OB LIVESTOCK

ស្មៅហ្គីនណេម៉មបាសា (Mombasa guinea)

លក្ខណៈទូទៅនិងសារៈសំខាន់

ស្មៅហ្គីនណេម៉មបាសា (Mombasa guinea) មានឈ្មោះវិទ្យសាស្ត្រថា Panicum maximum cv. Mombasa គឺជាប្រភេទស្មៅអំបូរស្មៅហ្គីនណេដែលមានប្រភពមកពីអាមេរិកខាងត្បូង វាមានលក្ខណៈស្រដៀងគ្នានឹងប្រភេទស្មៅហ្គីនណេដទៃទៀតដែរ ប៉ុន្តែមានលក្ខណៈខុសគ្នាត្រង់មានដើមច្រើន បែកគុម្ពលឿន ស្លឹកធំ ទន់ល្អ គោចូលចិត្តស៊ី ហើយអ្វីដែលសំខាន់នោះគឺមានទម្ងន់ស្មៅស្រស់និងស្ងួតច្រើនជាងប្រភេទស្មៅហ្គីនណេផ្សេងទៀត។ ពូជស្មៅនេះមានគុណភាពប្រូតេអ៊ីនជាមធ្យម ១០-១២% អាចដាំដុះនៅតំបន់ខ្ពង់រាប ធន់នឹងគ្រោះរាំងស្ងួត។ សមស្របសម្រាប់ការកាត់ឬព្រលែងឲ្យគោ ក្របីនិងសត្វពាហនៈផ្សេងៗស៊ី។ គេអាចដាំដោយការសាបព្រោះ ១២ គីឡូក្រាម / ហិចតា​ តែបើធ្វើថ្នាលបណ្ដុះយកកូនរួចទើបដកយកទៅដាំចំណេញគ្រាប់ជាងព្រោះគ្រាប់ពូជនេះមានតម្លៃថ្លៃ កសិករអាចដាំបានចាប់ពីខែឧសភាតទៅដែលជាការចាប់ផ្តើមរដូវវស្សា។

បច្ចេកទេសក្នុងការដាំនិងការថែទាំស្មៅ

ការត្រៀមដីសម្រាប់ដាំ

គួរជ្រើសរើសទីតាំងដីសម្រាប់ដាំនៅតំបន់ខ្ពង់រាប ដីល្បាប់លាយខ្សាច់មានសំណើមល្មម មិនមានស្មៅចង្រៃ មិនគួរដាំនៅលើដីដែលជាប្រភេទដីខ្សាច់សុទ្ធនោះទេ។ មិនត្រូវដាំនៅកន្លែងដែលមានម្លប់ច្រើនពេកទេព្រោះស្មៅក៏ត្រូវការពន្លឺព្រះអាទិត្យសម្រាប់ធ្វើរស្មីសំយោគផងដែរ ហើយអ្វីដែលសំខាន់បំផុតនោះគឺមិនត្រូវដាំលើដីដែលមានទឹកជំនន់ ឬដីជាំទឹកនោះទេ។ គួររៀបចំដីនិងកម្ចាត់ស្មៅឱ្យបានល្អដោយភ្ជួរដី ២-៣ ដងក្នុងរដូវប្រាំង ហើយភ្ជួរដីម្តងទៀតមុនពេលដាំដើម្បីបំផ្លាញស្មៅថ្មីៗដែលដុះឡើង ថែមទាំងរាស់ដីឲ្យហ្មត់។

