OB LIVESTOCK

របៀបធ្វើផ្អកដំណាំពោតសម្រាប់ចំណីគោឱ្យមានគុណភាពខ្ពស់ ជាលក្ខណៈគ្រួសារ

ក្នុងការចិញ្ចឹមគោ ក្រៅពីស្មៅ លេហ្គីម និងធញ្ញជាតិ ពោតគឺជាដំណាំបៃតងមួយប្រភេទដែលផ្ដល់ទាំងដើម និងផ្លែអាចធ្វើជាចំណីសត្វបានយ៉ាងល្អប្រសើរសម្រាប់ការលូតលាស់របស់សត្វទំពាអៀង។ ក្នុងកសិដ្ឋានធំៗ ពិសេសកសិដ្ឋានគោទឹកដោះ គេនិយមជ្រើសដាំដំណាំពោតនេះជាចំណីសត្វណាស់ ដោយសារវាផ្ដល់ទិន្នផល និងគុណភាពខ្ពស់ និងងាយផ្អាប់ទុកជាចំណីបានពេញមួយឆ្នាំ។ តាមពិតទៅ ពោតគឺជាប្រភេទដំណាំមានប្រូតេអុីន ៨-៩% និងជាប្រភេទចំណីផ្ដល់ប្រភពថាមពលខ្ពស់ដ៏មានសារៈសំខាន់នៅក្នុងការចិញ្ចឹមសត្វ។ ដំណាំនេះភាគច្រើនត្រូវបានគេផ្ដល់ឱ្យសត្វស៊ីក្នុងទម្រង់ផ្អាប់ ដោយគេត្រូវប្រមូលផលវាទាំងដើម ទាំងផ្លែយកមកកែច្នៃផ្អាប់ទុកជាចំណីគោនៅពេលត្រូវការ។

តើផ្អកដំណាំពោតគឺជាអ្វី?

ផ្អកដំណាំពោត ឬនិយាយភាសាងាយ ផ្អកពោត គឺជាការប្រមូលផលដំណាំពោតមកកាត់ជាកំណាត់ល្អិតៗ ហើយរក្សាទុកកន្លែងគ្មានខ្យល់ក្នុងធុង ឬថង់ប្លាស្ទិកបិទជិត។ ការកែច្នៃដោយរក្សាទុកដើមពោតចិញ្ច្រាំក្នុងកន្លែងគ្មានខ្យល់បែបនេះគឺដើម្បីឱ្យបាក់តេរីអាចបំបែកសមាសធាតុគីមីក្នុងចំណីបាន (ធ្វើល្បើង ឬកាច់) និងក្លាយជាចំណីផ្អាប់ដ៏មានគុណភាព។ ការធ្វើផ្អកផ្ដល់នូវអត្ថប្រយោជន៍ដូចជា៖

  • បង្កើនរស់ជាតិ និងសារធាតុចិញ្ចឹមជួយឱ្យគោ-ក្របីលូតលាស់បានលឿន
  • អាចរក្សាទុកបានយូរខែឆ្នាំ និងសម្រាប់ជាចំណីស្តុកទុកនៅកំឡុងពេលខ្សត់ចំណីក្នុងរដូវប្រាំង
  • អាចកំណត់ពេលប្រមូលផលបាននៅដំណាក់កាលដែលដំណាំពោតមានគុណភាពល្អបំផុតសម្រាប់ធ្វើផ្អក និងអាចកាត់បន្ថយការការធ្លាក់ចុះគុណភាពដោយសារការទុកដំណាំចាស់ពេក។

របៀបធ្វើ

របៀបធ្វើផ្អកដំណាំពោតជាលក្ខណៈគ្រួសារគឺប្រហាក់ប្រហែល ឬស្ទើរតែដូចទៅនឹងការធ្វើផ្អកស្មៅដែរ ដោយគេអាចធ្វើបានយ៉ាងងាយស្រួលតាមរបៀបសាមញ្ញដូចតទៅ៖

