OB LIVESTOCK

ជំងឺបង្កដោយព្រូនហ្វាស្យូឡា រស់ក្នុងថ្លើម គោ-ក្របី និងវិធានការការពារ

ជំងឺប៉ារ៉ាសិតបង្កដោយព្រូនហ្វាស្យូឡា (ដង្កូវថ្លើម) តែងមានកើតនៅប្រទេសកម្ពុជាច្រើនគួរឱ្យកត់សម្គាល់។ ជំងឺនេះធ្វើឱ្យសត្វចិញ្ចឹមស៊ីអស់ចំណីតែមិនឡើងទម្ងន់ ចុះស្គម ឈឺ និងអាចស្លាប់ផងដែរ ធ្វើឱ្យអ្នកចិញ្ចឹមខាតបង់ទាំងពេលវេលាមើលថែ និងថវិកាព្យាបាល។ អត្ថបទនេះនឹងបង្ហាញអំពីចំនុចសំខាន់ៗនៃលក្ខណៈនិងវដ្តជីវិតរបស់វា រួមជាមួយរោគសញ្ញា វិធានបង្ការ និងវិធីព្យាបាល។

លក្ខណៈរូបរាង 

ជំងឺបង្កដោយព្រូនហ្វាស្យូឡា គោ-ក្របី និងច្រើនហៅថាដង្កូវថ្លើម បណ្តាលមកពីព្រូនសំប៉ែតរស់ក្នុងថ្លើមសត្វ មានទម្រង់ និងរូបរាងសំប៉ែតដូចស្លឹកឈើ ពណ៌ប្រផេះត្នោត ប្រវែង 3.5-6.5 cm មានផ្នែកក្បាល និងកន្ទុយទំហំស្របគ្នា។ ព្រូននេះធំពេញវ័យរស់នៅក្នុងបំពង់បង្ហូរទឹកប្រមាត់របស់ថ្លើម ចំណែកកូនព្រូនរស់នៅក្នុងថ្លើម និងបំផ្លាញជាលិកាថ្លើមធ្វើឱ្យសត្វមានជំងឺ។

រូបភាពទី១៖ ព្រូនហ្វាស្យូឡាពេញវ័យរស់នៅក្នុងថ្លើម គោ-ក្របី

វដ្តជីវិត

ព្រូនហ្វាស្យូឡាមានវដ្ដជីវិតដោយបន្តពូជ និងបញ្ចេញស៊ុតជាច្រើនធ្លាក់មកក្នុងពោះវៀនតូច រួចត្រូវបានបញ្ចេញមកក្រៅតាមរយៈលាមក។ នៅលក្ខខណ្ឌបរិយាកាស និងសីតុណ្ហភាពសមស្រប ពងព្រូនញាស់ និងជ្រៀតចូលក្នុងខ្យងលីមណេអា (Lymnea) ដែលជាភ្នាក់ងារកណ្ដាលរបស់វា។ វាលូតលាស់នៅក្នុងខ្យលនោះរយៈពេល 4-7 សប្តាហ៍ បន្ទាប់មកក៏ចេញពីខ្យងទៅតោងស្មៅ រុក្ខជាតិទឹក ឬដើមស្រូវ។ល។ និងបានក្លាយទម្រង់ជាគីស។ សត្វឆ្លងជំងឺព្រូនហ្វាស្យូឡានេះ នៅពេលលេបចូល ផឹកទឹក ស៊ីស្មៅ, ស៊ីរុក្ខជាតិទឹក, ដើមស្រូវ, គល់ជញ្ជ្រាំងស្រូវ, បំបើង ដែលមានគីសព្រូនទាំងនោះ។

រូបភាពទី២៖ ខ្យងលីមណេអា (Lymnea) ច្រើនរស់នៅក្នុងប្រភពទឹកមិនមានចរន្តហូរ និងជាភ្នាក់ងារកណ្តាលរបស់ព្រូនហ្វាស្យូឡា

ក្រោយពីឆ្លងចូលក្នុងពោះវៀនសត្វហើយ គីសទាំងនោះបានក្លាយជាកូនព្រូន រួចជ្រៀតចូលក្នុងថ្លើមតាមផ្លូវពីររបៀប៖

១. កូនព្រូនជ្រៀតចូលតាមជញ្ជាំងពោះវៀន បន្ទាប់មកចូលក្នុងប្រហោងពោះ រួចឆ្លងតាមកាប់សូលរបស់ថ្លើម។