ការដាំដុះ

ភ្ជួរដីហាលដីនិងរៀបចំដីប្រហែល ៥-៧ ថ្ងៃអាចដាក់ជីលាមកសត្វឬជីកំប៉ុសដើម្បីបង្កើនជីជាតិដី។ បន្ទាប់មកភ្ជួររាស់ដីឲ្យម៉ត់ នៅពេលដែលដីមានសំណើមគ្រប់គ្រាន់ត្រូវព្រោះគ្រាប់ពូជក្នុងអត្រា ១២ គីឡូក្រាម / ហិចតាដោយការសាបព្រោះគ្រាប់ពូជរាបស្មើពាសពេញដី។ ចំពោះការដាំដោយវិធីសាបលើថ្នាលហើយទើបយកសំណាបពូជទៅដាំគឺចំណេញគ្រាប់ជាង។ ប្រើរនាស់រាស់ដីឲ្យស្អាតរួចព្រោះគ្រាប់ពូជហើយស្រោចទឹកឲ្យបានត្រឹមត្រូវ គ្រាប់ពូជនឹងចាប់ផ្ដើមដុះក្នុង     រយៈពេល ៧-១៤ ថ្ងៃ នៅពេលដែលសំណាបមានកំពស់ប្រហែល ២០-៣០ សង់ទីម៉ែត្រឬអាយុប្រហែល ៣០ ថ្ងៃទើបដកវាទៅដាំនៅលើរងដែលយើងបានរៀបចំ។ បើដាំបែបនេះគ្រាប់ពូជ១គីឡូក្រាម អាចដាំបានលើដីប្រមាណកន្លះហិច-តា។

ពេលវេលាសមស្របសម្រាប់ដាំ

ការត្រៀមរៀបចំដីគួរតែចាប់ផ្តើមតាំងពីខែមីនាដល់ខែមេសាហើយការសាបព្រួសគ្រាប់ពូជពីដើមខែ ឧសភា – កក្កដាព្រោះថានៅរដូវវស្សាដីមានសំណើមខ្ពស់សមស្របសម្រាប់ដំណុះគ្រាប់ពូជ។

ការគ្រប់គ្រងនិងការមើលថែទាំ

ការដាក់ជី៖ មុនពេលដាំប្រើជី រូបមន្ត១៥-១៥-១៥ គួរតែត្រូវបានអនុវត្តក្នុងអត្រា ២០០-៣០០ គីឡូក្រាម / ហិចតាជាជីទ្រាប់បាត។ បន្ទាប់ពីសាបព្រោះគ្រាប់ពូជពីរសប្តាហ៍ឬបន្ទាប់ពីសំណាបបានឈរហើយ បន្ថែមរូបមន្តជីគីមី ៤៦-០-០ ក្នុងអត្រា ៦០-៨០ គីឡូក្រាម / ហិចតាហើយគួរតែបន្ថែមជីបន្ទាប់ពីកាត់រាល់ដង អាចជាជីគីមី ជីលាមកសត្វឬជីសរីរាង្គដើម្បីបង្កើនជីជាតិដីផងដែរ។

ស្រោចទឹក៖ នៅរដូវប្រាំង គួរស្រោចទឹកឱ្យបានទៀងទាត់ដើម្បីធ្វើឱ្យស្មៅលូតលាស់ល្អ។ ហើយគួរតែកាត់ស្មៅរៀងរាល់ ៤៥-៦០ ថ្ងៃព្រោះក្នុងកំឡុងពេលនេះស្មៅនឹងដុះយឺតបើខ្វះទឹក។ នៅរដូវវស្សាដីមានសំណើមគ្រប់គ្រាន់ដូច្នេះមិនចាំបាច់ស្រោចទឹកស្មៅទេ។

ជំងឺនិងសត្វល្អិត៖ ចំពោះស្មៅប្រភេទនេះនៅប្រទេសកម្ពុជានៅតែមានបញ្ហាជំងឺខ្លះៗនិងបញ្ហាសត្វល្អិត។

ការកាត់ស្មៅ៖ បន្ទាប់ពីដាំស្មៅហ្គីណេម៉មបាសាគួរកាត់លើកដំបូងនៅពេលដែលស្មៅមានអាយុប្រហែល ៦០ ថ្ងៃបន្ទាប់មកនៅរដូវវស្សា អាចកាត់រៀងរាល់ ៣០-៤៥ ថ្ងៃហើយនៅរដូវប្រាំងគួរតែត្រូវកាត់រៀងរាល់ ៤៥-៦០ ថ្ងៃព្រោះស្មៅនឹងដុះយឺតពេលមានទឹកមិនគ្រប់គ្រាន់។

