OB LIVESTOCK

វិធីព្យាបាលបញ្ហាគោហើមពោះ និងវិធានការការពារ

បញ្ហាគោហើមពោះតែងកើតជារឿយៗនៅក្នុងរដូវវស្សាដែលមានស្មៅលាស់ខ្ចីច្រើន។ ការហើមពោះសំដៅដល់ការកើនឡើងខ្លាំងនៃបណ្តុំឧស្ម័នក្នុងក្រពះ ប៉ុន្តែសត្វមិនអាចភើបញ្ចេញឧស្ម័នទាំងនោះចោលបាន ដែលធ្វើឱ្យមានការកកស្ទះឧស្ម័នក្នុងក្រពះសត្វ។ បញ្ហាហើមពោះត្រូវបានគេបែងចែកចេញជា ២ប្រភេទ គឺការហើមពោះបណ្តាលមកពីការមានវត្ថុរាំងខ្ទប់បំពង់អាហារ ធ្វើឱ្យសត្វមិនអាចភើឧស្ម័នចេញបាន (ករណីកើតដោយកម្រ) និងហើមពោះបណ្ដាលមកពីការឡើងពពុះពីបំណែកចំណីក្នុងក្រពះ ដែលវារាំងខ្ទប់ការបញ្ចេញឧស្ម័នមិនឱ្យចេញមកខាងក្រៅបាន (ករណីកើតញឹកញាប់)។ មូលហេតុនៃបញ្ហាហើមពោះប្រភេទទី២នេះច្រើនកើតឡើងដោយសារសត្វស៊ីស្មៅខ្ចីចូលច្រើនពេក ពិសេសពពួកសណ្ដែកលេហ្គីម ឬការស៊ីចំណីបំប៉នចូលច្រើនលើសបរិមាណ។ 

រោគសញ្ញាគ្លីនិក

  • សត្វហើម ឬរីកពោះខ្លាំងផ្នែកខាងឆ្វេងគឺជាសញ្ញាដែលមើលឃើញច្បាស់បំផុត
  • ជាទូទៅសត្វបង្ហាញអាការៈឈឺចាប់, មិនស្រួលខ្លួន, ស្រែករោទ៍, ដើរទ្រេតទ្រោត
  • សត្វអាចបង្ហាញអាការៈមិនស្រួលខ្លួនតាមរយៈការតន្រ្តំជើង ឬធាក់ពោះ
  • នោម និងជុះលាមកញឹក
  • សត្វអាចស្លាប់ភ្លាមៗក្នុងរយៈពេល១៥នាទី បន្ទាប់ពីមានសញ្ញាហើមពោះខ្លាំង។

ការធ្វើរោគវិនិច្ឆ័យ

  • ពិនិត្យមើលរោគសញ្ញាគ្លីនិកដែលមានរៀបរាប់ខាងលើ។
  • មុនហើមពោះ សត្វបានដើរស៊ីនៅតាមវាលស្មៅលាស់ខ្ចី ឬមានសណ្ដែកលេហ្គីមច្រើន ឬអ្នកបានផ្ដល់ស្មៅខ្ចី ឬចំណីបំប៉នច្រើនហួសដល់សត្វ។

