OB LIVESTOCK

៥ ចំនុចអ្នកចិញ្ចឹមគោត្រូវចេះពិនិត្យមើល មុនសម្រេចទិញគោបាដើម្បីទុកធ្វើពូជ

គោបាល្អនឹងធ្វើឱ្យកសិដ្ឋានចិញ្ចឹមទទួលបានកូនគោស្អាតៗដូចគ្នាដែរ ទើបក្នុងការចិញ្ចឹមតាមបច្ចេកទេសតម្រូវឱ្យអ្នកចិញ្ចឹមត្រូវចេះមើលគោ និងមានរៀបចំកម្មវិធីវាយតម្លៃលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់គោដើម្បីទុកធ្វើជាបាពូជ។ ការចេះមើលគោបានឹងជួយឱ្យអ្នកចិញ្ចឹមអាចសម្រេចចិត្តជ្រើសរើសបាល្អបំផុតក្នុងហ្វូងទុក ឬទិញយកបាថ្មីណាដែលល្អៗបានត្រូវសម្រាប់ចិញ្ចឹមក្នុងកសិដ្ឋានខ្លួន មិនថាក្នុងគោលបំណងសម្រាប់ទុកបង្កាត់ពូជ ផលិតមេជីវិតបង្កក ឬទុកចូលរួមការប្រកួតគោឡើយ។ ទោះក្រោមហេតុផលណាមួយក៏ដោយ ការជ្រើសរើសគោបាបានត្រឹមត្រូវមានន័យថាអ្នកនឹងទទួលបានលក្ខណៈសម្បត្តិល្អៗបញ្ជូនពីបាទៅកូនជំនាន់ក្រោយ ដែលនេះនឹងធ្វើឱ្យកសិដ្ឋានអ្នកអាចកែលម្អពូជបានឆាប់ និងទទួលបានប្រាក់ចំណេញរយៈពេលយូរអង្វែង។

ជាបច្ចេកទេស ដើម្បីឱ្យការជ្រើសរើសបាមានលក្ខណៈពេញលេញ អ្នកចាំបាច់ត្រូវពិនិត្យនិងវាយតម្លៃលើផ្នែកសំខាន់ៗជាច្រើនដូចជា ការវិនិច្ឆ័យលក្ខណៈសម្បត្តិខាងក្រៅ (Physical), សរីរបន្តពូជ (Reproductive organs), ការវាស់ទំហំពងស្វាស (Scrotal circumference), ការវាយតម្លៃគុណភាពស្ពែម (Semen quality), ចំណង់ភេទ (Libido) និងជំងឺ។ ប៉ុន្តែ ខ្លឹមសារក្នុងអត្ថបទនេះ សូមបង្ហាញត្រឹម ៥ ចំនុច ដែលជាផ្នែកមួយនៅក្នុងការវាយតម្លៃលក្ខណៈសម្បត្តិខាងក្រៅ ដោយពិនិត្យលើដំណើរ, ទម្រង់ជើង និងក្រចកជើងគោប៉ុណ្ណោះ ព្រោះវាមានលក្ខណៈសាមញ្ញដែលអ្នកអានទូទៅអាចងាយយល់បាន។

១. ការពិនិត្យដំណើររបស់គោ

ជាការពិតណាស់ ដើម្បីវាយតម្លៃឱ្យបានពេញលេញលើលក្ខណៈសម្បត្តិខាងក្រៅរបស់គោសម្រាប់ទុកធ្វើបា ចំនុចមួយដែលអ្នកអាចធ្វើបានដោយខ្លួនឯង គឺត្រូវពិនិត្យមើលលើទម្រង់ជើង ប្រអប់ជើង និងក្រចកជើងរបស់សត្វនោះ ទាំងពេលដែលវាកំពុងឈរ និងដើរទៅមកលើផ្ទៃរាបស្មើទៅតាមឥរិយាបថធម្មជាតិរបស់សត្វ។ ទោះបីជាសត្វដើរនៅលើវាលស្មៅ ឬក្នុងក្រោលក៏ដោយ ក៏គេអាចវាយតម្លៃបានយ៉ាងងាយស្រួលដូចគ្នា ដោយត្រូវសង្កេតមើលដំណើរដើរ និងជំហ៊ានរបស់គោនៅពេលសត្វនោះដើរទៅមកតាមដំណើរធម្មតា។ គោដែលល្អត្រូវមានការបោះជំហ៊ានទៅមុខដោយរលូតស្មើល្អ ហើយជំហ៊ានជើងក្រោយនីមួយៗត្រូវជាន់ចំកន្លែងស្នាមជំហ៊ានជើងមុខ។

គោបាដែលល្អត្រូវមានដំណើរបោះជំហ៊ានទៅមុខរលូតស្មើល្អ ដោយជំហ៊ានជើងក្រោយត្រូវជាន់ចំកន្លែងស្នាមជំហ៊ានជើងមុខ