ការកម្ចាត់ស្មៅចង្រៃនិងការថែរក្សាដី៖ ស្មៅចង្រៃគួរតែត្រូវបានបំបាត់ចេញពេលរៀបចំដីដោយភ្ជួររាស់និងហាលដីយ៉ាងហោចណាស់ ៧ ថ្ងៃដើម្បីឱ្យស្មៅងាប់មុន។ បន្ទាប់មកភ្ជួរលុបដីដើម្បីកម្ចាត់ស្មៅចង្រៃឲ្យអស់បន្ទាប់ពីដាំស្មៅក្នុងកំឡុងពេល ៣-៤ សប្តាហ៍ប្រសិនបើមានស្មៅចង្រៃត្រូវតែកម្ចាត់ភ្លាម។ នៅពេលស្មៅដុះស៊ុបទ្រប់ហើយ ស្មៅចង្រៃផ្សេងទៀតកាន់តែពិបាកដុះលូតលាស់ដូច្នេះយើងមិនចាំបាច់ដកស្មៅម្តងទៀតទេ។

ការយកស្មៅទៅប្រើប្រាស់ឲ្យកើតជាប្រយោជន៍

ស្មៅហ្គីនណេម៉មបាសាអាចឲ្យសត្វស៊ីស្ទើរតែគ្រប់ប្រភេទសត្វទាំងអស់ដែលស៊ីស្មៅជាចំណី មានដូចជា គោ ក្របី សេះឬពពែជាដើម អាចឲ្យស៊ី ជាលក្ខណៈស្មៅស្រស់ឬស្មៅស្ងួតបាន។

ការថែទាំក្រោយពេលកាត់និងក្រោយពេលព្រលែងគោឲ្យស៊ី

បន្ទាប់ពីកាត់ឬព្រលែងសត្វឱ្យស៊ីស្មៅ កសិករចាំបាច់ត្រូវដាក់ជី រាល់ពេលដើម្បីរក្សាបាននៅទិន្នផលខ្ពស់។ ជីដែលបានណែនាំគឺរូបមន្តជី ១៥-១៥-១៥ ឬជីអ៊ុយរ៉េ (៤៦-០-០) ក្នុងអត្រា ១៥០-២០០គីឡូក្រាម/ហិចតា ដែលអាចប្រើបន្ថែម។ សម្រាប់លាមកសត្វ ឬជីសរីរាង្គផ្សេងទៀតក៏អាចត្រូវបានបន្ថែមតាមតម្រូវការផងដែរ។ នៅរដូវប្រាំងគួរតែត្រូវបានស្រោចទឹកឱ្យបានទៀងទាត់ដើម្បីបន្ថែមសំណើមដល់ដីនិងស្មៅ។

ការរក្សាទុកគ្រាប់ពូជ

នៅពេលដែលទិញគ្រាប់ពូជមកកសិករគួរតែដាំនៅឆ្នាំនោះឲ្យអស់ ប៉ុន្តែប្រសិនបើចង់រក្សាទុកគ្រាប់ពូជនៅសីតុណ្ហភាពបន្ទប់ គួរតែទុកនៅកន្លែងស្ងួតនិង នៅខ្ពស់ ទីខ្ពស់ពីលើដី នៅម្លប់មានខ្យល់ចេញចូលបានល្អ។ ទោះយ៉ាងណាក៏ដោយគ្រាប់ពូជមិនគួររក្សាទុកក្នុងរយៈពេលលើសពី ២ ឆ្នាំនោះទេព្រោះថាអត្រាដំណុះគ្រាប់នឹងថយចុះយ៉ាងឆាប់រហ័សបើទុកយូរជាងនេះគ្រាប់អាចនឹងមិនដុះទាល់តែសោះក៏មានដែរ។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!