ការវាយតម្លៃពិន្ទុដងខ្លួនគោ Body Condition Scores (BCS) ជាការវាយតម្លៃសភាពធំធាត់របស់សត្វដោយពិនិត្យលើលក្ខណៈខាងក្រៅរបស់សត្វ រួមមាន ឆ្អឹងជំនី ឆ្អឹងត្រគាក ឆ្អឹងគល់កន្ទុយ និងឆ្អឹងខ្នង។ គេអាចបែងចែកសភាពធំធាត់របស់សត្វជា ៣ធំៗ គឺ ស្គម មធ្យម និងធាត់ ដោយនិយមប្រើប្រព័ន្ធពិន្ទុដងខ្លួនតាមលំដាប់ 1-5 (1 = ស្គមខ្លាំង, 3 = មធ្យម, 5 = ធាត់ខ្លាំង)។ ការដឹងពីរបៀបឱ្យពិន្ទុដងខ្លួនគោមានសារៈសំខាន់សម្រាប់អ្នកចិញ្ចឹម ព្រោះសភាពធាត់ស្គមនេះមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងជាមួយសុខភាព ផលិតភាព និងការបន្តពូជរបស់សត្វ។ ម្យ៉ាងទៀត អ្នកចិញ្ចឹមអាចប្រើពិន្ទុនេះដើម្បីប៉ាន់ប្រមាណបរិមាណសាច់ និងខ្លាញ់របស់សត្វ ធ្វើឱ្យងាយស្រួលក្នុងការបន្ថែម ឬបន្ថយចំណីដល់សត្វ, និងចាត់ចែងសត្វដើម្បីបានពិន្ទុខ្លួនល្មមមិនធាត់ ឬស្គមពេកនៅពេលត្រូវបង្កាត់ពូជ និងកើតកូន។
ខាងក្រោមនេះជាប្រព័ន្ធដាក់ពិន្ទុដងខ្លួនស្តង់ដារ 1-5 សម្រាប់គោសាច់៖
លំដាប់ពិន្ទុដងខ្លួន | បរិយាយ |
1 | ស្គមខ្លាំង លេចចេញនូវឆ្អឹងជំនី ឆ្អឹងត្រគាក ឆ្អឹងគល់កន្ទុយ |
2 | ស្គម ឆ្អឹងជំនីមើលឃើញ ប៉ុន្តែមិនសូវចេញខ្លាំង |
3 | មធ្យម មានអារម្មណ៍ឃើញខ្លាញ់នៅផ្នែកទាំងសងខាងនៃគល់កន្ទុយ |
4 | ធាត់ ឆ្អឹងជំនីពិបាកមើលឃើញ ដុំពកៗរបស់ខ្លាញ់ឃើញនៅជុំវិញគល់កន្ទុយ |
5 | ធាត់ខ្លាំង ឆ្អឹងជំនី ឆ្អឹងត្រគាក ឆ្អឹងគល់កន្ទុយ មើលមិនឃើញព្រោះបាំងដោយស្រទាប់ខ្លាញ់ |
ពិន្ទុដងខ្លួន 1 – ស្គមខ្លាំង
សត្វមានបរិមាណសាច់ដុំតិចណាស់ និងមិនឃើញមានខ្លាញ់ឡើយ, អាចមើលឃើញឆ្អឹងជំនី និងគ្រោងឆ្អឹងបានច្បាស់។

ពិន្ទុដងខ្លួន 2 – ស្គម
មើលឃើញឆ្អឹងខ្នង ឆ្អឹងស្មា និងឆ្អឹងត្រគាក, គល់កន្ទុយស្រកបន្តិចបន្តួច, ឃើញឆ្អឹងជំនីតែមិនសូវចេញច្បាស់។

ពិន្ទុដងខ្លួន 3 – មធ្យម
មើលឃើញឆ្អឹងត្រគាកមិនសូវច្បាស់ និងជាទូទៅមើលមិនឃើញឆ្អឹងជំនី, គល់កន្ទុយមានសាច់មិនស្រកមិនពក, រូបរាងខាងក្រៅទាំងមូលមើលទៅល្មមរលូន។

ពិន្ទុដងខ្លួន 4 – ធាត់
ឆ្អឹងជំនីមានសាច់គ្របជិតមើលមិនឃើញ និងមិនអាចមើលឃើញឆ្អឹងត្រគាក, គល់កន្ទុយមានដុំពកបន្តិច, រាងកាយទាំងមូលរបស់សត្វមើលទៅរាងមូល។

ពិន្ទុដងខ្លួន 5 – ធាត់ខ្លាំង
មានខ្លាញ់នៅត្រគាក, គល់កន្ទុយមានដុំពកខ្លាញ់ទំហំធំ, ឆ្អឹងជំនីគ្របដណ្តប់ជិតមើលមិនឃើញ, រូបរាងកាយទាំងមូលរបស់សត្វមើលទៅធាត់ឡើងមូលដោយសារខ្លាញ់។

Photos Credit: Jo Miller
សត្វស្គមពេក ឬធាត់ពេកនឹងធ្វើឱ្យពិបាកបង្កាត់ជាប់ជាងសត្វដែលមានពិន្ទុដងខ្លួនមធ្យម 3-3.5។ លើសពីនេះ សត្វធាត់ដែលមានពិន្ទុដងខ្លួន 4.5-5 ក៏ងាយប្រឈមនឹងបញ្ហាពិបាកកើតកូនផងដែរ ប៉ុន្តែបើស្គមក្រោមពិន្ទុ 2.5 នឹងធ្វើឱ្យសត្វមិនសម្បូរទឹកដោះដំបូង, ស្គមស្គាំងអាចដួលនៅពេលបំបៅកូន, និងក្ររកឈ្មោលក្រោយកើតកូនរួច។ ត្រូវព្យាយាមរក្សាពិន្ទុដងខ្លួន 4 មុនពេលសត្វជិតកើតនិងក្រោយកើតកូន ដើម្បីឱ្យមេឆាប់រកឈ្មោលទៀតក្នុងរង្វង់ ៦០ថ្ងៃក្រោយកើតកូនរួច។ សម្រាប់ការចិញ្ចឹមប្រចាំថ្ងៃ ត្រូវរក្សាពិន្ទុ 3-3.5។
រក្សាសិទ្ធិ © អូប៊ី ឡាយស្តុក អ្នកឯកទេសបសុសត្វ