២. ការពិនិត្យស្មាមុខ

ជាធម្មតា ឆ្អឹងស្មាមុខរបស់គោមានគន្លាក់បត់កោងដូចធ្នូ ហើយមុំបត់សមស្របដែលអាចទទួលយកបាននោះគឺពី ៤០-៦០ដឺក្រេ។ ចំណែកគោដែលមានឆ្អឹងស្មាមុខបញ្ឈរត្រង់ពេកនឹងធ្វើឱ្យសត្វដើរមានដំណើរខ្លីៗ ហើយច្រើនសំយុងក្បាលចុះក្រោម និងអាចពិបាកងើយក្បាលឱ្យផុតកម្ពស់ខ្នងវា។ ជាទូទៅគោដែលមានស្មាមុខត្រង់ច្រើនមានទម្រង់ជើងក្រោយបញ្ឈរត្រង់ដូចគ្នា ដែលវាអាចជាបញ្ហាធ្វើឱ្យសត្វច្រើនងាយរងបញ្ហាសន្លាក់ដោយសារនៅត្រង់តំណឆ្អឹងត្រង់សន្លាក់ត្រូវទ្រទម្ងន់សង្កត់ដោយផ្ទាល់។

រូបភាពទម្រង់ជើងនិងស្មាមុខគោពីឆ្វេងទៅស្តាំ៖ មុំឆ្អឹងស្មាល្អបំផុត, មុំឆ្អឹងស្មាបញ្ឈរត្រង់ពេក, មុំឆ្អឹងស្មាបត់ពេក

ចំនុចមួយទៀត ចំពោះគោដែលមានសាច់ស្មាមុខរីកចេញធំពេកនៅពេលមើលពីលើ អាចធ្វើឱ្យកូនមានស្មាធំដែរ ដែលនេះអាចធ្វើឱ្យកូនពិបាកកើត។ ប៉ុន្តែបញ្ហាពិបាកកើតនេះទាក់ទងនឹងទៅនឹងកត្តាផ្សេងៗជាច្រើនទៀតជាច្រើនដូចជាពូជ ទំហំបា ទំហំមេ (ឆ្អឹងត្រគាក) ទំហំកូន និងប្រភេទមេក្រមុំ ឬមេចាស់ជាដើម។ 

ស្មាមុខគួរតែមានលក្ខណៈសមសួន (ឆ្វេង) មិនរីកធំចេញខ្លាំងពេក (ស្តាំ) ដែលអាចធ្វើឱ្យកូនមានបញ្ហាពិបាកកើត

៣. ការពិនិត្យជើងមុខ

នៅពេលមើលចំពីមុខសត្វ ជើងគោគួរមានលក្ខណៈបញ្ឈរត្រង់ ដោយសារជើងមុខត្រូវទ្រទម្ងន់ស្ទើរតែពាក់កណ្តាលនៃទម្ងន់ដងខ្លួន។ គេអាចវាយតម្លៃជំហរជើងមុខបានដោយចាប់ចំនុចបញ្ឈរនៅត្រង់ពីចំនុចទ្រូងមុខម្ខាងៗ រួចទម្លាក់ចំណោលចុះមកប្រអប់ជើងដូចមានគំនូសបង្ហាញក្នុងរូប ហើយប្រសិនបើអ្នកពិនិត្យឃើញត្រង់ចំនុចជង្គង់ញែកចូល ឬចេញពីបន្ទាត់នោះ វាបង្ហាញថាសត្វអាចនឹងមានបញ្ហាក្នុងការដើរ។ ចំពោះគោដែលមានជើងមុខញែកចេញក្រៅទំនងជាមានបញ្ហាធ្ងន់ធ្ងរជាង ដោយសារវាមិនសូវមានជំហរឈររឹងមាំ និងអាចដើរអូសជើង ហើយវាក៏ច្រើនមានស្មាមុខរីធំពេកផងដែរ។

រូបភាពជើងមុខនៅពេលមើលចំពីខាងមុខសត្វ (ពីឆ្វេងទៅស្តាំ)៖ ជើងមុខត្រង់ធម្មតា, ជើងមុខកោងចូលគ្នាត្រង់ជង្គង់, ជើងមុខកន្ធែកចេញពីគ្នា

បន្ថែមពីនេះ អ្នកក៏ត្រូវពិនិត្យលើប្រអប់ជើងផងដែរ ព្រោះប្រអប់ជើងអាចមានផលប៉ះពាល់ទៅដល់ទម្រង់ជើងមុខ និងស្មារបស់សត្វ។ គោដែលមានប្រអប់ជើងដុះមិនពេញស្មើល្អ ឬដុះច្រើនជ្រុលអាចកាត់បន្ថយការដើរ និងធ្វើឱ្យប៉ះពាល់ដល់ដំណើររបស់សត្វ និងពេលខ្លះអាចធ្វើឱ្យមានបញ្ហារលាកក្រចកជើង។ ប្រអប់ជើងដែលមានទម្រង់ល្អត្រូវមានមុំបញ្ឈរសមល្មម មិនផ្តេកពេក ឬបញ្ឈរពេក។

