បញ្ហាគោជាប់សុក ឬសុកមិនធ្លាក់ក្រោយកើតកូន
និយមន័យ៖ មេគោដែលនៅជាប់សុក ឬសុកមិនធ្លាក់ចេញមកក្រៅក្នុងរយៈពេល ២៤ម៉ោងក្រោយកើតកូនរួច ត្រូវបានចាត់ទុកថាមានបញ្ហាជាប់សុក។ មូលហេតុ៖ ជារឿយៗ ការជាប់សុកនេះកើតឡើងលើមេគោដែលបានជួបបញ្ហាពិបាកកើតកូន, រលូតកូន, កូនភ្លោះ, កូនកើនមុនខែ, ការបង្ខំឱ្យកើតមុនកំណត់ (កើតដោយវះ), ជំងឺគ្រុនទឹកដោះ (ជំងឺមេតាបូលីស), និងគោមានអាយុចាស់ជាដើម។ រោគសញ្ញា៖ រោគសញ្ញាដែលងាយសម្គាល់ច្បាស់ជាងគេគឺឃើញមានសុកធ្លាក់មកក្រៅនៅព្យួរជាប់នឹងយោនីសត្វ, មានសភាពរលួយ, មានក្លិនស្អុយ និងប្រែពណ៌។ ម្ដងម្កាល ករណីខ្លះ សុកនោះអាចនឹងនៅជាប់នៅខាងក្នុងស្បូនតែម្តងដែលមិនអាចឱ្យគេមើលឃើញដឹងច្បាស់ពីខាងក្រៅបាន ប៉ុន្តែករណីនេះ គេអាចដឹងបានតាមរយៈក្លិនស្អុយចេញពីខាងក្នុង។ មេគោដែលមានបញ្ហាជាប់សុកអាចប្រឈមនឹងការកើតជំងឺរលាកស្បូន, រលាកកន្សោមដោះ, គ្រុនក្ដៅ, មិនសូវស៊ីចំណី, ស្រកទម្ងន់, សត្វក្ររកឈ្មោលទៀត, ឬរលូតកូននៅពេលសត្វផើមលើកក្រោយៗ។ ក្នុងករណីដែលមានការឆ្លងមេរោគធ្ងន់ធ្ងរនឹងអាចបណ្ដាលឱ្យសត្វស្លាប់បាន។ ការព្យាបាល៖ ការព្យាបាលដោយការទាញសុកចេញមិនត្រូវបានណែនាំឱ្យអនុវត្តទៀតឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សត្វដោយការដាច់ហូរឈាមក្នុងស្បូន។ គេអាចកាត់ច្រឹបផ្នែកសាច់សុកដែលធ្លាក់ចេញមកក្រៅបាន ព្រោះវាអាចបង្កឱ្យមានការឆ្លងមេរោគលើប្រដាប់បន្តពូជសត្វ។ សត្វដែលមិនបានព្យាបាលដោយទុកចោលនឹងបញ្ចេញសុកទាំងនោះមកក្រៅដោយខ្លួនឯងក្នុងរយៈពេល 2-11ថ្ងៃ។ ចំពោះការព្យាបាល គេអាចប្រើថ្នាំអង់ទីប៊ីយ៉ូទិកប្រភេទគ្រាប់ដូចជា Amphoprim® ញាត់ចូលទៅក្នុងស្បូនតែម្តងចំនួន២គ្រាប់ ដើម្បីការពារនិងសម្លាប់មេរោគនៅក្នុងស្បូន និងមិនឱ្យមានក្លិនស្អុយរលួយ។ ហើយគេអាចប្រើថ្នាំបាញ់ ឬម្សៅរោយលើសុកដើម្បីការពារបញ្ហារុយ និងដង្កូវ។ បន្ថែមលើនេះ គេត្រូវចាក់ថ្នាំអង់ទីប៊ីយ៉ូទិកដល់សត្វដូចជា Cyclosol L.A. (Oxytetracyclin) ឬ Gentamicin® និងអាចបូកជាមួយនឹងថ្នាំអ័រម៉ូន Lutalyse® ដើម្បីជំរុញសុកឱ្យធ្លាក់មកលឿន។ […]