ការព្យាបាលសត្វ

  • វិធីទី១ ៖ ការព្យាបាលបែបបុរាណ គេអាចបញ្ច្រកប្រេងឆាប្រមាណ ២០០ mL ចំពោះកូនគោ និង ៣០០-៥០០ mL ចំពោះគោធំ។
រូបភាពទី១៖ ការព្យាបាលបញ្ហាគោហើមពោះបែបបុរាណ ដោយការបញ្ច្រកប្រេងឆាទៅក្នុងក្រពះ។
  • វិធីទី ២ ៖ ប្រសិនបើគោមិនបានធូរស្រាលទេ ត្រូវប្រើបំពង់ទុយោរទន់ស៊កចូលតាមមាត់ និងបំពង់អាហារទៅក្នុងក្រពះសត្វ ដើម្បីរំដោះខ្យល់ឱ្យចេញមកក្រៅ។ 
រូបភាពទី២៖ ការព្យាបាលតាមវិធីទី២ ដោយប្រើបំពង់ទុយោរទន់ស៊កចូលទៅក្នុងក្រពះដើម្បីរំដោះឧស្ម័នកកស្ទះ។
  • វិធីទី ៣ ៖ ប្រសិនអ្នកមិនអាចអនុវត្តវិធីទី ២ បានទេ ឬវិធីខាងលើមិនមានប្រសិទ្ធភាព ត្រូវប្រើឧបករណ៍ទ្រ័រការចាក់ទម្លោះពោះទៅក្នុងក្រពះពោះធំសត្វ ដើម្បីរំដោះឧស្ម័នចេញមកក្រៅ។ វិធីនេះគួរប្រើក្នុងករណីចាំបាច់ប៉ុណ្ណោះ ព្រោះវាមានហានីភ័យអាចឱ្យមេរោគឆ្លងទៅសត្វតាមមុខរបួសបាន និងគួរអនុវត្តជាជម្រើសចុងក្រោយប៉ុណ្ណោះ។
រូបភាពទី៣៖ ការព្យាបាលដោយប្រើឧបករណ៍ទ្រ័រការចាក់ទម្លោះពោះ ចូលក្នុងក្រពះពោះធំ ដើម្បីឱ្យខ្យល់ចេញ។
  • វិធីទី ៤ ៖ បច្ចុប្បន្ន គេក៏អាចព្យាបាលតាមបែបទំនើប និងងាយជាងវិធីខាងលើ ដោយការផ្ដល់ថ្នាំប្រឆាំងការឡើងពពុះនិងឧស្ម័នក្នុងក្រពះបាន ដូចជាថ្នាំ dimethicone ឬ polaxolene ដើម្បីបំបាត់ការហើមពោះ។

វិធានការការពារ

  • ចំពោះបញ្ហាហើមពោះ អ្នកត្រូវការពារសត្វប្រសើរជាងព្យាបាល តាមរយៈការចាត់ចែងសត្វ វាលស្មៅ និងការផ្ដល់ចំណីសត្វឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយហានីភ័យ។
  • ប្រសិនបើអាច គួរចៀសវាងផ្ដល់ស្មៅ ឬប្រើប្រាស់វាលស្មៅដែលមានប្រវត្តធ្វើឱ្យគោមានបញ្ហាហើមពោះ ជាពិសេសស្មៅនៅកំឡុងរដូវដែលមានស្មៅ និងលេហ្គីមលាស់ខ្ចីច្រើន។
  • ប្រសិនវាលស្មៅនោះបង្កបញ្ហាឱ្យគោហើមពោះញឹកញាប់ អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ គួរព្រលែងសត្វឱ្យចូលស៊ីស្មៅយឺតៗបន្តិចម្តងៗ ហើយក្នុងករណីខ្លះគេអាចកំណត់ពេលវេលាឱ្យសត្វចូលស៊ីរយៈពេលត្រឹម ១០នាទី ក្នុង១ថ្ងៃ បើមានស្មៅលាស់ខ្ចីច្រើន។
  • គួរចៀសវាងឱ្យគោចូលស៊ីវាលស្មៅដែលមានបង្ករបញ្ហាហើមពោះនៅពេលវាលស្មៅសើម។
  • គួរចៀសវាងព្រលែងគោដែលកំពុងឃ្លានខ្លាំង ឱ្យចូលស៊ីវាលស្មៅខ្ចីដែលមានលេហ្គីមច្រើន។
  • ត្រូវស្វែងរកមូលហេតុធ្វើឱ្យសត្វហើមពោះ។ ប្រសិនមូលហេតុបណ្ដាលមកពីវាលស្មៅ ត្រូវដកសត្វចេញពីវាលស្មៅនោះភ្លាម និងត្រូវផ្ដល់ប្រភេទចំណីមានជាតិសសៃខ្ពស់ដល់សត្វដូចជាស្មៅស្ងួត ឬចំបើង។ គួររក្សាទុកវាលស្មៅនេះមិនឱ្យសត្វចូលស៊ីយ៉ាងតិចបាន ១០ថ្ងៃ។
  • ប្រសិនបញ្ហាបណ្ដាលមកពីការផ្តល់ចំណីបំប៉នលើស ត្រូវបន្ថយបរិមាណចំណីផ្សំនោះមកវិញ និងត្រូវផ្តល់ស្មៅដែលមានជាតិសសៃខ្ពស់។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!