នកត្រូវធ្វើស្លាកសញ្ញា […]