  1. កាត់ដំណាំពោតស្រស់ រួចដាក់ហាលឱ្យស្រពាប់ ឬមិនចាំបាច់ហាលឡើយបើកាត់មកក្នុងពេលវាមានសំណើមត្រឹមត្រូវ ៦០-៧០%
  2. ហាន់ ឬកាប់ចិញ្ច្រាំឱ្យល្អិតតូចៗ ប្រវែង ៤-៦ cm ដោយដៃ ឬប្រើម៉ាស៊ីនចិញ្ច្រាំ។ គួរប្រើម៉ាស៊ីនចិញ្ច្រាំដើម្បីចំណេញកម្លាំងពលកម្ម និងពេលវេលា
  3. បើមាន អ្នកអាចដាក់ថែមសារធាតុបន្ថែមដូចជា អតិសុខុមប្រាណមានប្រយោជន៍, អ៊ុយរ៉េ, អង់ស៊ីម, ឬអាស៊ីតសរីរាង្គបានដើម្បីបង្កើនគុណភាព
  4. ច្រកកំណាត់ដើមពោតចិញ្ច្រាំរួចនោះចូលក្នុងថង់ប្លាស្ទិក ឬធុងមានថង់ប្លាស្ទិកខាងក្នុងបន្តិចម្តងៗដោយជាន់បង្ហាប់ឱ្យណែន
  5. បណ្ដេញខ្យល់ចេញឱ្យអស់ រួចចងមាត់ថង់ប្លាស្ទិកឱ្យជិតមិនឱ្យមានខ្យល់ចូលបាន
  6. រក្សាទុកនៅកន្លែងម្លប់ មិនត្រូវភ្លៀង ឬកម្ដៅថ្ងៃ យ៉ាងតិចចំនួន ៣អាទិត្យ ទើបអាចយកទៅឱ្យគោ-ក្របីស៊ី។
ច្រកផ្អកដំណាំពោតក្នុងថង់ប្លាស្ទិក បណ្ដេញខ្យល់ចេញឱ្យអស់ និងចងមាត់ថង់ឱ្យបានជិតល្អ មិនឱ្យខ្យល់ចូលបាន

គន្លឹះដើម្បីទទួលបានផ្អកដំណាំពោតដែលមានគុណភាពខ្ពស់

  • ត្រូវកាត់នៅពេលដើមពោតមានបរិមាណសំណើមត្រឹមត្រូវសម្រាប់ធ្វើផ្អក។ ពេលវេលាល្អបំផុតក្នុងការប្រមូលផលដើមពោតទុកធ្វើផ្អកគឺនៅពេលដែលវាមានបរិមាណសំណើម ឬជាតិទឹកចន្លោះ ៦០-៧០% (ប្រហែល ៤ខែបន្ទាប់ពីដាំ ឬប្រហែល ៣៥-៤៥ថ្ងៃក្រោយពីចេញស្នៀត)។ បើមានលទ្ធភាព គួរធ្វើ និងគណនារកបរិមាណសំណើមដំណាំនោះជាក់ស្ដែងដោយវិធីដុតក្នុងឡដុត ដោយថ្លឹងយកសំណាក ទម្ងន់ ១០០ g រួចដុត និងថ្លឹងច្រើនដងរហូតដល់សំណាកលែងស្រកទម្ងន់។ ប្រើរូបមន្ត៖ សំណើម = ១០០ – ទម្ងន់សំណាកនៅសល់ចុងក្រោយ។
  • កាត់ចិញ្ច្រាំដើមពោតឱ្យមានប្រវែងត្រឹមត្រូវ ព្រមទាំងបំបែកគ្រាប់ពោតជាបំណែកល្អិតៗដើម្បីឱ្យបាក់តេរីអាចធ្វើល្បើងបានងាយ និងបង្កើនគុណភាព។
  • បើមាន អាចបន្ថែមសារធាតុបន្ថែមដូចជា អតិសុខុមប្រាណ, អ៊ុយរ៉េ, អង់ស៊ីម, ឬអាស៊ីតសរីរាង្គ ដើម្បីបង្កើនគុណភាពបន្ថែម
  • ត្រូវច្រកចំណីក្នុងថង់ ឬធុង ជាស្រទាប់ៗ ដោយសង្កត់ឱ្យណែនធ្វើយ៉ាងណាកុំឱ្យមានខ្យល់ចូល។
  • ត្រូវបិទ និងគ្របធុងឱ្យបានជិតល្អ និងរក្សាចំណីផ្អាប់រួចនៅកន្លែងម្លប់ មិនត្រូវកម្ដៅថ្ងៃ។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!