រូបភាពមុំបញ្ឈរនៃប្រអប់ជើងតាមលំដាប់ពីឆ្វេងទៅស្តាំ៖ ប្រអប់ជើងដែលល្អ, ប្រអប់ជើងផ្តេកពេក, ប្រអប់ជើងបញ្ឈរពេក

៤. ការពិនិត្យក្រចកជើង

នៅពេលអ្នកចាប់ផ្តើមពិនិត្យប្រអប់ជើង និងក្រចកជើង ប្រអប់ជើងម្ខាងៗគួរតែមានច្រវែបជើង ឬក្រចកទាំងពីរស្មើគ្នា និងមានទំហំធម្មតា មិនវែង ឬខ្លីពេក។ ចំណែកក្នុងករណីដែលក្រចកជើងទាំងពីរមានម្ខាងធំម្ខាងតូចមិនស្មើគ្នា ក្រចកជើងកោងចូលគ្នា ឬក្រចកមានប្រហោង អ្នកមិនគួរជ្រើសរើសវាទុកឡើយ។ គួរចៀសវាងគោដែលមានក្រចកជើងដុះវែងមិនស្មើ ឬកោង ឬក្រចកជើងមានប្រហោងកណ្តាលធំដូចកន្ត្រៃ។

រូបភាពប្រអប់ជើងខុសៗគ្នាពីឆ្វេងទៅស្តាំ៖ ក្រចកធម្មតាដែលអ្នកត្រូវជ្រើសរើស, ក្រចកដុះវែងកោង, ក្រចកមានប្រហោងដូចជាកន្ត្រៃ

៥. ការពិនិត្យជើងក្រោយ

ការពិនិត្យវិនិច្ឆ័យទម្រង់ជើងក្រោយរបស់គោគឺប្រហាក់ប្រហែលទៅនឹងជើងមុខដែរ។ ចំនុចដែលត្រូវពិនិត្យសំខាន់នោះគឺមុំរបស់គន្លាក់ជើង ថាតើមានលក្ខណៈសមល្មម បញ្ឈរត្រង់ពេក ឬកោងពេក។ សត្វដែលមានជើងត្រង់ពេកច្រើនមានដំណើរដើរខ្លីៗ នឹងអាចប្រឈមនឹងបញ្ហាសន្លាក់ដោយសារទម្ងន់សង្កត់ជ្រុល និងអាចមានរបួសពីការដួលដោយសារងាយបាត់ជំហរនៅពេលឡើងពាក់មេ ហើយក៏អាចប៉ះពាល់ដល់ចំណង់ភេទរបស់សត្វផងដែរសម្រាប់សត្វដែលមានទម្រង់ជើងបែបនេះ។

រូបភាពទម្រង់ជើងក្រោយគោផ្សេងៗគ្នាមើលពីចំហៀងនិងពីក្រោយ (ពីឆ្វេងទៅស្តាំ)៖ ទម្រង់ត្រឹមត្រូវ, បញ្ឈរត្រង់ពេកនិងមានគន្លាក់កន្ធែកចេញក្រៅ, ជើងមានគន្លាក់កោងដូចកណ្តៀវ និងមានគន្លាក់កន្ធែកចូលគ្នា
រូបភាពពិតនៃទម្រង់ជើងក្រោយរបស់គោបា ៤ ប្រភេទ។ (១) ទម្រង់ជើងខាងក្រោយដ៏ប្រសើរបំផុត មាំល្អ និងមានមុំគន្លាក់ជើងបញ្ឈរត្រឹមត្រូវ, (២) ជើងក្រោយដែលស្ទើរតែបញ្ឈរត្រង់ និងមានកោងត្រង់គន្លាក់បន្តិច, (៣) ជើងបញ្ឈរត្រង់, (៤) ជើងគោដែលមានគន្លាក់រាងកោងដូចកណ្តៀវ។
រូបភាពពិតនៃទម្រង់ជើងក្រោយរបស់គោបា ៤ ប្រភេទ។ (១) ទម្រង់ជើងខាងក្រោយដ៏ប្រសើរបំផុត មាំល្អ និងមានមុំគន្លាក់ជើងបញ្ឈរត្រឹមត្រូវ, (២) ជើងក្រោយដែលស្ទើរតែបញ្ឈរត្រង់ និងមានកោងត្រង់គន្លាក់បន្តិច, (៣) ជើងបញ្ឈរត្រង់, (៤) ជើងគោដែលមានគន្លាក់រាងកោងដូចកណ្តៀវ។

ការបង្កើតឱ្យមានកម្មវិធីជ្រើសរើសបាល្អបំផុតឱ្យបានពេញលេញត្រឹមត្រូវតាមបច្ចេកទេសនឹងជួយធ្វើឱ្យកសិដ្ឋានអ្នកអាចផលិតកូនគោជំនាន់ក្រោយល្អៗ និងធ្វើឱ្យការកែលម្អពូជទទួលបានជោគជ័យ។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!