២. ជ្រៀតចូលតាមរយៈឈាម ឆ្លងចូលសសៃវ៉ែនទៅពោះវៀន បន្ទាប់មកចេញពីពោះវៀនឆ្ពោះទៅបំពង់បង្ហូរទឹកប្រមាត់របស់ថ្លើម។ ព្រូនហ្វាស្យូឡាបន្តពូជ និងអាចរស់នៅក្នុងខ្លួនសត្វរហូតដល់ទៅ 3-5 ឆ្នាំ។

រូបភាពទី៣៖ វដ្ដជីវិតរបស់ព្រូនហ្វាស្យូឡា ដែលមានខ្យងលីមណេអាជាភ្នាក់ងារកណ្តាល និងអាចចំលងទៅមនុស្សបាន

រោគសញ្ញា

ជាទូទៅសត្វបង្ហាញរោគសញ្ញាមិនសូវច្បាស់លាស់ និងស្រដៀងទៅនឹងជំងឺផ្សេង ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរ សត្វអាចមានលេចចេញរោគសញ្ញាដូចខាងក្រោម៖

  • សត្វរាគ ពិសេសលាមកជាប់គូថមានពណ៌ក្រម៉ៅ ក្លិនអាក្រក់
  • រោមស្ងួត បាស់ ស្រអាប់
  • ស្គម ចុះទម្ងន់ និងស៊ីចំណីយ៉ាងណាក៏មិនឡើងទម្ងន់
  • ហើមត្របកភ្នែក ភ្នាសត្របកភ្នែកស្លេក លឿង
  • ហើមម្ដុំថ្គាម និងទ្រូង
  • សត្វដកដង្ហើមញាប់ ដួលងើបមិនរួច និងអាចស្លាប់
  • នៅពេលវះកាត់ គេឃើញមានវត្តមានរបស់ព្រូនក្នុងថ្លើម និងស្លាកស្នាមខូចខាចថ្លើមសត្វ។

វិធានការការពារ និងការលុបបំបាត់ជំងឺបង្កដោយព្រូនហ្វាស្យូឡា

គេអាចការពារសត្វ និងលុបបំបាត់ជំងឺនេះបានតាមរយៈវិធីសាស្ត្រទាំង ៣ ខាងក្រោម៖

  1. ការប្រមូលនិងរក្សាទុកដាក់លាមកសត្វបានត្រឹមត្រូវ ក្នុងរណ្តៅ ឬឡជីវឧស្ម័ន។ ដោយសារព្រូនមានវដ្តជីវិតរស់នៅបានដោយមានខ្យងជាភ្នាក់ងារកណ្តាល និងអាចចម្លងពីសត្វមួយទៅសត្វមួយតាមរយៈលាមក ដូចនេះ ការទុកដាក់លាមកសត្វបានត្រឹមត្រូវនឹងអាចជួយកាត់បន្ថយ ឬលុបបំបាត់ជំងឺបារ៉ាសិតខាងក្នុងមួយនេះបាន។ គេក៏អាចចិញ្ចឹមទាក្នុងវាលស្រែដើម្បីឱ្យស៊ី និងកម្ចាត់ខ្យងនេះផងដែរ។
  2. ការចាត់ចែងឃ្វាលសត្វនៅកន្លែងមានហានិភ័យទាប និងការផ្ដល់ទឹក និងចំណីបានស្អាត។ ចៀសវាងការឃ្វាលសត្វឱ្យស៊ីចំណី និងផឹកទឹកនៅតាមស្រះជីក, ត្រពាំង, ប្រលាយទឹក, និងស៊ីស្មៅនៅក្នុងនិងជុំវិញស្រះជីក និងកន្លែងមានប្រភពទឹកដក់នានា កំឡុងពេលដែលមានការរីករាលដាលជំងឺ។ គួរប្រើប្រាស់ប្រភពទឹកទន្លេ ឬអណ្តូង និងចៀសវាងយកទឹក និងច្រូតស្មៅឱ្យសត្វពីតំបន់ដែលមានខ្យងលីមណេអា ឬកន្លែងដែលមានហានីភ័យឆ្លងជំងឺ។ ការដាំស្មៅសម្រាប់ទុកឱ្យគោស៊ីគឺជាដំណោះស្រាយដ៏ល្អប្រសើរមួយ។
  3. ព្យាបាល និងការពារសត្វពីប៉ារ៉ាសិតដង្កូវថ្លើម ដោយការប្រើប្រាស់ថ្នាំទម្លាក់ប្រភេទចាក់, បញ្ច្រក, ឬបន្តក់លាបខ្នង។ ថ្នាំដែលអាចប្រើប្រាស់បានមានច្រើនប្រភេទ ដូចជា៖ Ivomec-F, Triclabendasole/Fasinex, Genesis Ultra Pour On, Albendasole/Farmbazan, Dovenix-25%/Nitroxinile ។ល។

រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ

error: រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក! ហាមថតចម្លង!